ភ្នំពេញ ៖ តាមរយះសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ”ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានមានប្រសាសន៍ថា ៖ សន្តិភាពពេញលេញដែលរាជរដ្ឋាភិបាលកម្ពុជាខិតខំកសាង ជាមួយនឹងការគាំទ្រយ៉ាង ទូលំទូលាយពីប្រជាជាតិយើងទាំងមូល អស់រយៈពេល ២៦ឆ្នាំកន្លងមកនេះ ត្រូវបានគំរាមកំហែង និង ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែសង្គ្រាមនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ សង្គ្រាមនេះបានឆក់យកជីវិត និងបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជាប់ព្រំដែន ហើយពេលនេះមានប្រជាជន ភៀសសឹករាប់ពាន់គ្រួសារ ដែលមិនទាន់អាចវិលទៅលំនៅឋានដើមវិញនៅឡើយ។
បទពិសោធប្រវត្តិសាស្ត្រដ៏ជូរចត់ និងស្ថានភាពជាក់ស្តែងនៃពិភពលោកនាពេលបច្ចុប្បន្ន បានបង្ហាញយ៉ាងច្បាស់ថា ច្បាប់អន្តរជាតិមិនអាចធានាសន្តិភាពបានឡើយ ប្រសិនបើខ្វះឆន្ទៈនយោបាយ ពិតប្រាកដ និងការអនុវត្តជាក់ស្តែងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។
ដើម្បីឱ្យសន្តិភាពអាចចាក់ឫសយ៉ាងជ្រៅ រឹងមាំ និងមានចីរភាព កម្ពុជាតែងតែប្រកាន់ខ្ជាប់យ៉ាង ម៉ឺងម៉ាត់នូវជំហរគោរពអធិបតេយ្យ និងសមភាពរវាងរដ្ឋ ការលុបបំបាត់វប្បធម៌ប្រើប្រាស់កម្លាំង ការអនុវត្ត កាតព្វកិច្ចអន្តរជាតិដោយស្មោះត្រង់ ព្រមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងយន្តការពហុភាគី ជាពិសេសការជ្រើសរើសយកវិធីសាស្ត្រដោះស្រាយវិវាទដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ។
សម្តេចលើកយ៉ាងខ្លីថា ៖ សន្តិភាពជាដង្ហើមរស់សម្រាប់កម្ពុជា។ សន្តិភាពនេះហើយ ដែលបានផ្តល់ឱកាសមាសឱ្យប្រទេស យើងអាចស្តារ និងកសាងជាតិឡើងវិញ ជំរុញការកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម និងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងតំបន់ និងសកលលោក។ សន្តិភាពបានអនុញ្ញាតឱ្យ យើងមានលទ្ធភាពផ្តោតធនធានទាំងអស់លើការអភិវឌ្ឍគ្រប់វិស័យ ដើម្បីប្រែក្លាយប្រទេសកម្ពុជាទៅជា តួអង្គដ៏សកម្ម និងមានការទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការអន្តរជាតិ៕
ដោយ ៖ សិលា











