ភ្នំពេញ៖ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលាខណ្ឌទួលគោក ដែលដឹកនាំ ដោយលោក ឯក ឃុនឌឿន អភិបាល នៃគណៈអភិបាលខណ្ឌ បានធ្វើពិធីវាយកម្ទេចទូហ្គេម ដែលគណៈបញ្ជាការចុះប្រតិបត្តិការតាំងពីដើមខែសីហាឆ្នាំ២០១៦ រហូតមកនេះ និងសំណោះសំណាជាមួយមន្រ្តីសាលាខណ្ឌទួលគោកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
លោកអភិបាលខណ្ឌ បានមានប្រសាសន៍ថា ដេីម្បីលុបបំបាត់ល្បែងសីុសងក្នុងមូលដ្ឋានស្របតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ឱ្យបានល្អផងដែរនោះ សាលាខណ្ឌទួលគោកបានវាយកម្ទេចទូហ្គេមប្រភេទល្បែងសីុសងចំនួន៥៨ទូ ក្នុងនោះមានហ្គេមប្រភេទបាញ់ត្រីចំនួន១២ទូ ទូហ្គេមបៀចំនួន៤៦ ជាទូហ្គេមប្រភេទតុកត្តាដែលគ្មានច្បាប់អនុញ្ញាតត្រូវបានវាយកម្ទេច ។
លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក បានមានប្រសាសន៍បន្តថា ទូហេ្គមទាំង៥៨ទូនេះ ត្រូវបានរឹបអូសពីកន្លែងធើ្វអាជីវកម្មខុសច្បាប់ជាច្រើនកន្លែងនៅក្នុងខណ្ឌទួលគោក ខណៈដែលពួកគេលួចបើកលេងទាំងយប់ទាំងថ្ងៃ ដោយពុំមានសុំការអនុញ្ញាតពីអាជ្ញាធរដែនដីនោះឡើយ ។
គួររំលឹកផងដែរថា ទូហេ្គមទាំងនេះគឺជាប្រភេទហេ្គមល្បែងសីុសងដែលធើ្វបង្វក់សិស្សានុសិស្ស និងយុវវ័យមួយចំនួនលះបង់ការសិក្សាចូលទៅលេងហេ្គម ទាំងនោះហើយដែលបំផ្លាញលុយ និងទ្រព្យសម្បត្ដិរបស់អាណាព្យាបាល ។
លើសពីនេះទៀតវាបានធើ្វឱ្យមានផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សន្ដិសុខសង្គមតាមរយៈលេងហេ្គមចាញ់អស់លុយ ធើ្វឱ្យសិស្សានុសិស្ស ឬយុវវ័យទាំងនោះអាចប្រព្រឹត្ដ អំពើដូចជា លួច ឆក់ ប្លន់ ដែលបង្កអសន្ដិសុខសង្គមជាដើម៕
ដោយ៖ ស រស្មី