Messi យល់ព្រមទិញក្លិបបាល់ទាត់អេស្ប៉ាញមួយទៀត

ចែករំលែក៖

ក្លិប Eldense ដែលលេងនៅលីគលំដាប់ទី២របស់អេស្ប៉ាញ បានឱ្យដឹងថា កំពូលកីឡាករអាហ្សង់ទីន Lionel Messi បានឈានដល់ «កិច្ចព្រមព្រៀងបឋម» ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្លិប។

Eldense នឹងក្លាយជាក្លិបអេស្ប៉ាញទី២ ដែល Messi បានវិនិយោគ បន្ទាប់ពីលោកបានទិញក្លិប Cornella នៅតំបន់កាតាឡូញ៉ា កាលពីខែមេសា។

អតីតខ្សែប្រយុទ្ធ Barcelona វ័យ ៣៩ ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងលេងឱ្យ Inter Miami ហើយថ្មីៗនេះបានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីន បន្ទាប់ពីអាហ្សង់ទីនចាញ់អេស្ប៉ាញ ០-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup 2026។

ក្លិប Eldense បាននិយាយថា៖ «កិច្ចព្រមព្រៀងបឋមមួយត្រូវបានសម្រេចជាមួយ Lionel Messi សម្រាប់ការទិញភាគហ៊ុនដែលបច្ចុប្បន្នជាកម្មសិទ្ធិរបស់ Grupo TH Soluciones ដែលនឹងធ្វើឱ្យលោកក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្លិប»។

ប្រតិបត្តិការនេះនៅតែត្រូវរង់ចាំការបញ្ចប់នីតិវិធីផ្លូវច្បាប់ និងកិច្ចសន្យាដែលនៅសល់ រួមទាំងដំណើរការត្រួតពិនិត្យស្ថានភាពហិរញ្ញវត្ថុ និងច្បាប់ (due diligence) ព្រមទាំងការអនុម័តចាំបាច់ពីក្រុមប្រឹក្សាកីឡាជាតិអេស្ប៉ាញ (CSD)។

ក្លិបដែលមានមូលដ្ឋាននៅទីក្រុង Alicante មួយនេះ មាន ២ ពិន្ទុពីការប្រកួត ៤ លើកនៅរដូវកាលនេះ និងកំពុងឈរនៅលេខ ២០ ក្នុង La Liga 2។ ក្លិបក៏បានបញ្ចប់ការងាររបស់គ្រូបង្វឹក Claudio Barragan កាលពីដើមសប្តាហ៍នេះផងដែរ។

ចំណែក Cornella កំពុងលេងនៅលីគលំដាប់ទី៥របស់អេស្ប៉ាញ ហើយកាលពីខែមេសា បាននិយាយថា ការកាន់កាប់របស់ Messi ពង្រឹងទំនាក់ទំនងជិតស្និទ្ធរបស់លោកជាមួយ Barcelona និងការប្តេជ្ញាចិត្តរបស់លោកចំពោះការអភិវឌ្ឍវិស័យកីឡា និងទេពកោសល្យក្នុងតំបន់កាតាឡូញ៉ា។

Messi បានចាកចេញពីអាហ្សង់ទីនទៅអេស្ប៉ាញនៅអាយុ ១៣ ឆ្នាំ ហើយបានបង្ហាញខ្លួនលើកដំបូងសម្រាប់ក្រុមធំ Barcelona នៅអាយុ ១៧ ឆ្នាំ ក្នុងខែតុលា ឆ្នាំ ២០០៤។ លោកបានស៊ុតបញ្ចូលទី ៦៧២ គ្រាប់ ក្នុង ៧៧៨ ប្រកួត ដែលជាកំណត់ត្រារបស់ក្លិប Barcelona មុនពេលចាកចេញទៅកាន់ក្លិបបារាំង Paris Saint-Germain ក្នុងឆ្នាំ ២០២១ ហើយបន្ទាប់មកផ្លាស់ទៅលេងនៅ Major League Soccer ជាមួយ Inter Miami នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៣។

...

អតីតគូប្រជែងរបស់ Messi នៅ Real Madrid គឺ Cristiano Ronaldo ដែលបច្ចុប្បន្នលេងឱ្យក្លិប Al-Nassr ក្នុង Saudi Pro League បានទិញភាគហ៊ុន ២៥% ក្នុងក្លិបអេស្ប៉ាញ Almeria កាលពីខែកុម្ភៈ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print