ខេត្តស្ទឹងត្រែង៖ អាជ្ញាធរខេត្តស្ទឹងត្រែងបានបើកប្រតិបត្តិការស្រាវជ្រាវ និងចាត់វិធានការក្តៅភ្លាមៗ ដោយបានសម្រេចបិទសៀល (Seal) ទូររថយន្តកុងតឺន័រចំនួន ១១គ្រឿង ជាបណ្តោះអាសន្ន ក្រោយរកឃើញការដឹកជញ្ជូន និងរក្សាទុកឧបករណ៍គ្រឿងដែកបង្គំសង្ស័យសម្រាប់ធ្វើសាឡុងបូមខ្សាច់ ឬបូមមាស ដោយគ្មានប្រភព និងលិខិតអនុញ្ញាតច្បាស់លាស់ នៅក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការដឹកនាំផ្ទាល់ពីលោក ទូច គង្គា អភិបាលរងខេត្ត តំណាងឱ្យលោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមជាមួយក្រុមការងារជំនាញ និងអាជ្ញាធរពាក់ព័ន្ធ។ ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍អំពីភាពមិនប្រក្រតី នៃការដឹកជញ្ជូនទំនិញតាមរថយន្តធុនធ្ងន់ចំនួន ១១គ្រឿង ចូលមកកាន់ទីតាំងដាច់ស្រយាលក្នុងភូមិសាស្ត្រ ភូមិកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
តាមការស្រាវជ្រាវ និងត្រួតពិនិត្យជំហានដំបូងរបស់សមត្ថកិច្ច បានឱ្យដឹងថា ករណីនេះមានការពាក់ព័ន្ធនឹងជនជាតិចិនចំនួន ៣នាក់ ដែលបាននាំចូល និងរក្សាទុកសម្ភារទាំងនោះ។ ផ្អែកតាមការពិនិត្យជាក់ស្តែងនៅលើទីតាំង ឧបករណ៍ និងគ្រឿងដែកដែលផ្ទុកនៅក្នុងទូររថយន្តកុងតឺន័រទាំង ១១គ្រឿងនោះ គឺជាគ្រឿងដែកបង្គំសម្រាប់រៀបចំធ្វើជាសាឡុងខ្នាតធំ ដែលត្រូវបានគេសង្ស័យថា ប្រើប្រាស់ក្នុងសកម្មភាពអាជីវកម្មបូមខ្សាច់ ឬបូមមាសដោយខុសច្បាប់ ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានរ៉ែក្រោមដី បរិស្ថានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់។
ដើម្បីធានាសន្តិសុខ ភាពស្របច្បាប់ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិឱ្យបានទាន់ពេលវេលា ក្រុមការងារចម្រុះបានសម្រេច៖ ឃាត់ទុក និងបិទសៀល (Seal) ទូររថយន្តកុងតឺន័រទាំង ១១គ្រឿងជាបណ្តោះអាសន្ននៅនឹងកន្លែង និងចេញលិខិតកោះហៅតំណាងក្រុមហ៊ុន និងភាគីពាក់ព័ន្ធ មកបំភ្លឺជាផ្លូវការអំពីប្រភព គោលបំណងពិតប្រាកដនៃការនាំចូល និងការរក្សាទុកឧបករណ៍ទាំងនេះ។
អាជ្ញាធរខេត្តស្ទឹងត្រែង និងមន្ត្រីជំនាញ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បាននិងកំពុងបន្តនីតិវិធីស្រាវជ្រាវយ៉ាងម៉ត់ចត់ ដើម្បីប្រមូលភស្តុតាង និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ រាល់ទង្វើណាដែលប៉ះពាល់ដល់ធនធានធម្មជាតិ និងផលប្រយោជន៍សង្គមជាតិ៕










