ខេត្តតាកែវ៖ លោក វ៉ី សំណាង ប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ នារសៀលថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ ២០២៦ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្ស ធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ទៅប្រគល់ជូនប្រជាពលរដ្ឋចំនួន ៨២ គ្រួសារ ដែលបានរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ មកពីឃុំចំនួនបី ក្នុងស្រុកអង្គរបូរី ខេត្ត តាកែវ ។
មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មា ធិការសាខា មន្ត្រីប្រតិបត្តិសាខា មន្ត្រីអនុសាខា ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ផងដែរ។
ក្នុងឱកាសនោះ លោក វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក និងអាណិតអាសូរជាពន់ពេកពីសំណាក់ លោកបណ្ឌិត ជា វ៉ាន់ដេត ប្រធាន កិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរ និងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ នៅគ្រប់ទិសទី ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬសាសនាឡើយ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។
ជាមួយគ្នានេះ លោកប្រធានគណៈកម្មាធិការសាខា ក៏បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងជាមួយគ្រួសាររងគ្រោះទាំងអស់ ជាពិសេសគ្រួសារដែលត្រូវរលំផ្ទះមួយខ្នង ដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គឡើងខ្លាំងនាពេលនេះ ឯកឧត្តមបានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាព ថែរក្សាសុខភាព អនាម័យ និងប្រយ័ត្នប្រយែងកូនចៅតូចៗពីគ្រោះ ថ្នាក់លង់ទឹក ឬសត្វអាសិរពិសផ្សេងៗ ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង ៨២ គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន ៖អង្ករ ២៥ គីឡូក្រាម មី ១ កេសត្រីខ ១ យួរ ប្រេងឆា ១ លីត្រ ទឹកត្រី ៣ ដប និងទឹកស៊ីអ៊ីវ ៣ ដប នំ ១ កញ្ចប់ សម្ភារប្រើប្រាស់កន្ទេល ១, មុង ១, ភួយ ១, សារុង ១, ក្រម៉ា ១ ថវិកាចំនួន ២០,ម៉ឺនរៀល។
ដោយឡែក សម្រាប់គ្រួសារប្រជាពលរដ្ឋដែលរងគ្រោះធ្ងន់ធ្ងរបណ្តាលឱ្យរលំផ្ទះចំនួន ១ ខ្នង ទទួលបានការឧបត្ថម្ភបន្ថែមនូវ តង់ធំមួយ និង ថវិកាចំនួន ២០ម៉ឺនរៀលបន្ថែមទៀត (សរុបថវិកា ២២០,០០០ រៀល) ដើម្បីជួយសម្រួលទុក្ខធុរៈផងដែរ ៕
ប្រភពៈ រដ្ឋបាលខេត្តតាកែវ

















