ខេត្តបាត់ដំបង÷ មន្ត្រីនគរបាលស្រុកឯកភ្នំបានឲ្យដឹងនៅព្រឹកថ្ងៃទី២១ខែកញ្ញានេះថា កាលពីថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០០និង១០នាទី នៅចំណុចមុខវត្តឯកភ្នំ ភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីឆបោកមួយបានកើតឡើងតាមរយៈសុំជិះសាកម៉ូតូអ្នកដទៃជិះគេចខ្លួន។
ករណីនេះកើតឡើងដោយជនសង្ស័យចំនួន១នាក់ ភេទស្រី មិនស្គាល់ឈ្មោះ អាយុប្រហែល១៨ឆ្នាំ បានធ្វើសកម្មភាពទាក់ទងតាមហ្វេសប៊ុក ទៅជនរងគ្រោះឈ្មោះ រ៉េត បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិព្រះអំពិល ឃុំបឹងបត់កណ្តាល ស្រុកបាកាន ខេត្តពោធិសាត់ដែលបានបង្ហោះលក់ម៉ូតូ សុំទិញម៉ូតូពីជនរងគ្រោះ។ លុះពេលជនរងគ្រោះដឹកម៉ូតូយកមកលក់ឲ្យស្រាប់តែជនសង្ស័យសុំសាកជិះរត់គេចខ្លួន។
+សម្ភារបាត់បង់មាន៖ ម៉ូតូចំនួន ០១គ្រឿង ម៉ាកWave i (វ៉េវអ៊ី) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខសៀមរាប 1O-7785 លេខម៉ាស៊ីនJC52E-3909357 លេខតួ RLHJC5207EY-609357។
ក្រោយកើតហេតុសមត្ថកិច្ចទទួលបណ្តឹងពីជនរងគ្រោះអំពីករណីខាងលើ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩និង៣០នាទី នៅចំណុចភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង លោកវរសេនីយ៍ ឯក ឆាយ ម៉ាប់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានដឹកនាំធ្វើការស្រាវជ្រាវស៊ើបអង្កេត កំណត់បានមុខសញ្ញាជនសង្ស័យ និងបាននាំខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះរឿត ស្រីពៅ ភេទស្រី អាយុ១៨ឆ្នាំមានទីលំនៅភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ បាត់ដំបង នាំខ្លួនយកមកសាកសួរ។
+វត្ថុតាងដកហូតរួមមាន៖ ម៉ូតូចំនួន ០១គ្រឿង ម៉ាកWave i(វ៉េវអ៊ី)ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ពាក់ស្លាកលេខសៀមរាប 1O-7785 លេខម៉ាស៊ីនJC52E-3909357 លេខតួRLHJC5207EY-609357។
បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ រីឯសម្ភារៈប្រគល់ជូនជនរងគ្រោះវិញ៕
ដោយ៖ សុរិយា










