ឥណ្ឌូនេស៊ីបានដាក់ពង្រាយកម្លាំងដើម្បីស្វែងរកកប៉ាល់មួយដែលបានបាត់បង់ការទាក់ទង ខណៈពេលកំពុងដឹកមនុស្សជាង ២០០ នាក់។
យោងតាមមន្ត្រី ឥណ្ឌូនេស៊ី បានបញ្ចាក់ថា កម្លាំងជួយសង្គ្រោះឥណ្ឌូនេស៊ីបានចាប់ផ្តើមប្រតិបត្តិការស្វែងរកនៅថ្ងៃទី ១៣ ខែកញ្ញា បន្ទាប់ពីកប៉ាល់ដឹកអ្នកដំណើរដែលមានមនុស្សយ៉ាងហោចណាស់ ២៤០ នាក់នៅលើកប៉ាល់បានបាត់បង់ការទាក់ទងនៅក្នុងសមុទ្រជ្វា ខណៈពេលកំពុងធ្វើដំណើរពីជ្វាខាងកើតទៅកាន់កាលីម៉ាន់តាន់ខាងត្បូងនៅលើកោះបូរណេអូ ។
ការិយាល័យស្វែងរក និងជួយសង្គ្រោះ រដ្ឋធានីនៃខេត្តកាលីម៉ាន់តាន់ខាងត្បូង បាននិយាយថា ពួកគេបានទទួលរបាយការណ៍មួយថា កប៉ាល់ Virgo Transport 8 បានជួបប្រទះបញ្ហាទំនាក់ទំនង ខណៈពេលកំពុងធ្វើដំណើរទៅកាន់ទីក្រុងពីស៊ូរ៉ាបាយ៉ា ដែលជាទីក្រុងធំទីពីររបស់ឥណ្ឌូនេស៊ីនៅខេត្តជ្វាខាងកើត។
ព័ត៌មានដំបូងបង្ហាញថា ទីតាំងចុងក្រោយដែលគេស្គាល់ គឺនៅក្នុងសមុទ្រជ្វា ចម្ងាយប្រហែល ១៤៨ គីឡូម៉ែត្រពីកំពង់ផែមួយនៅបានចាម៉ាស៊ីន។ យោងតាមបញ្ជីឈ្មោះអ្នកដំណើរ កប៉ាល់នេះកំពុងដឹកអ្នកដំណើរ ២៤១ នាក់។
មិនទាន់មានព័ត៌មានអំពីអ្នកស្លាប់ និងរបួសទាក់ទងនឹងហេតុការណ៍នេះនៅឡើយទេ។ លោក Arianto Ardi ប្រធានប្រតិបត្តិការនៅទីភ្នាក់ងារជួយសង្គ្រោះ Banjarmasin បានបញ្ជាក់ថា កប៉ាល់បានបាត់បង់ការទាក់ទង ហើយបាននិយាយថា កងកម្លាំងជួយសង្គ្រោះត្រូវបានបញ្ជូនទៅតំបន់នោះ។
លោក Arianto បាននិយាយថា “យើងបានបង្កើតមជ្ឈមណ្ឌលបញ្ជាការជួយសង្គ្រោះនៅ Trisakti”។
មន្ត្រីបាននិយាយថា ប្រតិបត្តិករកប៉ាល់បានរាយការណ៍ពីហេតុការណ៍នេះ បន្ទាប់ពីទទួលបានព័ត៌មានថា កប៉ាល់កំពុងជួបប្រទះនឹងអាកាសធាតុអាក្រក់។
ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសប្រជុំកោះមួយដែលមានកោះប្រហែល 17,000 ពឹងផ្អែកយ៉ាងខ្លាំងទៅលើកប៉ាល់ និងសាឡាងជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់ ដោយផ្លូវសមុទ្រមានតម្លៃសមរម្យ និងអាចចូលទៅដល់បានច្រើនជាងការធ្វើដំណើរតាមផ្លូវអាកាស៕

រូបថត: dantri









