សារព័ត៌មាន Reutersបានផ្សាយថា នាថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ យោធាកូរ៉េខាងត្បូង បានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៉ីលប្រភេទបាលិស្ទីគរយៈចម្ងាយខ្លីចំនួនប៉ុន្មានគ្រាប់ ចេញពីតំបន់ Wosan ឆ្ពោះទៅកាន់ផ្ទៃសមុទ្រនៅក្បែរឆ្នេរភាគខាងកើតប្រទេសរបស់ខ្លួន។
យោធាកូរ៉េខាងត្បូង បានឱ្យដឹងបន្ថែមថា មីស៉ីលទាំងនោះ ត្រូវបានបាញ់ចេញកាលពីខ្ទង់ម៉ោង៥៖២០នាទីព្រឹក ហើយហោះបានចម្ងាយប្រហែល២៥០គីឡូម៉ែត្រ។ រីឯការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍បន្តទទូចឱ្យកូរ៉េខាងជើង បញ្ឈប់ជាបន្ទាន់នូវការបាញ់មីស៉ីលបាលិស្ទីគ ដោយចាត់ទុកពួកវាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។
កាលពីខែមុន កូរ៉េខាងជើងបានបាញ់មីស៉ីលបាលិស្ទីគរយៈចម្ងាយខ្លីជាង១០គ្រាប់ ហើយបានបញ្ជាឱ្យយោធាខ្លួនរក្សាការត្រៀមលក្ខណៈប្រុងជើងការពេញលេញ អំឡុងការធ្វើសមយុទ្ធយោធារបស់កូរ៉េខាងត្បូងជាមួយសហរដ្ឋអាមេរិក។ ដោយឡែក ការបាញ់មីស៉ីលនាថ្ងៃសៅរ៍នេះ គឺកើតមានឡើងមួយថ្ងៃ បន្ទាប់ពីកូរ៉េខាងត្បូង អាមេរិក និងជប៉ុន ទើបតែបិទបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នា ដែលផ្តោតលើការស្ទាបស្ទង់សមត្ថភាពត្រៀមលក្ខណៈ ប្រឆាំងទប់ទល់ការគំរាមកំហែងនៃមីស៉ីលនិងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
កាលពីខែសីហា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តដ៏ភ្ញាក់ផ្អើលមួយ ដោយបញ្ជាឱ្យកាត់បន្ថយការធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូង ហើយលោកបានអះអាងថា រូបលោករំពឹងនឹងជួបគ្នាជាមួយ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងឆ្នាំនេះ៕











