ភ្នំពេញ៖ នៅយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ មានហេតុការណ៍ទំនាស់ពាក្យសំដីមួយបានឈានដល់ការប្រតាយប្រតប់គ្នាទៅវិញទៅមក រវាងបុរសជនជាតិប៉ាគីស្ថានចំនួន ២នាក់ និងបុរសជនជាតិខ្មែរចំនួន ២នាក់ ដែលត្រូវបានរាយការណ៍ថា ស្លៀកពាក់ ឬបង្ហាញខ្លួនជាស្ត្រី ខណៈកំពុងស្ថិតនៅលើសួនច្បារមាត់ទន្លេ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ភ្លាមៗ និងបានអញ្ជើញភាគីទាំងសងខាងទៅកាន់ ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ ដើម្បីសួរនាំ និងស្វែងរកមូលហេតុនៃទំនាស់ដែលឈានដល់ការប្រតាយប្រតប់គ្នា។
បន្ទាប់ពីសមត្ថកិច្ចបានសួរនាំ និងពិនិត្យករណីរួច ភាគីទាំងសងខាងបានស្នើសុំឱ្យសមត្ថកិច្ចជួយសម្របសម្រួល ដោយភាគីទាំងពីរបានយល់ព្រមបញ្ចប់រឿង មិនប្តឹងផ្តល់គ្នាឡើយ ព្រមទាំងបានយោគយល់ អធ្យាស្រ័យ និងសុំទោសគ្នាទៅវិញទៅមក។
ជាមួយគ្នានេះ សមត្ថកិច្ចបានធ្វើកំណត់ហេតុណែនាំ អប់រំ និងឱ្យភាគីពាក់ព័ន្ធធ្វើកិច្ចសន្យាយល់ព្រមលើកំណត់ហេតុមិនប្តឹងផ្តល់គ្នា ដើម្បីបញ្ចប់បញ្ហាដោយសន្តិវិធី។
ក្រោយការសម្របសម្រួលរួចរាល់ សមត្ថកិច្ចបានអនុញ្ញាតឱ្យភាគីទាំងសងខាងត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ដោយករណីនេះត្រូវបានបញ្ចប់ដោយ មិនមានការប្តឹងផ្តល់គ្នា៕
ដោយ៖ សុរិយា










