ខ្ចីម៉ូតូប្រាប់ថាមួយភ្លែត បាត់ជិត១ខែ ម្ចាស់ខំដើររកគ្រប់ទីកន្លែង ស្រាប់តែឃើញនៅក្នុងព្រៃសំងំជក់ថ្នាំញៀន

ចែករំលែក៖

ខេត្តកណ្ដាល÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានឲ្យដឹងថាករណីរំលោភទំនុកចិត្តមួយបានកើតឡើងកាលពីដើមខែសីហា រហូតមកដល់ដើម ខែកញ្ញាទើបសមត្ថកិច្ចបំបែកសំណុំរឿងតាមរយៈការផ្ដល់ព័ត៌មានរបស់ជនរងគ្រោះ។

ប្រភពបានឱ្យដឹងថា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ម៉ោង០៧និង៣០នាទី នៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជនរងគ្រោះឈ្មោះ រឹម កហ្វី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ៖ កម្មករ ។ ជនសង្ស័យឈ្មោះ សំ មាស ហៅ អាមាន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ៖ មិនពិតប្រាកដ (ឃាត់ខ្លួន)។ ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម(+)។

សម្ភារបាត់បង់ម៉ូតូ០១គ្រឿង ម៉ាកហុងដាសង់ ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ឡើងសេរីឆ្នាំ២០២០ ផ្លាកលេខ ភ្នំពេញ ១L-៨២៩២ (របស់ជនរងគ្រោះ)។

កាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៦ និង៣០នាទី ជនរងគ្រោះបានសម្រាកនៅផ្ទះរបស់ខ្លួននៅសង្កាត់ព្រែកហូរ។ បន្ទាប់មកជនសង្ស័យដែលស្គាល់ជាអ្នកជិតខាងរាប់អានគ្នា បានសុំខ្ចីម៉ូតូថា យកទៅធ្វើការនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ហើយជនរងគ្រោះក៏យល់ព្រមឱ្យខ្ចី ហើយជនសង្ស័យក៏ជិះទៅ ដោយមិនឃើញយកមកវិញ។

ពេលនោះជនរងគ្រោះក៏បានស្វែងរកមិនឃើញ ក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកហូរឱ្យជួយស្វែងរក។ រហូតដល់ថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២៦ ជនរងគ្រោះបានប្រទះឃើញជនសង្ស័យកំពុងតែជក់គ្រឿងញៀននៅក្នុងព្រៃស្ថិត នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ភ្លាមនោះជនរងគ្រោះបានទូរសព្ទរាយការណ៍មកប៉ុស្តិ៍កំពង់សំណាញ់ ក៏ដឹកនាំកម្លាំងចុះមកយកជនសង្ស័យបានហើយមកសាកសួរនាំនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅបន្តនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារថាខ្លួនពិតជាបានខ្ចីម៉ូតូជនរងគ្រោះជិះយកទៅធ្វើការ ហើយក៏យកទៅលក់ប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print