អ្នកកាសែតបារាំង៖ សកម្មភាព​របស់​យោធាថៃ អាចជាឧក្រិដ្ឋកម្មសង្គ្រាម

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកកាសែត​បារាំង​លេចធ្លោ​ម្នាក់ មើល​ឃើញ​ថា ទង្វើ​របស់​យោធាថៃ​មក​លើ​ភាគី​កម្ពុជា អាច​មាន​កម្រិត​ស្មើ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម ខណៈដែល​លោក​បាន​បង្ហាញ​ក្ដី​រន្ធត់​ចំពោះរឿងរ៉ាវ​ទាហាន​ម្នាក់ដែល​ត្រូវ​បាន​ទាហានបាញ់ស៊ីបថៃ បាញ់ប្រហារ​នៅ​ក្រោយ​ពេល​បទឈប់​បាញ់​ចូល​ជា​ធរមាន។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ បានថ្លែង​នៅយប់ថ្ងៃ​ទី​០២​ ខែកញ្ញា​ ឆ្នាំ​២០២៦។

លោក Jean-Luc Moreau Deleris គឺ​ជា​អ្នក​កាសែត​និង​អ្នក​ថតរូប​របស់​ទស្សនាវដ្ដីបារាំង Le Figaro ដែលបានចំណាយ​ពេល​ជាច្រើន​ដើម្បី​ផ្ដិត​យក​រូបថត និង​ធ្វើ​សេចក្ដីរាយការណ៍​អំពី​ជម្លោះព្រំដែន កម្ពុជា​ថៃ ហើយ​សេចក្ដីរាយការណ៍​របស់​លោក​ត្រូវបាន​ចុះផ្សាយ​នៅ​លើ Le Figaro កាលពី​ចុង​ខែ​សីហា។

បច្ចុប្បន្ន​នេះ រូបថត​ជាច្រើន​សន្លឹក​របស់​លោក​កំពុង​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​មួយ​នៅប្រទេស​បារាំង រហូត​ដល់​ថ្ងៃទី១៣ ខែកញ្ញា។

នៅ​ក្នុង​វីដេអូ​មួយ លោក​បាន​រៀបរាប់​អំពី​រូបថត​ដ៏​រន្ធត់ ដែល​លោក​បាន​ឃើញ។

លោក​បានថ្លែង​ថា៖ «ខ្ញុំបានថតរូបយុវជនម្នាក់នេះ… គាត់គឺជាកងទ័ពវ័យក្មេងកម្ពុជាម្នាក់ឈ្មោះ ស្រា ទី (Sra Ti) នៅឯតំបន់ព្រំដែនភាគពាយព្យនៃប្រទេសកម្ពុជា ក្បែរប្រទេសថៃ។ រូបថតនេះដក់ជាប់ក្នុងចិត្តខ្ញុំយ៉ាងខ្លាំង ព្រោះក្រោយពីបានធ្វើដំណើរតាមបណ្តោយខ្សែត្រៀមជួរមុខនៃជម្លោះរវាងថៃ និងកម្ពុជាអស់រយៈពេលជាច្រើនខែ ខ្ញុំបានដឹងថា មានការរំលោភបំពានមួយចំនួនដែលប្រព្រឹត្តដោយកងទ័ពថៃ ដែលសកម្មភាពទាំងនោះអាចជាឧក្រិដ្ឋកម្មសង្គ្រាម»។

លោក Jean-Luc Moreau Deleris បន្ត​ថា៖ «បន្ទាប់មក ខ្ញុំបានជួបនឹងករណីរបស់ ស្រា ទី។ ករណីរបស់គេគឺពិសេសណាស់។ គេមានអាយុ ២៤ ឆ្នាំ ជាកងទ័ពវ័យក្មេងកម្ពុជា។ បទឈប់បាញ់លើកទី២ រវាងថៃ និងកម្ពុជា បានចូលជាធរមាននៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ១២ ថ្ងៃត្រង់។ លុះដល់ព្រឹកថ្ងៃទី ២៩ ខែធ្នូ គេបានទូរស័ព្ទទៅម្តាយរបស់គេតាមទូរស័ព្ទដៃ ដើម្បីប្រាប់ថា ដោយសារសង្គ្រាមបានបញ្ចប់ គេនឹងទទួលបានការអនុញ្ញាតឱ្យសម្រាកដើម្បីត្រឡប់ទៅផ្ទះវិញ»។

លោក​បន្ត​ថា៖ «តែប៉ុន្មាននាទីក្រោយពីបានទូរស័ព្ទទៅម្តាយ គេក៏ត្រូវរងគ្រាប់កាំភ្លើងចំក្បាលពេញទំហឹង។ ក្រោយពីបានសម្រាកព្យាបាលនៅមន្ទីរពេទ្យយ៉ាងយូរ គេត្រូវបានបញ្ជូនត្រឡប់មកឱ្យគ្រួសារមើលថែវិញ។ ស្រា ទី បានបាត់បង់ផ្នែកខ្លះនៃខួរក្បាលរបស់គេ។ បច្ចុប្បន្ន គេស្ទើរតែលែងដឹងខ្លួន ហើយកំពុងរងទុក្ខវេទនាជាប្រចាំ។ គេបានក្លាយជាបន្ទុកសម្រាប់គ្រួសារ ដែលមានជីវភាពក្រីក្របំផុត»។

លោក Jean-Luc Moreau Deleris បន្ត​ថា៖ «ក្រោយពីបានសិក្សាលើសំណុំរឿងរបស់គេ វាច្បាស់ណាស់ថា គេគឺជាជនរងគ្រោះនៃអ្វីដែលគេហៅថា «ឧក្រិដ្ឋកម្មសង្គ្រាម»។ គេត្រូវបានអ្នកលបបាញ់ ឬ Sniper របស់ថៃ បាញ់ប្រហារក្នុងរយៈពេល ២ ថ្ងៃ បន្ទាប់ពីបទឈប់បាញ់ចូល​ជា​ធរមាន»៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print