ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាក ALPHARD មួយគ្រឿងមិនប្រយ័ត្នបានជ្រុលចង្កូតទៅបុកខឿនស្ពានបណ្តាលឲ្យដាច់កង់មួយចំហៀងខាងឆ្វេងទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅចំណុចស្ពានហង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CG-3366 បើកបរដោយបុរសម្នាក់ចេញពីក្នុងតំបន់កោះពេជ្រ រួចបើកកាត់តាមស្ពានហង្សក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលបើកមកដល់ពាក់កណ្តាលស្ពានក៏ជ្រុលទៅបុកខឿនបណ្តាលឲ្យខូចខាតតិចតួច ចំណែករថយន្តបង្កដាច់កង់ម្ខាងទៅមុខលែងរួច ហើយសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។
ក្រោយកើតហេតុខាងលើ ភាគីម្ចាស់រថយន្តបានសងជាសំណងថ្លៃជួសជុលខឿនបញ្ចប់រឿងនៅកន្លែងកើតហេតុ និងយករថយន្តទៅជួសជុលខ្លួនឯង ៕
ដោយ ៖ ភារ៉ា ដង្កោ










