អូស្ត្រាលី៖ ក្រសួងការពារជាតិ បានឱ្យដឹងនៅថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួម ពិធីបុរាណ Smoking Ceremony ដែលជាពិធីស្វាគមន៍តាមប្រពៃណីរបស់ជនជាតិដើមអូស្ត្រាលី។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺពិធីបុរាណនេះត្រូវបានប្រារព្ធឡើង ដើម្បីស្វាគមន៍ភ្ញៀវ ជូនពរ ដេញឧបទ្រពចង្រៃ ដោយឥទ្ធិពលនៃផ្សែងនឹងការពារយើងពីឥទ្ធិពលអវិជ្ជមានផ្សេងៗ ព្រមទាំងបង្ហាញពីការគោរព និងការភ្ជាប់ជាមួយទឹកដីតាមជំនឿ និងប្រពៃណីរបស់ពួកគេ។
ក្រសួងការពារជាតិ បានបញ្ជាក់ថា ចំណុចនេះហាក់ដូចជាមានភាពស្រដៀងគ្នាទៅនឹង របាំជូនពររបស់ខ្មែរយើង ដែលតែងតែប្រារព្ធឡើង ដើម្បីទទួលស្វាគមន៍ភ្ញៀវជិតឆ្ងាយ និងជូនពរឱ្យជួបតែសេចក្តីសុខ សុវត្ថិភាព និងសិរីសួស្តី។
ទោះបីជាប្រពៃណី និងបែបបទមានភាពខុសគ្នាក៏ដោយ ក៏ពិធីទាំងពីរបានបង្ហាញពីតម្លៃរួមនៃ ការស្វាគមន៍ដោយក្តីគោរព ការជូនពរ និងការចែករំលែកនូវសុច្ឆន្ទៈ និងមិត្តភាព៕
ដោយ៖តារា










