ឥស្សរជនសំខាន់ក្នុងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានទទួលមរណភាព

ចែករំលែក៖

អតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើង លោក Yun Tong-hyon ដែលជាមន្ត្រីយោធាសំខាន់ម្នាក់ដែលត្រូវបានគេជឿថាបានជាប់ពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង បានទទួលមរណភាពនៅថ្ងៃទី១៣ ខែកញ្ញា។

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) មេដឹកនាំ គីម ជុងអ៊ុន បានសម្តែងការសោកស្ដាយយ៉ាងខ្លាំង និងបានផ្ញើកម្រងផ្កាដើម្បីរំលឹកដល់លោក Yun នៅថ្ងៃទី១៤ ខែកញ្ញា។
KCNA បានផ្សាយថា លោក Yun “បានរួមចំណែកដល់ការពង្រឹងសមត្ថភាពបច្ចេកវិទ្យារបស់យោធាគ្រប់បែបយ៉ាង តាមរយៈការកាន់តំណែងសំខាន់ក្នុងឧស្សាហកម្មការពារជាតិអស់រយៈពេលជាយូរមកហើយ”។
លោក Yun គឺជាមន្ត្រីយោធាសំខាន់ម្នាក់ដែលតែងតែអមដំណើរលោក Kim ក្នុងដំណើរទស្សនកិច្ចត្រួតពិនិត្យកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេស និងសមយុទ្ធយោធា។
លោក Yun ត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិនៅក្នុងឆ្នាំដំបូងនៃការគ្រប់គ្រងរបស់លោក Kim។ ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០១០ លោកតែងតែបង្ហាញខ្លួនជាមួយមេដឹកនាំកូរ៉េខាងជើង នៅពេលដែលលោក Kim Jong-un បានសង្កេតមើលការបាញ់សាកល្បងប្រព័ន្ធបាញ់រ៉ុក្កែត និងមីស៊ីលជាច្រើន។
នៅក្នុងសុន្ទរកថាមួយដែលបានប្រារព្ធឡើងដើម្បីរំលឹកដល់ការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំរបស់កូរ៉េខាងជើងក្នុងឆ្នាំ ២០១៦ លោក Yun បានព្រមានថាទីក្រុងព្យុងយ៉ាងអាចនឹងបើកការវាយប្រហារនុយក្លេអ៊ែរជាមុន ប្រសិនបើសត្រូវគំរាមកំហែងដល់អំណាចកូរ៉េខាងជើង។
ពេញមួយអាជីពរបស់លោក លោក Yun បានជួបប្រទះនឹងការឡើងឋានៈ និងការបន្ទាបឋានៈជាច្រើនលើក ប៉ុន្តែបានកាន់តំណែងជាឧត្តមសេនីយ៍ចាប់តាំងពីឆ្នាំ ២០១៥។ លោកហាក់ដូចជាបានបាត់ខ្លួនពីសាធារណជនចាប់តាំងពីឆ្នាំ ២០១៨៕

រូប​ថត​: Yonhap

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print