Yamalដាក់គោលដៅធំសំខាន់បំផុតជាងគេគឺឈ្នះ Champions League ក្រោយបានតួរនាទីមួយក្នុងក្រុម

ចែករំលែក៖

ខ្សែប្រយុទ្ធរបស់ Barcelona គឺ Lamine Yamal បាននិយាយកាលពីថ្ងៃអង្គារថា ការឈ្នះ UEFA Champions League គឺជាកម្លាំងចិត្តដ៏សំខាន់បំផុតរបស់គេនៅរដូវកាលនេះ ហើយគេមានមោទនភាពដែលត្រូវបានជ្រើសរើសឱ្យស្ថិតក្នុងក្រុម ប្រធានក្រុមរបស់ Barcelona ទាំងក្នុងវ័យក្មេងបែបនេះ។

កាលពីថ្ងៃសៅរ៍ គ្រូបង្វឹក Hansi Flick បានបញ្ជាក់ថា Yamal អាយុ 19 ឆ្នាំ គឺជាអនុប្រធានក្រុមម្នាក់ក្នុងចំណោម 3 នាក់ ដែលត្រូវបានមិត្តរួមក្រុមបោះឆ្នោតជ្រើសរើស រួមមាន Eric Garcia និង Frenkie de Jong។ ចំណែក Flick បានជ្រើសរើស Raphinha និង Pedri។

“គ្មានអ្វីអាចជំរុញទឹកចិត្តខ្ញុំបានខ្លាំងជាង Champions League ទេ ព្រោះវាជាពានដែលខ្ញុំនៅមិនទាន់បានឈ្នះ។ ពួកយើងនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីឈ្នះវា។ មានកីឡាករល្អៗបានមកដល់ ដូចជា (Anthony) Gordon, (Karim) Adeyemi និង Rodri” Yamal បាននិយាយក្នុងសន្និសីទសារព័ត៌មាន។

ជាធម្មតា កីឡាករដែលត្រូវបានជ្រើសរើសជាប្រធានក្រុម គឺជាកីឡាករដែលមានបទពិសោធន៍ច្រើនជាងគេក្នុងក្រុម។ ដូច្នេះ ការដែល Yamal ត្រូវបានជ្រើសរើសជាអ្នកទី 5 ក្នុងលំដាប់ពាក់ ខ្សែដៃប្រធានក្រុម គឺជារឿងគួរឱ្យភ្ញាក់ផ្អើល។

កីឡាករដែលកាន់តំណែងប្រធានក្រុម Barcelona ក្នុងវ័យក្មេងបំផុត គឺ Bojan Krkic នៅឆ្នាំ 2010 ដែលមានអាយុ 20 ឆ្នាំ និង 56 ថ្ងៃ។

Yamal បាននិយាយថា៖
“វាជារឿងដែលគួរឱ្យមានមោទនភាពណាស់ សម្រាប់ខ្ញុំដែលមានអាយុត្រឹម 19 ឆ្នាំ។ ខ្ញុំមានអំណរគុណយ៉ាងខ្លាំងចំពោះមិត្តរួមក្រុមរបស់ខ្ញុំ។ តំណែងនេះមានទំនួលខុសត្រូវ ទោះបីខ្ញុំមានអាយុត្រឹម 19 ឆ្នាំក៏ដោយ ប៉ុន្តែខ្ញុំពិតជាសប្បាយចិត្តណាស់”។

Barcelona ត្រូវកែប្រែយុទ្ធសាស្ត្រដែរឬទេ?

បន្ទាប់ពី Barcelona ត្រូវបានជម្រុះចេញពី Champions League ជាបន្តបន្ទាប់ ហើយមិនអាចរក្សា Clean Sheet (មិនរបូតគ្រាប់បាល់) បានក្នុងការប្រកួតទាំង 4 ដែលនាំឱ្យពួកគេធ្លាក់ចេញ មានការចោទសួរថា តើ Barcelona គួរតែសម្របសម្រួល យុទ្ធសាស្ត្រលេងវាយប្រហារខ្លាំងរបស់ Flick ដើម្បីមានឱកាសឈ្នះពានអឺរ៉ុបដែរឬទេ។

Flick បានឆ្លើយថា៖ “យើងតែងតែសម្របសម្រួលរបៀបលេងរបស់យើងទៅតាមគូប្រកួត។ ប្រហែលជាមិនច្រើនពេកទេ ប៉ុន្តែនៅពេលចាំបាច់ យើងនឹងធ្វើ។ យើងមានរបៀបលេងរបស់យើង ហើយវាទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងរយៈពេលពីររដូវកាលចុងក្រោយ”។

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះក៏បានបន្ថែមថា គេត្រូវការឱ្យកីឡាករទាំងអស់ មានកាយសម្បទារឹងមាំ និងស្ថិតក្នុងស្ថានភាពល្អបំផុតនៅពេលសំខាន់ ដើម្បីអាចយកឈ្នះឧបសគ្គពី Atletico Madrid ដែលបានឈ្នះ Barcelona ដោយលទ្ធផលសរុប 3-2 ក្នុងវគ្គ Quarter-final កាលពីរដូវកាលមុន។

Barça ចង់បញ្ចប់ការរង់ចាំ 11 ឆ្នាំ

Barcelona កំពុងសង្ឃឹមថា នឹងអាចបញ្ចប់ការរង់ចាំរយៈពេល 11 ឆ្នាំ ដើម្បីឈ្នះ Champions League ម្តងទៀត។

ពួកគេបានខិតជិតបំផុតក្នុងឆ្នាំ 2025 ប៉ុន្តែបានចាញ់ Inter Milan ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីការប្រកួតឈានចូល ម៉ោងបន្ថែម (Extra Time)។

...

ការប្រកួត Champions League របស់ Barcelona នៅរដូវកាលនេះ នឹងចាប់ផ្តើមនៅថ្ងៃពុធ ដោយត្រូវប្រឈមមុខជាមួយ Feyenoord នៅកីឡដ្ឋាន Camp Nou៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print