សារព័ត៌មាន AFP បានផ្សាយថា ក្រសួងការបរទេសអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសឱ្យដឹងថាទីក្រុងវ៉ាស៊ីនតោនបានអនុម័តការលក់យន្ដហោះចម្បាំងបំបាំងកាយ F-35 ចំនួន៤៨គ្រឿងគិតជាទឹកប្រាក់ ២៤,៣ពាន់លានដុល្លារ ទៅឱ្យអារ៉ាប៊ីសាអូឌីត ដែលនេះជាការទិញអាវុធដ៏ធំចុងក្រោយបំផុតមួយរបស់ទីក្រុងរីយ៉ាដចាប់តាំងពីសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើងកាលពីចុងខែកុម្ភៈមក។
អារ៉ាប៊ីសាអូឌីតបានស្វះស្វែងព្យាយាមទិញយន្ដហោះចម្បាំង F-35 ពីសហរដ្ឋអាមេរិកជាយូរណាស់មកហើយ។ ប៉ុន្តែក្រុមមន្ត្រីមកពីអ៉ីស្រាអែលដែលបច្ចុប្បន្នជាប្រទេសតែមួយគត់ ក្នុងតំបន់មជ្ឈិមបូព៌ាកំពុងធ្វើប្រតិបត្តិការយន្ដហោះចម្បាំងដ៏ទំនើបមួយនេះបានបង្ហាញការព្រួយបារម្ភពីការលក់ F-35 ទៅឱ្យទីក្រុងរីយ៉ាដ បើទោះជាអ៉ីស្រាអែលកំពុងជំរុញការភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាមួយអារ៉ាប៊ីសាអូឌីតក៏ដោយ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិកបានគូសបញ្ជាក់ថា «ការលក់យន្ដហោះចម្បាំង F-35 នឹងជួយធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់អារ៉ាប៊ីសាអូឌីតដើម្បីកំញើញទប់ស្កាត់ការគំរាមកំហែងក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគតតាមរយៈការពង្រឹងសមត្ថភាពការពារខ្លួនឯង ហើយក៏នឹងធ្វើឱ្យប្រសើរឡើងផងដែរការធ្វើអន្តរប្រតិបត្តិការជាមួយកងកម្លាំងអាមេរិក»។ តាមសេចក្ដីថ្លែងការណ៍ដដែល យន្ដហោះចម្បាំង F-35 ក៏នឹងជួយពង្រឹងផងដែរសមត្ថភាពរបស់អារ៉ាប៊ីសាអូឌីតក្នុងការធ្វើប្រតិបត្តិការយន្ដហោះចម្បាំង ព្រមទាំងសមត្ថភាពវាយប្រហារនៅលើអាកាស និងពីអាកាសទៅលើដី។
ក្រសួងការបរទេសអាមេរិកបានជូនដំណឹងទៅកាន់សភារួចហើយពីការអនុម័តការលក់យន្ដហោះចម្បាំង F-35 ទៅឱ្យអារ៉ាប៊ីសាអូឌីត ដើម្បីស្នើសុំការអនុម័ត។ តែមិនបានបង្ហើបឱ្យដឹងថាតើការប្រគល់នឹងត្រូវធ្វើឡើងនៅពេលណានោះទេ៕

រូបថត: dantri









