អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ ក្រសួងយុត្តិធម៌លើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិតវ៉ាតាមផ្លូវច្បាប់ ឬដាក់លិខិតស្នើសុំអន្តរាគមន៍មកកាន់ក្រសួង

ចែករំលែក៖

ភ្នំពេញ ៖ លោក ឯម ច័ន្ទមករា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅល្ងាចថ្ងៃទី៣ ខែកញ្ញា បានថ្លែងថា ៖ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ យើងខ្ញុំបានទទួលជ្រាប និងកំពុងយកចិត្តទុកដាក់តាមដានយ៉ាងដិតដល់ចំពោះករណីដែលកើតឡើងនៅសាលាដំបូងខេត្តស្ទឹងត្រែង ពាក់ព័ន្ធការផ្សព្វផ្សាយអំពី «តុលាការចាប់ខ្លួនឈ្មោះ ស្លេះ វ៉ើត ដាក់គុករយៈពេលជិត ១ (មួយ) ឆ្នាំ ដោយសារចាប់ច្រឡំ»។ យើងខ្ញុំបានឃើញសេចក្តីប្រកាសព័ត៌មានបំភ្លឺរបស់អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៦ និងបានឃើញនូវពាក្យបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋដែលបានដាក់ចូលមកកាន់ក្រសួងយុត្តិធម៌។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបន្តថា ៖ ករណីនេះ ក្រសួងកំពុងធ្វើចំណាត់ការផ្ទៃក្នុងតាមនីតិវិធី និងសមត្ថកិច្ច ដើម្បីធានាភាពយុត្តិធម៌ពិតប្រាកដ។ គ្រប់ករណីទាំងអស់ចាំបាច់ត្រូវឆ្លងកាត់ការអង្កេតស្រាវជ្រាវយ៉ាងល្អិតល្អន់ ដោយយន្តការមានសមត្ថកិច្ច ក្នុងការពិនិត្យមើលភាពត្រឹមត្រូវ ឬភាពមិនប្រក្រតីនៃការអនុវត្តនីតិវិធីរបស់ចៅក្រម និងព្រះរាជអាជ្ញា។ រាល់ពាក្យបណ្តឹង ឬពាក្យសុំអន្តរាគមន៍ទាំងនោះ តែងទទួលបាននូវការពិនិត្យ និងចាត់ការទៅតាមនីតិវិធីរដ្ឋបាលប្រកបដោយការយកចិត្តទុកដាក់ ហើយក្រសួងយុត្តិធម៌ តែងធ្វើការឆ្លើយតប និងដោះស្រាយក្នុងក្របខណ្ឌសមត្ថកិច្ចតាមច្បាប់របស់ក្រសួង បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ និងសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ពីសំណាក់មន្ត្រីជំនាញ។

លោកថា ៖ ក្រសួងយុត្តិធម៌លើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិតវ៉ាតាមផ្លូវច្បាប់ ឬដាក់លិខិតស្នើសុំអន្តរាគមន៍មកកាន់ក្រសួង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print