FIFA បញ្ជាក់ថា លោក Infantino នឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនៅខែមីនា ឆ្នាំ 2027

ចែករំលែក៖

ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA លោក Gianni Infantino នៅតែប្តេជ្ញាឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធាន FIFA ឡើងវិញ ទោះបីជាមានការប្រឆាំងកាន់តែខ្លាំងឡើងចំពោះបេក្ខភាពរបស់លោក បន្ទាប់ពីផែនការមិនជោគជ័យក្នុងការលក់ភាគហ៊ុនមួយផ្នែកនៃការប្រកួតរបស់ FIFA ទៅឱ្យវិនិយោគិនឯកជនក៏ដោយ។ នេះបើតាមអ្នកនាំពាក្យរបស់ FIFA កាលពីថ្ងៃអាទិត្យ។

 

លោក Infantino ដែលបានប្រកាសកាលពីមុនថា លោកនឹងឈរឈ្មោះសម្រាប់ អាណត្តិទី៤ នៅខែមីនា ឆ្នាំក្រោយ បានប្រឈមនឹងការអំពាវនាវឱ្យលោកលាលែងពីតំណែងពីសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA, សហព័ន្ធបាល់ទាត់អាស៊ី AFC និងសហព័ន្ធបាល់ទាត់អាមេរិកខាងជើង កណ្តាល និងការ៉ាប៊ីន CONCACAF។

 

ការអំពាវនាវនេះកើតឡើងបន្ទាប់ពីផែនការរបស់លោកក្នុងការលក់ភាគហ៊ុន 20% នៃការប្រកួត World Cup និងព្រឹត្តិការណ៍ផ្សេងៗរបស់ FIFA ត្រូវបានលុបចោលកាលពីខែកក្កដា បន្ទាប់ពីទទួលរងការរិះគន់ និងការប្រឆាំងយ៉ាងទូលំទូលាយ។

 

ទោះជាយ៉ាងណា លោក Infantino វ័យ 56 ឆ្នាំ នៅតែទទួលបានការគាំទ្រពីសហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិក និងអាមេរិកខាងត្បូង។

 

អ្នកនាំពាក្យ FIFA បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ “ប្រធាន FIFA បានប្រកាសកាលពីខែមេសាថា លោកនឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនៅឆ្នាំ 2027។ ជាការពិត គ្មានអ្វីបានផ្លាស់ប្តូរឡើយ។ លោក Infantino នឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញ”។

 

សេចក្តីថ្លែងការណ៍នេះត្រូវបានចេញផ្សាយ បន្ទាប់ពីលោក Infantino មិនបានផ្តល់ចម្លើយច្បាស់លាស់ នៅពេលត្រូវបានសួរថា តើលោកមានការសោកស្តាយចំពោះភាពចលាចលក្នុងរយៈពេល ៦ សប្តាហ៍ចុងក្រោយ ឬយ៉ាងណា ខណៈលោកកំពុងចូលរួមទស្សនា U-20 World Cup នៅប្រទេសប៉ូឡូញ កាលពីថ្ងៃសៅរ៍។

 

លោក Infantino បាននិយាយថា៖ “មានរឿងជាច្រើនដែលត្រូវនិយាយ ប៉ុន្តែវានឹងមានទីកន្លែង និងពេលវេលាដ៏សមស្របសម្រាប់និយាយអំពីរឿងទាំងនេះ”។

...

 

រហូតមកដល់ពេលនេះ មិនទាន់មានបេក្ខជនណាម្នាក់ប្រកាសជាផ្លូវការ ថានឹងឈរឈ្មោះប្រកួតប្រជែងជាមួយលោក Infantino ក្នុងការបោះឆ្នោតប្រធាន FIFA នៅឆ្នាំក្រោយនៅឡើយទេ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print