Hakim Ziyech អតីតខ្សែប្រយុទ្ធស្លាប Chelsea ផ្លាស់ទៅកាន់ប្រេស៊ីលយ៉ាងគួរឱ្យភ្ញាក់ផ្អើល

ចែករំលែក៖

ខ្សែប្រយុទ្ធស្លាបសញ្ជាតិម៉ារ៉ុក Hakim Ziyech នឹងផ្លាស់ទៅលេងឱ្យក្លិបប្រេស៊ីល Botafogo ក្នុងការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ខណៈក្លិបបានបញ្ជាក់ពីកិច្ចព្រមព្រៀងនេះកាលពីថ្ងៃពុធ។

Ziyech វ័យ ៣៣ ឆ្នាំ នឹងចូលរួមជាមួយ Botafogo ដែលធ្លាប់ឈ្នះជើងឯក ៣ សម័យ ក្នុងនាមជា កីឡាករគ្មានក្លិប (Free Agent) បន្ទាប់ពីចាកចេញពី Wydad Casablanca ដោយគ្មានតម្លៃផ្ទេរ កាលពីដើមរដូវក្តៅនេះ។

Ziyech នឹងត្រូវឆ្លងកាត់ ការពិនិត្យសុខភាព ជាមុនសិន មុនពេលចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ ឆ្នាំ ជាមួយ Botafogo នៅទីក្រុង Rio de Janeiro។

Ziyech បាននិយាយតាមបណ្តាញផ្លូវការរបស់ Botafogo ថា៖ «អ្វីៗគ្រប់យ៉ាងបានប្រព្រឹត្តទៅយ៉ាងល្អ។ ការហោះហើរមានរយៈពេលយូរបន្តិច ប៉ុន្តែខ្ញុំពិតជារំភើបណាស់។ Rio គឺជាទីក្រុងមួយដែលខ្ញុំតែងតែចង់មកទស្សនា ហើយឥឡូវនេះវាបានក្លាយជាការពិតហើយ។ ខ្ញុំពិតជារំភើបខ្លាំង។ ប្រេស៊ីលគឺជាប្រទេសលេខ១ នៅពេលនិយាយពីបាល់ទាត់។ បាល់ទាត់គឺជារបៀបរស់នៅនៅទីនេះ ហើយខ្ញុំចង់មកទទួលបទពិសោធន៍ដោយផ្ទាល់។»

អាជីពនៅក្លិបធំៗនៅអឺរ៉ុប

Ziyech បានកសាងអាជីពជាមួយក្លិបធំៗជាច្រើននៅអឺរ៉ុប ដោយមានអំឡុងពេលលេចធ្លោជាពិសេសជាមួយ Ajax, Chelsea និង Galatasaray។

សម្រាប់ក្រុមជម្រើសជាតិម៉ារ៉ុក គេក៏ជាកីឡាករសំខាន់ម្នាក់នៃជំនាន់ដែលបានបង្កើតប្រវត្តិសាស្ត្រនៅ World Cup 2022 នៅកាតា ដោយម៉ារ៉ុកបានឡើងដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលជាលើកដំបូងបំផុតសម្រាប់ក្រុមជម្រើសជាតិមកពីទ្វីបអាហ្វ្រិក។

បន្ទាប់ពីចំណាយពេល ៣ ឆ្នាំនៅ Chelsea និង ១៨ ខែជាមួយ Galatasaray Ziyech បានផ្លាស់ទៅកាន់ Al Duhail នៅប្រទេសកាតា មុនពេលត្រឡប់ទៅប្រទេសម៉ារ៉ុក ដើម្បីចូលរួមជាមួយ Wydad Casablanca។

ក្នុងការបង្ហាញខ្លួន ១៦ ប្រកួតឱ្យ Wydad Ziyech រកបាន ៩ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ២ ដង។

...

ការផ្លាស់ទៅ Botafogo នឹងក្លាយជាជំពូកថ្មីមួយក្នុងអាជីពរបស់ Ziyech ខណៈរូបគេត្រៀមសាកល្បងបទពិសោធន៍បាល់ទាត់នៅអាមេរិកខាងត្បូងជាលើកដំបូង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print