សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពចំពោះវិស័យឧស្សាហកម្មកម្ពុជា

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា វិស័យឧស្សាហកម្មកម្ពុជាបានកើនឡើងដល់ ៤២,៣% នៅឆ្នាំ២០២៥ ខណៈមូលដ្ឋានសេដ្ឋកិច្ចជាតិបានប្រែប្រួលពីកសិកម្មសុទ្ធសាធ ទៅជាមូលដ្ឋានឧស្សាហកម្មដ៏រឹងមាំ និងមានតម្លៃបន្ថែមខ្ពស់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង ឯ.ក (TH Automotive Manufacturing Co.,Ltd.) និងខ្សែច្រវាក់ផលិតកម្មរថយន្តម៉ាក GAC នៅខេត្តកំពង់ឆ្នាំង។

 

នៅក្នុងឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រយះពេលជាង ៣ទសវត្សរ៍មកនេះ មូលដ្ឋានសេដ្ឋកិច្ចកម្ពុជាបានផ្លាស់ប្ដូរយ៉ាងសកម្ម តាមរយៈការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ និងចំទិសដៅ ហើយជាលទ្ធផល ជាក់ស្ដែងចំណែកនៃវិស័យឧស្សាហកម្មក្នុងផលិតផលក្នុងស្រុកសរុបដែលមានត្រឹមតែ ១២,៦% នៅឆ្នាំ១៩៩៣ បានកើនឡើងដល់ ៤២,៣% នៅឆ្នាំ២០២៥ ជាមួយនឹងនិន្នាការបន្តកើនឡើងបន្តទៀត ដែលបង្ហាញពីជោគជ័យនៃការធ្វើបរិវត្តកម្មពីឧស្សាហកម្មពឹងផ្អែកលើកម្លាំងពលកម្ម ឆ្ពោះទៅរកឧស្សាហកម្មប្រើប្រាស់ជំនាញ និងបច្ចេកវិទ្យាខ្ពស់។

 

ទន្ទឹមនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការរីកលូតលាស់នៃរោងចក្រសហគ្រាសក្នុងប្រទេស មិនត្រឹមតែបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្ទេរជំនាញពិតប្រាកដដល់កូនខ្មែរ និងបង្កើតធនធានមនុស្សកម្ពុជាឱ្យមានភាពធន់រឹងមាំផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print