គ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង Zinedine Zidane បានបញ្ជាក់កាលពីថ្ងៃសុក្រថា Kylian Mbappe នឹងកាន់តំណែងជាប្រធានក្រុមបារាំង បន្ទាប់ពីលោកប្រកាសបញ្ជីកីឡាករជម្រើសជាតិលើកដំបូង ចាប់តាំងពីត្រូវបានតែងតាំងជាអ្នកស្នងតំណែងរបស់ Didier Deschamps ជាគ្រូបង្វឹកក្រុមមាន់គក។
តារាឆ្នើមរបស់ Real Madrid Mbappe បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោក្នុងតួនាទីជាប្រធានក្រុមនៅ World Cup ហើយបានបញ្ចប់ការប្រកួតក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងព្រឹត្តិការណ៍ ដោយរកបាន ១០គ្រាប់។ ប៉ុន្តែបារាំងបានចាញ់អេស្ប៉ាញ ដែលបន្តក្លាយជាម្ចាស់ជើងឯក ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
លទ្ធផលនេះបានបិទបញ្ចប់អាណត្តិ ១៤ឆ្នាំ របស់ Deschamps ក្នុងតំណែងជាគ្រូបង្វឹកបារាំង ដែលសមិទ្ធផលលេចធ្លោបំផុតរបស់លោកគឺការដឹកនាំក្រុមឱ្យឈ្នះ World Cup 2018។
Zidane ដែលធ្លាប់លេងជាមួយ Deschamps ក្នុងក្រុមជម្រើសជាតិបារាំង ដែលឈ្នះ World Cup 1998 និង Euro 2000 ត្រូវបានប្រកាសជាគ្រូបង្វឹកថ្មីនៅចុងខែកក្កដា ក្រោមកិច្ចសន្យារយៈពេល ៤ឆ្នាំ។
ការប្រកួតដំបូងរបស់ Zidane ក្នុងតំណែងថ្មី នឹងធ្វើឡើងក្នុងពាន UEFA Nations League ដោយបារាំងត្រូវធ្វើដំណើរទៅជួប តួកគី នៅថ្ងៃសុក្រសប្តាហ៍ក្រោយ មុនពេលជួប បែលហ្ស៊ិក នៅទីក្រុង Brussels នៅថ្ងៃទី២៨ ខែកញ្ញា។
ការប្រកួតក្នុងទឹកដីលើកដំបូងរបស់ Zidane នឹងជាការជួបជាមួយ អ៊ីតាលី នៅកីឡដ្ឋាន Stade de France នៅថ្ងៃទី២ ខែតុលា។ បន្ទាប់មក បារាំងនឹងទទួលបែលហ្ស៊ិកបីថ្ងៃក្រោយ។
Zidane វ័យ ៥៤ឆ្នាំ ដែលធ្លាប់ឈ្នះពាន Ballon d’Or បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករកាលពីឆ្នាំ២០០៦ បន្ទាប់ពីត្រូវបានបណ្តេញចេញដោយកាតក្រហម ព្រោះបានយកក្បាលបុក Marco Materazzi ក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំនោះ ដែលបារាំងបានចាញ់អ៊ីតាលីដោយការទាត់បាល់ពិន័យ ១១ម៉ែត្រ។
ក្នុងបញ្ជីកីឡាករលើកដំបូងរបស់ Zidane មានមុខថ្មីជាច្រើន។
ខ្សែការពារកណ្តាល Jeremy Jacquet វ័យ២១ឆ្នាំ ត្រូវបានកោះហៅជារង្វាន់ចំពោះទម្រង់លេងរបស់គេជាមួយ Liverpool បន្ទាប់ពីផ្ទេរមកកាន់ក្លិប Premier League នៅក្នុងទីផ្សារផ្ទេរកីឡាករមុនរដូវកាលនេះ។
ខ្សែប្រយុទ្ធរបស់ Rennes គឺ Esteban Lepaul ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុង Ligue 1 កាលពីរដូវកាលមុន ក៏ត្រូវបានកោះហៅជាលើកដំបូងផងដែរ ខណៈខ្សែបម្រើ Lucas Da Cunha របស់ Como ក្នុងក្របខណ្ឌ Serie A ក៏មានឈ្មោះក្នុងក្រុម។
ខ្សែបម្រើ ឬខ្សែការពារស្លាប Andy Diouf របស់ Inter Milan និងអ្នកចាំទី Toulouse Guillaume Restes ក៏ត្រូវបានបញ្ចូលក្នុងបញ្ជីផងដែរ។
កីឡាករល្បីៗមួយចំនួនដែលបានចូលរួម World Cup ប៉ុន្តែមិនមានឈ្មោះក្នុងបញ្ជីលើកនេះ រួមមានខ្សែបម្រើ Aurelien Tchouameni របស់ Real Madrid និងខ្សែប្រយុទ្ធ Marcus Thuram របស់ Inter Milan ព្រមទាំងខ្សែការពារ Arsenal William Saliba ដែលកំពុងមានរបួស។
បញ្ជីកីឡាករក្រុមជម្រើសជាតិបារាំង
អ្នកចាំទី៖
Mike Maignan (AC Milan/អ៊ីតាលី), Robin Risser (Lens), Guillaume Restes (Toulouse)
ខ្សែការពារ៖
Andy Diouf (Inter Milan/អ៊ីតាលី), Jeremy Jacquet (Liverpool/អង់គ្លេស), Ibrahima Konate (Real Madrid/អេស្ប៉ាញ), Pierre Kalulu (Juventus/អ៊ីតាលី), Jules Kounde (Barcelona/អេស្ប៉ាញ), Maxence Lacroix (Chelsea/អង់គ្លេស), Adrien Truffert (Bournemouth/អង់គ្លេស), Dayot Upamecano (Bayern Munich/អាល្លឺម៉ង់)
ខ្សែបម្រើ៖
Eduardo Camavinga (Real Madrid/អេស្ប៉ាញ), Rayan Cherki (Manchester City/អង់គ្លេស), Lucas Da Cunha (Como/អ៊ីតាលី), Manu Kone (Roma/អ៊ីតាលី), Adrien Rabiot (AC Milan/អ៊ីតាលី), Warren Zaire-Emery (Paris Saint-Germain)
ខ្សែប្រយុទ្ធ៖
Bradley Barcola (Liverpool/អង់គ្លេស), Ousmane Dembele និង Desire Doue (ទាំងពីរ Paris Saint-Germain), Esteban Lepaul (Rennes), Kylian Mbappe (Real Madrid/អេស្ប៉ាញ), Michael Olise (Bayern Munich/អាល្លឺម៉ង់)៕










