ខេត្តព្រះសីហនុ៖ សមត្ថកិច្ចជំនាញខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ក្នុងនោះមានស្ត្រី២នាក់ និងប្តីប្រពន្ធមួយគូដែលត្រូវបានអះអាងថា ជាមេក្លោងជួញដូរគ្រឿងញៀនសកម្មក្នុងខេត្តព្រះសីហនុ ខណៈប្រតិបត្តិការនេះមានការផ្ទុះអាវុធក្នុងរង្វង់ប្រតិបត្តិការ។
ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងចាប់ពីម៉ោង៩យប់ ថ្ងៃទី១០ ខែកញ្ញា រហូតដល់ម៉ោង៣ទៀបភ្លឺ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិសាស្ត្រស្មុគស្មាញក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
ក្នុងចំណោមជនសង្ស័យទាំង៨នាក់ មានប្តីប្រពន្ធមួយគូ ដែលត្រូវបានសមត្ថកិច្ចចាត់ទុកថា ជាមេក្លោងជួញដូរគ្រឿងញៀនសកម្មក្នុងខេត្តព្រះសីហនុ ហើយធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការកាលពីឆ្នាំ២០២៤។ បច្ចុប្បន្ន ជនសង្ស័យទាំង៨នាក់ ត្រូវបាននាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តចាត់ការតាមនីតិវិធី។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងសាធារណជន ចូលរួមសហការរាយការណ៍ ប្រសិនបើមានព័ត៌មានពាក់ព័ន្ធនឹងការជួញដូរ ចែកចាយ ឬប្រើប្រាស់គ្រឿងញៀន និងបទល្មើសផ្សេងៗ ដើម្បីឱ្យសមត្ថកិច្ចពិនិត្យ និងចាត់ការតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ










