Inter វាយបកពីក្រោយ 2 គ្រាប់ យកឈ្នះ Udinese 5-3 និងបន្តឈរលេខ១រួមជាមួយ Roma

ចែករំលែក៖

Inter Milan បានវាយបកពីការតាមពីក្រោយ 2 គ្រាប់ ដើម្បីយកឈ្នះ Udinese ក្នុងលទ្ធផល 5-3 កាលពីថ្ងៃចន្ទ ហើយបន្តរក្សាកំណត់ត្រាឈ្នះ 100% នៅ Serie A ស្របពេល AS Roma ក៏រកបានជ័យជម្នះ 2-0 លើ Torino មុនការប្រកួតរវាងក្រុមកំពូលតារាងទាំងពីរ នៅថ្ងៃសៅរ៍។

 

Inter និង Roma សុទ្ធតែមាន 12 ពិន្ទុពី 4 ប្រកួត និងកំពុងឈរនៅកំពូលតារាងរួមគ្នា មុនជំនួបនៅកីឡដ្ឋាន Stadio Olimpico។ ចំណែក Como ឈរនៅលេខ៣ មាន 10 ពិន្ទុ បន្ទាប់ពីយកឈ្នះ Parma 2-1។

 

Udinese បានធ្វើឱ្យ Inter ភ្ញាក់ផ្អើល ដោយរកបាន 2 គ្រាប់ក្នុងរយៈពេល 16 នាទីដំបូង។ James Abankwah បានតែតបាល់បញ្ចូលទីដោយគ្មានអ្នកការពារនៅនាទីទី៩ មុនពេល Jurgen Ekkelenkamp បន្ថែមគ្រាប់ទី២ដោយការបញ្ចប់ទីពីចម្ងាយជិត 7 នាទីក្រោយមក។

 

Inter បានវាយបកមួយគ្រាប់វិញតាមរយៈ Carlos Augusto ដែលបានទាត់បាល់ពីចម្ងាយចូលជ្រុងខាងក្រោមនៃទី។ បន្ទាប់មក Nicolo Barella បានរកគ្រាប់តាមស្មើវិញ 2-2 នៅ 10 នាទីមុនចប់វគ្គទី១។

 

ក្រុមការពារតំណែងជើងឯកបានបញ្ចប់ការវាយបកនៅនាទីទី59 នៅពេល Marcus Thuram រកបានគ្រាប់ទី៣ពីក្នុងប្រអប់ពិន័យ បន្ទាប់ពីទទួលបាល់បញ្ជូនត្រឡប់ក្រោយរបស់ Andy Diouf ពីជិតបន្ទាត់ចុងទី។

 

Francesco Esposito បានបន្ថែមគ្រាប់ទី៤ ខណៈ Ange-Yoan Bonny រកបានគ្រាប់ទី៥នៅសល់ 11 នាទីទៀត មុនចប់ការប្រកួត ដើម្បីធ្វើឱ្យ Inter នាំមុខ 5-2។

 

Udinese បានរកបានមួយគ្រាប់បន្ថែមនៅម៉ោងបន្ថែម តាមរយៈ Idrissa Gueye ប៉ុន្តែវាគ្រាន់តែជាគ្រាប់លួងចិត្តប៉ុណ្ណោះ។

 

Roma រក្សាកំណត់ត្រាឈ្នះ 100%

 

Roma បានរកជ័យជម្នះ 4 ប្រកួតជាប់គ្នា នៅ Serie A បន្ទាប់ពីយកឈ្នះ Torino 2-0 ដោយសារគ្រាប់បាល់របស់ Donyell Malen និង Niccolo Pisilli។

 

Malen បានបើកការនាំមុខ 5 នាទីមុនចប់វគ្គទី១ បន្ទាប់ពីឆក់បានបាល់ពីការបញ្ជូនខុសរបស់អ្នកចាំទី Lucas Perri ដែលត្រូវបាន Paulo Dybala ស្ទាក់បាន។

 

Pisilli បានបិទបញ្ចប់ជ័យជម្នះរបស់ Roma នៅម៉ោងបន្ថែម ដោយទាត់បាល់ចូលទីពីមុំមួយ បន្ទាប់ពី Gianluca Mancini ខំរក្សាបាល់មិនឱ្យចេញក្រៅទីលាននៅក្បែរបន្ទាត់ចុងទី។

 

គ្រូបង្វឹក Roma លោក Gian Piero Gasperini បានសរសើរការយល់ចិត្តគ្នារវាង Malen និង Dybala។

 

លោកបានប្រាប់ DAZN Italia ថា៖ «ជាក់ស្តែង ពួកគេទាំងពីរជាកីឡាករដែលមានទេពកោសល្យខ្ពស់រៀងៗខ្លួន ប៉ុន្តែពួកគេក៏អាចបំពេញគ្នាបានយ៉ាងល្អក្នុងនាមជាគូប្រយុទ្ធផងដែរ។ ពួកគេសហការគ្នាយ៉ាងល្អ ដើម្បីបង្កើតឱកាស និងរកគ្រាប់បាល់ក្នុងការប្រកួតជាច្រើន»។

 

ដោយនិយាយអំពីជំនួបជាមួយក្រុមការពារតំណែងជើងឯក Inter នៅថ្ងៃសៅរ៍ លោក Gasperini បានបន្ថែមថា៖ «វាជាឱកាសសម្រាប់យើង ដើម្បីវាស់ស្ទង់សមត្ថភាពជាមួយក្រុមល្អបំផុត និងបង្ហាញថា យើងអាចធ្វើបានល្អជាងការបង្ហាញទម្រង់លេងក្នុងការប្រកួតកន្លងមក»។

 

នៅក្នុងការប្រកួតមួយផ្សេងទៀត Como បានបន្តទម្រង់លេងល្អ បន្ទាប់ពីឈ្នះ RB Leipzig ក្នុងការបង្ហាញខ្លួនលើកដំបូងនៅ Champions League ដោយយកឈ្នះ Parma 2-1 ក្នុងការប្រកួតក្នុងផ្ទះនៅ Serie A។

 

Jacobo Ramon និង Kaiki Bruno ជាអ្នករកគ្រាប់បាល់ឱ្យក្រុមរបស់គ្រូបង្វឹក Cesc Fabregas។

...

 

Fabregas បាននិយាយថា៖ «នេះជាជ័យជម្នះដ៏សំខាន់សម្រាប់ខ្ញុំក្នុងនាមជាគ្រូបង្វឹក ព្រោះខ្ញុំចាប់ផ្តើមយល់កាន់តែច្បាស់ថា តើយើងអាចក្លាយជាក្រុមបែបណា»៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print