ក្មេងស្រី៣នាក់ សុំឪពុកម្តាយរួចនាំគ្នាជិះកង់ទៅលេងទឹកប្រឡាយខាងកើតភូមិ ជួបគ្រោះអកុសលលង់ទឹកស្លាប់២នាក់

ចែករំលែក៖

ខេត្ត​សៀម​រា​ប ៖ ក្មេង​ស្រី​ចំនួន​​៣​នាក់ សុំ​ឪពុក​ម្តាយរួចជិះកង់​បបួល​គ្នា​ទៅ​មុជទឹក​ប្រឡាយ ​នៅ​​ខាងកើត​ភូមិ ស្រាប់តែជួបអកុសល​លង់​ទឹក​ស្លាប់​២​នា​ក់ នៅ​សល់ម្នាក់​ជិះ​កង់​មក​ប្រាប់ឪពុក​ម្តាយខាងជន​រង​គ្រោះ បង្ក​ការ​ភ្ញាក់ផ្អើលពេញ​ភូមិ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ត្រង់​ចំណុច​ប្រឡាយ​វាលស្រែ​ខាងកើត​ភូមិមាន​ចម្ងាយ​ប្រមាណ ៦០០​ម៉ែត្រ​ពី​ភូមិ និង​ជម្រៅ​ទឹក​ប្រមាណ​២,៥​ម៉ែត្រ ស្ថិត​ក្នុងភូមិ​​ទឹកថ្លា ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្តសៀមរាប ។

សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​កាលពី​​ល្ងាច​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៦ ថា ​ក្មេងស្រី​រងគ្រោះទាំង២នាក់​ខាងលើ​ ​​ ១-​ឈ្មោះ រី ស៊ី​នា​ន អាយុ​៩​ឆ្នាំ ​ជា​សិស្ស នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ឪពុក​ឈ្មោះ រ៉​ង រី អាយុ​ ៤៤​ឆ្នាំ មុខរបរ ធ្វើស្រែ និងម្តាយ​ឈ្មោះ ផា​ន់ នឿ​ត អាយុ ៤៥ មុខរបរ ធ្វើស្រែ ​និង​២-​ឈ្មោះ ប៊ុ​ន​ថា​ន ស៊ី​ណាត អាយុ​៨​ឆ្នាំ សិស្ស នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ មានឪពុក​ឈ្មោះ ឈឿ​ម ថា​ន អាយុ ៣២ឆ្នាំ មុខរបរនិង ម្តាយ​ឈ្មោះ ព្លេ​ង ចុង អាយុ ៣១ឆ្នាំ​ មុខរបរធ្វើស្រែ ។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ផា​ន វ៉ា​រិ​ន ភេទ​ស្រី អាយុ​៨​ឆ្នាំ ជា​មិត្ត​ភក្តិ​រ​បស់​​ក្មេង​ស្រីរងគ្រោះ​​ទាំង​២ នាក់ បាន​ប្រាប់​សមត្ថកិច្ច​​ឱ្យ​ដឹង​​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៦ ‎​រូបគេ និង​មិត្ត​ភក្តិ​២​នាក់​ទៀត គឺ​ឈ្មោះ រី ស៊ី​នា​ន និងឈ្មោះ​ប៊ុ​ន​ថា​ន ស៊ី​ណាត បាន​នាំ​គ្នា​ជិះ​កង់​ទៅ​លេង​ទឹក​ប្រឡាយ នៅ​វាលស្រែ​ខាងកើត​ភូមិ ពេល​ទៅ​ដល់​រូបគេ មិន​បាន​ចុះ​លេង​ទឹកនោះ​​ទេ មាន​តែ​ឈ្មោះ រី ស៊ី​នា​ន និង​ឈ្មោះ ប៊ុ​ន​ថា​ន ស៊ី​ណាត ដែល​បាន​ចុះ​លេង​ទឹក​ប្រឡាយ​នោះ ។

តាមប្រភពដដែលបានបន្តថា លុះ​ពេល​ពួក​គេ​ទាំង​២ ​កំពុង​ហែល​លេង​ក្នុង​ទឹកបាន​មួយសន្ទុះ​ ស្រាប់តែឃើញ​អ្នក​ទាំង​២​លង់ទឹក​ដោយ​លើកដៃ​បោយ​ហៅ​រូបនាង​ជួយ​ តែ​រូប​នាង​មិន​ហ៊ាន​ចុះ​ជួយ​ទេ​ ខ្លាច​លង់​ទឹកជា​មួយ ។ បន្ទាប់​មក នាង​​ភ័យ​ខ្លាំង​ក៏​ជិះ​កង់​ទៅ​ប្រាប់​ឈ្មោះ រ៉​ង រី នៅ​ឯ​ភូមិ​ដែល​ត្រូវជា​ឪពុក​របស់​ឈ្មោះ រី ស៊ី​នា​ន ដោយ​ប្រាប់​ថា​ឈ្មោះ រី ស៊ី​នា​ន និង ឈ្មោះ ប៊ុ​ន​ថា​ន ស៊ី​ណាត បាន​លង់ទឹក​ហើយ ។ ពេល​នោះ​ឈ្មោះ រ៉​ង រី ជា​ឪពុក និង​​អ្នក​ភូមិ​ក៏​ផ្អើល​​បាន​នាំ​គ្នា​ទៅ​ជួយដែរ​ ប៉ុន្តែ​ជា​អកុសល​ក្មេងស្រី​​ទាំង​២ បាន​ស្លាប់​បាត់បង់​ជីវិតទៅ​ហើយ ។

តាម​ប្រភព​ពី​សមត្ថកិច្ចបន្ថែម​ថា តាម​ការ​បំភ្លឺ​របស់​ឈ្មោះ រ៉​ង រី ត្រូវជា​ឪពុក​របស់​​​ក្មេងស្រីរងគ្រោះ​ឈ្មោះ រី ស៊ី​នា​ន បាន​​ឱ្យដឹង​ថាអំឡុង​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃកើតហេតុ កូនស្រី​របស់​គាត់ឈ្មោះ រី ស៊ី​នា​នបាន​សុំ​គាត់ ជិះ​កង់​ទៅ​លេង​ទឹក​ប្រឡាយ​វាលស្រែ​ខាងកើត​ភូមិ​ជាមួយ​មិត្ត​ភក្តិ​​របស់​គេ ២​នាក់​ទៀត រួម​មាន ឈ្មោះ ប៊ុ​ន​ថា​ន ស៊ី​ណាត ភេទ​ស្រី ​និង​ឈ្មោះ ផា​ន វ៉ា​រិ​ន ភេទ​ស្រី ។

​ស្រាប់តែ​វេលា​ម៉ោង១រសៀល​ថ្ងៃដដែល ឃើញ​ឈ្មោះ ផា​ន វ៉ា​រិ​ន បាន​រត់​មក​ផ្ទះ​ហើយ​ប្រាប់​គាត់​ថា ឈ្មោះ រី ស៊ី​នា​ន និង​ឈ្មោះ ប៊ុ​ន​ថា​ន ស៊ី​ណាត បាន​លង់ទឹក​ប្រឡាយ​នៅ​ខាងកើត​ភូមិ​​ត្រង់​​ចំណុច​កើតហេតុ​ខាងលើ​ ។​ ពេល​នោះ​រូប​គាត់​និង​អ្នក​ភូមិ​ក៏​បាន​នាំ​គ្នា​ទៅ​មើល​តែ​មិន ឃើញ ក៏​នាំ​គ្នា​ចុះ​រាវរក​ក្នុង​ទឹក​ប្រឡាយ​នោះ​ហើយ​បាន​ប្រទះ​ឃើញ​សព​ក្មេងស្រី​ទាំង​២នាក់​ រួច​ក៏​នាំ​គ្នា​ស្រង់​យក​មក​លើគោក ដោយ​បាន​ធ្វើ​ចលនា​សង្គ្រោះ​បឋមដែរ​ តែ​​ក្មេងស្រី​រងគ្រោះ​​ទាំង​២​នៅ​តែ​មិនដឹង​ខ្លួន ។ ដោយ​មិន​អស់ចិត្ត​ ក្រុម​គ្រួសារ​ក៏​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រែ​ខ្វាវបន្ត ហើយ​ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​ និង​ប្រាប់​ថា ​ក្មេងស្រី​រងគ្រោះ​​ទាំង​២​នាក់​បាន​ស្លាប់​បាត់​ហើយ​។​

សមត្ថកិច្ច បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ការ​ពិនិត្យ​សាក សពនៅ​គេហដ្ឋាន​របស់​​ក្មេងស្រីរងគ្រោះ​ទាំង២នាក់​ ស្ថិត​នៅ​ភូមិ​ទឹកថ្លា ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្ត​សៀម​រាប​.​គ្រប់​ផ្នែក​ទាំងអស់​នេះរាងកាយក្មេងស្រីរងគ្រោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ទេ​។

យោង​តាម​ការ​បំភ្លឺ​ពី​សាក្សី និង​ការ​ពិនិត្យ​សាកសព និង​តាម​ការ​បញ្ជាក់​ពី​លោកគ្រូ​ពេទ្យ​មណ្ឌល​សុខភាព ស្រែ​ខ្វាវ​ សមត្ថកិច្ច​បាន​​សន្និដ្ឋាន​ថា ក្មេងស្រីរងគ្រោះទាំង២នាក់​​ស្លាប់​ដោយ​សារ​លង់ទឹកពិតប្រាកដ​មែន​។​ បើ​តាម​​ឪពុកម្តាយរបស់​ក្មេងស្រីរងគ្រោះ ​បាន​ទទួល​ស្គាល់​ថា ​កូនស្រី​ទាំង​២​នាក់​របស់​ពួកគាត់​ បាន​លង់ទឹក​ស្លាប់​ពិតមែន ។

បច្ចុប្បន្ន កម្លាំង​នគរបាល​ស្រុក​អង្គរជុំ​ ក៏បានប្រគល់​សាកសព​ក្មេង​ស្រី​រងគ្រោះ​ទាំង ២​នាក់ ​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រួចរាល់អស់ហើយ​ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print