ខេត្តបាត់ដំបង ៖ យុវជនម្នាក់ត្រូវរន្ទះបាញ់ស្លាប់ពេលកំពុងបើកបរគោយន្ត ខណៈពូរបស់គេដែលអង្គុយលើរ៉ឺម៉កខាងក្រោយមិនរងរបួសទេ ពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង កាលពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចទំនប់អាងភាស ស្ថិតក្នុងភូមិទំពូង ឃុំតាពូង ស្រុកថ្មគោល ។
សមត្ថកិច្ចមិនទាន់មានរបាយការណ៍ជាក់លាក់អំពីគ្រោះថ្នាក់ដោយអភូតហេតុគ្រោះធម្មជាតិនេះនៅឡើយទេ ប៉ុន្តែបើតាមអ្នកភូមិដែលបង្ហោះតាមបណ្ដាញសង្គមបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហឿប ញឿន ហៅតក់ ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកបើកគោយន្ត បានស្លាប់ រីឯអ្នកជិះរ៉ឺម៉កខាងក្រោយត្រូវជាពូរបស់ជនរងគ្រោះមិនរងរបួសទេ ។
អធិការស្រុកថ្មគោលបានប្រាប់ដែរថា ហេតុការណ៍បានកើតឡើង គឺមន្ត្រីមូលដ្ឋានមិនបានដឹងភ្លាមៗទេ លុះក្រុមគ្រួសារជនរងគ្រោះដឹកសាកសពដល់ផ្ទះ និងបានរៀបចំតម្កល់សពក្នុងម្ឈូសទៅហើយ ទើបគេរាយការណ៍ប្រាប់សមត្ថកិច្ច ។ ប៉ុន្តែលោកអធិការបានបញ្ជាក់ថា បើតាមព័ត៌មានបឋមដែលលលោកទទួលបាន ជនរងគ្រោះពូនិងក្មួយនេះ បានបើកបរគោយន្តកន្ត្រៃលើទំនប់អាងភាសពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ។ អ្នកបើកគោយន្តបានស្លាប់ រីឯម្នាក់ទៀតដែលជិះលើរ៉ឺម៉កមិនរងរបួសទេ ៕
ដោយ៖ សុរិយា










