កងរាជអាវុធហត្ថខេត្តតាកែវ បង្ក្រាបករណីគ្រឿងញៀននៅស្រុកត្រាំកក់ ឃាត់ខ្លួនជនសង្ស័យ ៤នាក់និងដក ហូតថ្នាំញៀន ៣១កញ្ចប់

ចែករំលែក៖

ខេត្តតាកែវ៖ ព្រឹកថ្ងៃទី 9 ខែកញ្ញាឆ្នាំ 2026 នេះកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបានឲ្យដឹងថា កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តតាកែវ បានចុះប្រតិបត្តិការបង្ក្រាបជាក់ស្តែងនូវករណី រក្សាទុក ជួញដូរ និងប្រើ ប្រាស់សារធាតុញៀនដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ (ស្រី ១នាក់) ព្រមទាំងដក ហូតបានវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១១:៤០ នាទី ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចភូមិត្រពាំងក្រសាំង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តតាកែវ។ កម្លាំងប្រតិបត្តិការដឹកនាំដោយ លោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន។

លទ្ធផលនៃប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ រួមមាន៖

ឈ្មោះ ចិន ឈាន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ,ឈ្មោះ ផាត សូវីហ្សា ភេទស្រី អាយុ ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងចែង ឃុំសំរោង ស្រុកត្រាំកក់ ,ឈ្មោះ ញូ ឡូញ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងខ្ចៅ ឃុំអូរសារាយ ស្រុកត្រាំកក់និងឈ្មោះ ហឿន ពុទ្រ្ធា ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងក្រសាំង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

វត្ថុតាងដែលដកហូតបានរួមមាន៖

ម្សៅក្រាមពណ៌សថ្លាចំនួន ៣១កញ្ចប់ ទម្ងន់ ១៤.៦៨ ក្រាម (ថ្លឹងទាំងសម្បកថង់)និងសម្ភារៈវេចខ្ចប់ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី។

សមត្ថកិច្ចរំលឹក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន សូមជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ព្រោះវាជាប្រភពបំផ្លាញអនាគត សុខភាព និងសុភមង្គលគ្រួសារ។ ក្នុងនោះដែរ សូមមាតាបិតាគ្រប់រូបជួយតាមដានអាណាព្យាបាលកូនចៅ និងចូលរួមសហការផ្តល់ព័ត៌មានជូនអាជ្ញាធរមានសមត្ថកិច្ចជិតបំផុត ប្រសិនបើឃើញសកម្មភាពសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីរួមគ្នាកសាងសហគមន៍មួយ Safe (សុវត្ថិភាព) និងគ្មានគ្រឿងញៀន៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print