ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៣:២០នាទី ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុកគាស់ក្រឡ សហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចុះប្រតិបត្តិការបង្ក្រាប នៅចំណុចភូមិថ្មី ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ករណីឆបោកតាមប្រព័ន្ធបច្ចឹកវិទ្យា ០១ករណី ក្នុងបទល្មើសជាក់ស្តែង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ឡា កុកគង់ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និង ២-ឈ្មោះ ព្រុំ សុភា ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំងពីរនាក់ បានឆ្លើយសារភាពថា ពួកខ្លួនបានធ្វើការឆបោកជនបរទេស តាមប្រព័ន្ធ Facebook និង Telegram ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ពិតប្រាកដមែន។
ក្នុងរង្វង់បក្រតិបត្តិការ កម្លាំងជំនាញបានចាប់យកវត្ថុតាងរួមមាន៖ កុំព្យូទ័រចំនួន ០២គ្រឿង និងទូរស័ព្ទដៃចំនួន ០២គ្រឿង (ម៉ាក iPhone ០១គ្រឿង និងម៉ាក Tecno ០១គ្រឿង)។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ កំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕










