កូនត្រីចម្រុះជាង ១០០ គីឡូក្រាម ត្រូវបានមន្រ្ដីជលផលលែងចូលបឹងធម្មជាតិវិញ ក្រោយបង្ក្រាបបទល្មើសនេសាទ

ចែករំលែក៖

ខេត្តកំពង់ចាម÷ កូនត្រីចម្រុះទម្ងន់ជាង១០៧គីឡូក្រាម ត្រូវបានជំនាញជលផលចាក់លែងចូលបឹងធម្មជាតិវិញ និងឧបករណ៍ល្មើសជាច្រើនត្រូវបានរុះរើបំផ្លាញចោល នៅក្នុងភូមិសាស្ត្រស្រុកកងមាស ។

 

កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកកងមាស ស្រុកជើងព្រៃ និងស្រុកព្រៃឈរ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ៣ករណី នៅក្នុងភូមិសាស្ត្រស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ។

 

លោក លី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ការចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសទាំង ៣ ករណីខាងលើ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។

 

ជាមួយនោះ មន្ត្រីជំនាញបានរុះរើបំផ្លាញ ចោលនូវឧបករណ៍ខុសច្បាប់រួមមាន ៖ ករណីទី១ នៅចំណុចក្រោយវត្តរាយប៉ាយ ឃុំរាយប៉ាយ ស្រុកកងមាស មានឧបករណ៍ស្បៃមុងចំនួន ៨មាត់ របាំងស្បៃមុងប្រវែង ៤១៥ម៉ែត្រ បង្គោលចម្រឹង ១៤៥ដើម និងចាក់លែងកូនត្រីចម្រុះ ២៥គីឡូក្រាម ។ ករណីទី២ នៅចំណុចបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ មានឧបករណ៍ស្បៃមុងចំនួន ១២មាត់ របាំងស្បៃមុងប្រវែង ៥៥០ម៉ែត្រ បង្គោលចម្រឹង ១៩៥ដើម ចាក់លែងកូនត្រីចម្រុះ ៥០គីឡូក្រាម និងករណីទី៣ នៅចំណុចវត្តកំពង់សៀម ឃុំសំរោង ស្រុកព្រៃឈរ ឧបករណ៍ស្បៃមុងចំនួន ១៣មាត់ របាំងស្បៃមុងប្រវែង ៥៨០ម៉ែត្រ បង្គោលចម្រឹង ២១០ដើម ចាក់លែងកូនត្រីចម្រុះ ៣២គីឡូក្រាម ។

 

ទន្ទឹមនឹងនោះដែរ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នឹងបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើស ក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក នៅតាមបណ្តាស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទ ឲ្យឈប់នេសាទ ដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print