ខ្ចីម៉ូតូគេទៅធាក់ប្លន់ប៉ះចំមុខសញ្ញាចោរដូចគ្នា វាយបកយកម៉ូតូជិះគេចខ្លួនបាត់,នគរបាលក្រុងសៀមរាប ស្រាវ ជ្រាវចាប់បានទាំងសងខាង៣នាក់ ដកហូតម៉ូតូ២គ្រឿង ជូនម្ចាស់ដើមវិញ

ចែករំលែក៖

ខេត្តសៀមរាប៖ សំណុំរឿងប្លន់ និងលួចដ៏ស្មុគស្មាញមួយ ដែលផ្តើមចេញពីជនសង្ស័យខ្ចីម៉ូតូគេជិះទៅធ្វើ សកម្មភាពធាក់ប្លន់យកម៉ូតូមួយគ្រឿងទៀត តែបែរជាប៉ះចំមុខសញ្ញាចោរដូចគ្នាដេញវាយបក និងជិះម៉ូតូនោះរត់គេចខ្លួនបាត់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប បំបែកបានជោគជ័យ ដោយបានឃាត់ ខ្លួនជនសង្ស័យទាំងសងខាងចំនួន៣នាក់ ព្រមទាំងដកហូតម៉ូតូបាន២គ្រឿង ប្រគល់ជូនម្ចាស់ដើមវិញ។

ប្រតិបត្តិការស្រាវជ្រាវនេះ ធ្វើឡើងស្របតាមការណែនាំនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប ដោយលោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានដឹកនាំកម្លាំងជំនាញចុះបង្ក្រាបភ្លាមៗក្រោយទទួលបានពាក្យបណ្តឹង។

តាមរបាយការណ៍សមត្ថកិច្ចនៅវេលាម៉ោង ៣:០០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២៦ នៅលើផ្លូវខាងត្បូងកន្លែងលក់សំបុត្រទេសចរណ៍ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានជន សង្ស័យ ២នាក់ ឈ្មោះ ឈុន សែនសិសិទ្ធិ និងឈ្មោះ វណ្ណ វិសាល បានខ្ចីម៉ូតូហុងដាស្គុបពី (Scoopy) ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1AV-9022 ពីជនរងគ្រោះ រួចជិះទៅធ្វើសកម្មភាពធាក់ម៉ូតូហុងដាឌ្រីម (Honda Dream) មួយគ្រឿងទៀតក្នុងបំណងផ្តួលប្លន់យកម៉ូតូ។

ប៉ុន្តែហេតុការណ៍មិនដូចការគិតឡើយ ដោយអ្នកជិះម៉ូតូហុងដាឌ្រីមនោះ ឈ្មោះ ណាត នាថ ហៅចយ (ជាមុខសញ្ញាលួចម៉ូតូស្រាប់) មិនព្រមចុះចាញ់ទេ ហើយបានដេញវាយបកទៅលើជនសង្ស័យទាំងពីរនាក់វិញ រួចឡើងជិះម៉ូតូហុងដាស្គុបពីនោះ គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូហុងដាឌ្រីមរបស់ខ្លួននៅកន្លែងកើតហេតុ។ ភ្លាមនោះ ខាងភាគីបង្កធាក់គេ ក៏បានហៅបក្ខពួកឱ្យមកជិះម៉ូតូហុងដាឌ្រីមនោះគេចខ្លួនដែរ រួចបានទៅភូតកុហកប្រាប់ម្ចាស់ម៉ូតូស្គុបពីដើមថា «ត្រូវគេប្លន់យកម៉ូតូបាត់ហើយ»។

ក្រោយបើកការស៊ើបអង្កេតល្អិតល្អន់ កម្លាំងនគរបាលក្រុងសៀមរាប បានឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ០៣នាក់ ពីបទលួច និងលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា ព្រមទាំងដកហូតម៉ូតូទាំង ០២គ្រឿង ប្រគល់ជូនម្ចាស់ដើមវិញ។ ជាមួយគ្នានេះ លទ្ធផលធ្វើតេស្តទឹកនោមបានបង្ហាញថា ជនសង្ស័យឈ្មោះ ណាត នាថ ហៅចយ មានផ្ទុកសារធាតុញៀនក្នុងខ្លួនផងដែរ។ 

...

បច្ចុប្បន្ន ជនសង្ស័យទាំងបី ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print