ខេត្តព្រះវិហារ៖ ទោះបីកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមានតាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ក្តី ក៏ប្រជាពលរដ្ឋភៀសសឹកជាង ៦០០ គ្រួសារ មកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនបាននៅឡើយ ដោយសារផ្ទះសម្បែងរបស់ពួកគេស្ថិតនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ពីសង្គ្រាមឈ្លានពានរបស់ថៃ។
លោកគីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានមាន ប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលចុះទស្សនកិច្ចនៅជម្រកបណ្តោះអាសន្ន «ភូមិតាកឹងបៃតង» នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ថា បច្ចុប្បន្ន ប្រជាពលរដ្ឋប្រមាណ ៩៧ ភាគរយ ឬស្មើជាង ១៦,០០០ នាក់ បានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញហើយ ដើម្បីប្រកបរបរកសិកម្ម និងចិញ្ចឹមជីវិតជាធម្មតា បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ចូល ជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ យ៉ាងណា ក៏ដោយ នៅមានប្រជាពលរដ្ឋភៀសសឹកចំនួន ៦៤៥ គ្រួសារទៀត ដែលមិនទាន់អាចត្រឡប់ទៅកាន់ភូមិឋានរបស់ខ្លួនបាននៅឡើយ ដោយសារលំនៅឋានរបស់ពួកគេស្ថិតនៅក្នុងតំបន់ក្រហម និងតំបន់លឿង ដែលត្រូវបានចាត់ទុកថាជាតំបន់មានហានិភ័យខ្ពស់បំផុត ប្រសិនបើការឈ្លានពានរបស់ថៃមកលើកម្ពុជាផ្ទុះឡើងជាថ្មី។
លោក គីម រិទ្ធី បានបន្ថែមថា ទាំងប្រជាពលរដ្ឋដែលបានវិលត្រឡប់ទៅផ្ទះវិញ និងប្រជាពលរដ្ឋដែលកំពុងបន្តរស់នៅជាបណ្តោះអាសន្ននៅ «ភូមិតាកឹងបៃតង» សុទ្ធតែទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។ជាពិសេស សម្រាប់ប្រជាពលរដ្ឋភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញ រាជរដ្ឋាភិបាលបាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដូចជា ផ្លូវថ្នល់ បណ្តាញទឹក និងអគ្គិសនី ព្រមទាំងសាលារៀន និងប៉ុស្តិ៍សុខភាព ដែលមានបុគ្គលិកសុខាភិបាលប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង ដើម្បីផ្តល់សេវាព្យាបាល និងថែទាំសុខភាពជូនប្រជាពលរដ្ឋភៀសសឹក។
ចំណែកប្រជាពលរដ្ឋភៀសសឹក បានលើកឡើងថា ការសាងសង់ផ្ទះបណ្តោះអាសន្នជូនពួកគេស្នាក់នៅនាពេលបច្ចុប្បន្ន គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះពួកគេ។ពួកគេក៏បានបញ្ជាក់ថា នៅតែមានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីជាមួយភាគីថៃ ដើម្បីឱ្យពួកគេអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងលំនៅឋានរបស់ខ្លួនវិញបាននៅពេលខាងមុខ។
គួរបញ្ជាក់ថា សង្គ្រាមឈ្លានពានរបស់ថៃបណ្តាលឱ្យខេត្តព្រះវិហាររងការខូចខាតយ៉ាងធ្ងន់ធ្ងរ ទាំងហេដ្ឋា រចនាសម្ព័ន្ធសាធារណៈ និងទ្រព្យសម្បត្តិឯកជន។ ក្នុងនោះ គ្រាប់ផ្លោងរបស់ថៃបានបណ្តាលឱ្យប្រាង្គប្រាសាទ ព្រះវិហារខូចខាតធ្ងន់ធ្ងរចំនួន ៥៦២ កន្លែង និងតំបន់ជុំវិញប្រាសាទចំនួន ៤២ កន្លែង។ ក្រៅពីនេះ ក៏មានសាលារៀនចំនួន ៧ កន្លែង,មណ្ឌលសុខភាពចំនួន ២ កន្លែង,អគារសាធារណៈរដ្ឋបាលចំនួន ១០ កន្លែង, ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ៧៦៥ខ្នង ផ្លូវគមនាគមន៍ចំនួន ៤៦ កន្លែង វត្តអារាមចំនួន ៤ កន្លែង និងសណ្ឋាគារ និងផ្ទះសំណាក់ចំនួន ៤ កន្លែងផងដែរ៕
ដោយ៖ សុរិយា










