ការវិនិយោគលើដំណាំចេកអំបូងលឿងនាំចេញទៅចិនគឺជាសមិទ្ធផលពិតប្រាកដ នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ

ចែករំលែក៖

ភ្នំពេញ ៖ «ការនាំចេញចេកអំបូងលឿងទៅកាន់ប្រទេសចិន ជួយបង្កើនប្រាក់ចំណូលនៅក្នុងខេត្តជាប់ព្រំដែនភាគពាយ័ព្យនៃប្រទេសកម្ពុជា» នេះគឺជាចំណងជើងនៃអត្ថបទព័ត៌មានរបស់សារព័ត៌មាន Xinhua កាលពីសប្តាហ៍មុន។

ប្រភពបានសម្ភាសន៍ដល់ប្រជាជនខ្មែរ ដែលបានធ្វើការនៅចម្ការចេករបស់ក្រុមហ៊ុន Longfruiter Anlong Veng Oddar Meanchey Agriculture Park Co., Ltd., ដែលកំពុងដាំចេកអំបូងលឿង នៅលើផ្ទៃដីប្រហែល ៥៣០ ហិកតា ស្ថិតនៅក្នុងស្រុកអន្លង់វែង ដោយផ្តល់ការងារប្រកបដោយស្ថិរភាពដល់ប្រជាពលរដ្ឋ ជាង ៨០០នាក់។

ពួកគាត់បញ្ចាក់ថា ជីវភាពរស់នៅរបស់ខ្លួនមានការផ្លាស់ប្តូរចាប់តាំងពីគាត់បានចាប់ផ្តើមធ្វើការនៅចម្ការចេកនេះ ដោយសារតែប្រាក់ឈ្នួលមានស្ថិរភាព និងបរិយាកាសការងារដែលផ្តល់ការគាំទ្រ។

អ្នកគ្រប់គ្រងផ្នែកផលិតកម្មប្រចាំរោងចក្រ ក៏ត្រូវបានសម្ភាសន៍ ដោយបានកត់សម្គាល់ប្រាប់ Xinhua ដែរថា ចេកអំបូងលឿងនេះគឺជាពូជពិសេសមួយនៅក្នុងប្រទេសកម្ពុជា ដែលមានភាពលេចធ្លោដោយសារគុណភាព និងរសជាតិដ៏ល្អប្រសើរ បើធៀបនឹងប្រភេទចេកដែលមានក្នុងស្រុក។

លោកបណ្ឌិត កៅ មុយថង អ្នកតាមដានសង្គម បានសាទរនឹងវឌ្ឍនភាពនេះ។

«ការវិនិយោគលើដំណាំចេកអំបូងលឿង គឺជាសាក្សីរស់ដែលបង្ហាញថា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ» និង «ច្រករបៀងមចច្ឆានិងអង្ករ» រវាងកម្ពុជា និងចិន មិនមែនជាទស្សនទាន នៅលើក្រដាសនោះទេ ប៉ុន្តែ ជាសមិទ្ធផលពិតប្រាកដ ដែលកំពុងលូតលាស់ នៅលើផ្ទៃដី និងក្នុងឆ្នាំងបាយរបស់ប្រជាកសិករខ្មែរយើងទៅហើយ។ ខ្ញុំមានជំនឿថា រាជការ និងវិស័យឯកជនគួរតែបន្តសហការជាមួយវិនិយោគិនចិន ដើម្បីបង្កើតសួនកសិកម្ម ដែលមានរោងចក្រកែច្នៃ វេចខ្ចប់ និងមន្ទីរពិសោធន៍ ត្រួតពិនិត្យគុណភាពនៅជិតប្រភពដើមដាំដុះ។ កម្ពុជា ក៏គួរពិចារណាយកគំរូជោគជ័យនៃចេកអំបូងលឿង ទៅពង្រីកការផលិតលើផ្លែឈើដែល មានMOUផ្លូវការរួចហើយ ជាពិសេស ស្វាយ ផ្លែមៀនប៉ៃលិន ធុរេន ដូងក្រអូប ជាដើម ដើម្បីបង្កើន ទំហំពាណិជ្ជកម្មទ្វេភាគី។ ព្រោះថា ការវិនិយោគរបស់ចិនក្នុងវិស័យកសិកម្មនៅកម្ពុជា មិនត្រឹមតែជាតួលេខនៃពាណិជ្ជកម្ម ទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែ ជាក្បាលម៉ាស៊ីនពិតប្រាកដ ក្នុងការកាត់បន្ថយភាពក្រីក្រ, ការពង្រឹងបច្ចេកវិទ្យា ក្នុងវិស័យកសិកម្ម និងជាសសរស្ដម្ភដ៏រឹងមាំនៃការតភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ប្រទេសយើងទាំងពីរ ឱ្យកាន់តែមានលក្ខណៈច្បាស់លាស់ថែមទៀតផងដែរ»។

លោកបណ្ឌិត កៅ មុយថង បញ្ជាក់បន្ថែមថា ការបង្កើតការងារជូន ប្រជាពលរដ្ឋក្នុងស្រុកជាង៨០០នាក់ , ការផ្តល់ប្រាក់ចំណូលស្ថិរភាពដល់ក្រុមគ្រួសារខ្មែរ មិនត្រឹមតែជាការលើកកម្ពស់ជីវភាពប៉ុណ្ណោះទេ ប៉ុន្តែ ជាការកាត់បន្ថយការធ្វើចំណាកស្រុក និងការប្រែក្លាយអតីតតំបន់សមរភូមិប្រវត្តិសាស្ត្រ ឱ្យទៅជាតំបន់កសិឧស្សាហកម្មដ៏មានសក្តានុពល។

បើតាមអ្នកគ្រប់គ្រងក្រុមហ៊ុន, បរិមាណនៃការនាំចេញចេកអំបូងលឿងរបស់ខ្លួន ទៅកាន់ប្រទេសចិនមានកំណើនជាលំដាប់។ បរិមាណដឹកជញ្ជូនបានកើនឡើងពី ២៤.០០០ តោន ក្នុងឆ្នាំ២០២៤ ដល់ជាង ៣៤.០០០ តោន ក្នុងឆ្នាំ២០២៥។ គិតមកទល់ពេលនេះ ក្នុងឆ្នាំ២០២៦ ក្រុមហ៊ុនបាននាំចេញចំនួន ២២.០០០ តោនរួចហើយ ទៅកាន់ទីផ្សារប្រទេសចិន។

បើតាម Xinhua ដដែល, ចេកអំបូងលឿងគឺជាផ្លែឈើស្រស់មួយ ក្នុងចំណោមផ្លែឈើស្រស់ទាំង ៥ របស់កម្ពុជា ដែលបច្ចុប្បន្ន អាចនាំចេញដោយផ្ទាល់ ទៅកាន់ទីផ្សារប្រទេសចិន រួមជាមួយនឹងស្វាយ មៀនប៉ៃលិន ដូង និង ទុរេន៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print