ភ្នំពេញ៖ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានទទួលព័ត៌មានពីករណីឃាតកម្ម-អត្តឃាតដ៏រន្ធត់មួយ ដែលបានកើតឡើងនៅចំណុចបន្ទប់លេខ១១១៧ អគារខុនដូ UK៥២៤ ផ្លូវលេខ៥២៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់។
ជនសង្ស័យជាសង្សារឈ្មោះ មាន មករា ភេទប្រុស អាយុ២៤ឆ្នាំបានធ្វើសកម្មភាពច្របាច់កនិងខ្ទប់ច្រមុះមាត់សម្លាប់សង្សាររបស់ខ្លួនឈ្មោះ អេង ណាវី ភេទស្រី អាយុ២១ឆ្នាំ នៅក្នុងបន្ទប់ជាន់ទី១១ មុនពេលដែលខ្លួនបានលោតចុះពីលើអគារខុនដូជាន់ទី១១ មកផ្ទាល់ដីបណ្ដាលឲ្យស្លាប់នៅនឹងកន្លែង។ ជនរងគ្រោះទាំងពីរនាក់មានទីលំនៅជាមួយគ្នានៅក្នុងបន្ទប់កើតហេតុខាងលើ។
យោងតាមការបំភ្លឺពីបងស្រីជីដូនមួយរបស់ជនរងគ្រោះឈ្មោះ អេង ណាវី បានឲ្យដឹងថា ជនរងគ្រោះ និងជនសង្ស័យបានស្រឡាញ់រស់នៅជាមួយគ្នារយៈពេលប្រហែល៥ឆ្នាំមកហើយ ហើយកន្លងមកជនសង្ស័យឈ្មោះ មាន មករា តែងតែមានអាកប្បកិរិយាប្រច័ណ្ឌជាមួយជនរងគ្រោះជាញឹកញាប់។ មុនពេលកើតហេតុ ជនសង្ស័យបានផ្ញើសារទៅមិត្តភក្តិរបស់ខ្លួន ដោយសារភាពថាបានសម្លាប់សង្សាររបស់ខ្លួនរួចហើយ និងបានប្រាប់លេខកូដទ្វារបន្ទប់ដើម្បីឲ្យសាច់ញាតិមកមើលសាកសព។
ក្រោយការពិនិត្យសាកសព និងប្រមូលព័ត៌មានពីសមត្ថកិច្ចជំនាញ រួមទាំងការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ជាង រ៉េន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះឈ្មោះ អេង ណាវី ស្លាប់ដោយសារស្ទះដង្ហើម។ បច្ចុប្បន្ន សាកសពជនរងគ្រោះទាំងពីរនាក់ត្រូវបានប្រគល់ជូនក្រុមគ្រួសាររៀងៗខ្លួន ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ករណីនេះបានបង្ហាញពីផលវិបាកធ្ងន់ធ្ងរនៃជម្លោះក្នុងទំនាក់ទំនងស្នេហា ដែលអាចឈានដល់អំពើហិង្សា និងការបាត់បង់ជីវិត៕
ដោយ៖ សុរិយា










