ការផ្ទុះភ្នំភ្លើង បង្ខំអោយអាកាសយានដ្ឋានសំខាន់ជាងគេរបស់ឥណ្ឌូណេស៊ី ផ្អាកប្រតិបត្តិការបណ្តោះអាសន្ន

ចែករំលែក៖

សារព័ត៌មាន AFP ឥណ្ឌូណេស៊ីបានសម្រេចផ្អាកប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់ខ្លួន ដែលស្ថិតនៅជាយរដ្ឋធានីហ្សាការតា នាថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយសារផេះភ្នំភ្លើងដែលបញ្ចេញពីភ្នំភ្លើងឈ្មោះ Anak Krakatoa ស្ថិតនៅចម្ងាយជាង១៥០គីឡូម៉ែត្រ។

ភ្នំភ្លើងឈ្មោះ Anak Krakatoa បានផ្ទុះកាលពីថ្ងៃសៅរ៍ ដោយបានបញ្ចេញកម្អែភ្នំភ្លើង និងបង្កជាសំឡេងផ្ទុះយ៉ាងខ្លាំង អាចលឺនៅចម្ងាយរហូតដល់៧០០គីឡូម៉ែត្រ។ ទីភ្នាក់ងារតាមដានភ្នំភ្លើងរបស់ឥណ្ឌូណេស៉ី បានព្រមានថា ការផ្ទុះថ្មីចំនួន២លើកទៀត ត្រូវបានកត់ត្រា នាថ្ងៃអាទិត្យនេះ។ កម្ទេចផេះភ្នំភ្លើងពីភ្នំ Anak Krakatoa ត្រូវបានប្រទះឃើញក្នុងដែនអាកាសជុំវិញ អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta ដែលជាហេតុធ្វើឱ្យអាជ្ញាធរសម្រេចចិត្តផ្អាកប្រតិបត្តិការ ចាប់តាំងពីម៉ោង ១៖៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ។
ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៉ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លទ្ធផលធ្វើតេស្តចុងក្រោយ បានបង្ហាញលទ្ធផលវិជ្ជមាន ដែលបញ្ជាក់ពីការរីកសាយនៃផេះភ្នំភ្លើង នៅក្នុងតំបន់អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta។ ដូច្នេះហើយ ការបិទអាកាសយានដ្ឋាន ត្រូវបានបន្តយ៉ាងហោចរហូតដល់ម៉ោង ៩៖៣០នាទីព្រឹកថ្ងៃអាទិត្យ។ ក្រសួងបានឱ្យដឹងថា ការផ្អាកប្រតិបត្តិការនេះ ប៉ះពាល់អ្នកដំណើរជាង ២២ ០០០នាក់ រួមជាមួយជើងហោះហើរចំនួន២០៩ជើង ជាពិសេសជើងហោះហើរទៅកាន់ និងមកពីប្រទេសសិង្ហបុរី។ ផ្លូវហោះហើរអន្តរជាតិផ្សេងទៀត ដែលរងផលប៉ះពាល់ រួមមាន ដូហា ស៊ីដនី និងគូឡាឡាំពួ។
Anak Krakatoa ដែលមានន័យថា កូនរបស់ Krakatoa ស្ថិតនៅក្នុងច្រកសមុទ្រដែលខណ្ឌចែកកោះជ្វា និងកោះស៊ូម៉ាត្រា។ ភ្នំភ្លើងនេះបានផ្ទុះជាបន្តបន្ទាប់ ចាប់តាំងពីវាលេចចេញពីសមុទ្រ នៅដើមសតវត្សទី២០ នៅក្នុងរណ្តៅមាត់ភ្នំភ្លើង ដែលកកើតឡើងបន្ទាប់ពីការផ្ទុះរបស់ភ្នំភ្លើងឈ្មោះថា Krakatoa កាលពីឆ្នាំ ១៨៨៣។ គ្រោះមហន្តរាយនាពេលនោះ គឺជាគ្រោះមហន្តរាយភ្នំភ្លើងដ៏ប្រល័យ និងបំផ្លិចបំផ្លាញបំផុតមួយក្នុងប្រវត្តិសាស្ត្រ ដែលត្រូវគេប៉ាន់ប្រមាណថា មានមនុស្សប្រហែលរហូតដល់ ៣៥ ០០០នាក់បានស្លាប់។
ឥណ្ឌូណេស៊ី គឺជាប្រទេសប្រជុំកោះនៅអាស៊ីអាគ្នេយ៍ ដែលស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក គេហៅថា Pacific Ring of Fire ជាតំបន់ដែលស្រទាប់ផ្លាកទិកតូនិកផែនដីជួបប្រសព្វគ្នា ហើយបណ្តាលឱ្យមានសកម្មភាពភ្នំភ្លើង និងរញ្ជួយដីញឹកញាប់៕

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print