ខេត្តស្ទឹងត្រែង ៖ មន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលជលផល សហការជាមួយកម្លាំងគណៈបញ្ជា ការឯកភាពស្រុក
សេសាន សហគមន៍នេសាទស្រែគរ និងឆ្មាំទន្លេ បានបើកយុទ្ធនាការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់យ៉ាងសកម្មនៅលើផ្ទៃអាងវារីអគ្គិសនីសេសានក្រោម២ ដោយប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់បំផុត ។
តាមរបាយការណ៍មន្ត្រីជំនាញ កាលពីថ្ងៃទី១ ខែ កញ្ញា ឆ្នាំ២០២៦ ក្រុមការងារចម្រុះបានដាក់ចេញនូវវិធានការរដ្ឋបាល និងច្បាប់ជាក់ស្តែង ដោយប្រជាពលរដ្ឋចំនួន ៤៥នាក់ ត្រូវបានហាមឃាត់ និងណែនាំពីការពាក់ព័ន្ធនឹងការស្នាក់នៅព្រមទាំងការសាងសង់តូបខុសច្បាប់តាមបណ្តាកោះ ។
អ្នកនេសាទចំនួន១៣នាក់ ត្រូវបានឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់មងបណ្តែត រួមនឹងការដកហូតមងសរុប១៥ត្បូងប្រវែង១.៨៥០ម៉ែត្រ ខណៈលូស្បៃមុងចំនួន៨កន្លែង ប្រវែង ៥៤០ម៉ែត្រ ត្រូវបានដកហូត និងកម្ទេចចោល ។ ដកហូតទូក និងម៉ាស៊ីនចំនួន១គ្រឿង ព្រមទាំងសម្ភារៈឆក់ត្រីនៅចំណុចក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ។ រីឯនៅចំណុចកោះសីហា កម្លាំងជំនាញបានរឹបអូស ឧបករណ៍ឆក់ និងកាំភ្លើងកែច្នៃ២ដើម បន្ទាប់ពីជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ។ ជាមួយគ្នានេះ ក្រុមអភិរក្សជីវចម្រុះបានជួយសង្គ្រោះលែងត្រីធម្មជាតិរស់ចំនួនប្រមាណ១០០គីឡូក្រាម ឱ្យត្រឡប់ចូលទៅក្នុងជម្រកធម្មជាតិវិញភ្លាមៗ ។
សកម្មភាពចុះរៀបចំសណ្តាប់ធ្នាប់ និងបង្ក្រាបបទល្មើសនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុក ដាក់ខ្ពស់របស់អាជ្ញាធរខេត្ត ក្នុងការការពារតុល្យភាពអេកូឡូស៊ីទប់ស្កាត់ការបំផ្លិចបំផ្លាញធនធានជលផល និងធានាបាននូវនិរន្តរភាពសម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋជំនាន់ក្រោយ ៕
ដោយ៖ សុរិយា










