ខេត្តកំពង់ស្ពឺ ៖ អនុវត្តតាមបទបញ្ជានិងការចង្អុល បង្ហាញរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេ បញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់(ធ្វើសកម្មភាពលួចកាត់ខ្សែរភ្លើង) ជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រកស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ការឃាត់ខ្លួនជនសង្ស័យម្នាក់នេះធ្វើឡើងបន្ទាប់ពី កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកភ្នំស្រួច ទទួលនបាននូវពាក្យបណ្តឹងពីជនរងគ្រោះបីនាក់។ ពាក្យបណ្ដឹងពីឈ្មោះ ស៊ុន ហាវមីង(Sun Haoming) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបមេការក្រុមហ៊ុនផលិតអដ្ឋខ្យល់(យ៉ុងទ័រសីង ) បានដាក់ពាក្យបណ្ដឹងនៅថ្ងៃទី ០២ខែកញ្ញា ឆ្នាំ២០២៦ បានប្ដឹងជនសង្ស័យមិនស្គាល់អត្ថសញ្ញាណបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង កាល ពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២៦វេលាម៉ោងប្រហែល ១៥: ៣០នាទីអស់ខ្សែភ្លើង តូច ធំ ប្រហែល៥០ម៉ែត្រ។
បណ្ដឹងពីឈ្មោះ លីវ ហ៊ូ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន មុខរបមេការ ក្រុមហ៊ុនផលិតថ្ម PSLK investment មានអាស័យដ្ឋានបច្ចុប្បន្នភូមិគីរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានដាក់ពាក្យបណ្ដឹង កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ប្ដឹងជនសង្ស័យមិនស្គាល់អត្តសញ្ញាណមួយក្រុម បានធ្វើ សកម្មភាពលួចកាត់ខ្សែភ្លើង ក្នុងក្រុមហ៊ុនអស់ប្រហែល ៥០ម៉ែត្រ កាលពីវេលាម៉ោង ១២:០០នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦។
ពាក្យបណ្ដឹងរបស់ឈ្មោះ យ៉ាង ចៀនស៊ីង ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិចិន មុខរបមេការក្រុមហ៊ុនផលិតថ្មតុងហ្វុង មានអាស័យដ្ឋានបច្ចុប្បន្នភូមិគីរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានដាក់ពាក្យបណ្ដឹង កាលពីថ្ងៃទី ០៦ខែកញ្ញាឆ្នាំ២០២៦ ប្ដឹងជនសង្ស័យមិនស្គាល់អត្តសញ្ញាណមួយក្រុមបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងក្នុងក្រុមហ៊ុនអស់ចំនួន០៤ខ្សែប្រវែងប្រហែល៣០ម៉ែត្រ កាលពីវេលាម៉ោង០៣:០០នាទីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៦។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញានិងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅវេលាម៉ោង១១:១២នាទីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចក្នុងព្រៃជើងភ្នំ ស្ថិតនៅភូមិក្រាំងតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះ ស៊ូ សេងហួរ ហៅ(ស្មាច់) ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក្រាំងតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ដកហូតវត្ថុតាងរួមមាន៖សំបក់ខ្សែរភ្លើងពណ៏ខ្មៅ១ដុំធំ,កន្រ្តៃសម្រាប់កាត់ខ្សែរភ្លើងចំនួន២ដើម,កំប៉ុកហ្គាស់ចំនួន២កំប៉ុង,ក្បាលហ្គាស់សម្រាប់រោលខ្សែភ្លើងចំនួន២ដើម,ពូថៅចំនួន១ដើមដែកត្បែងសម្រប់រូងដីចំនួន១ដើមនិងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










