លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ចុះត្រួតពិនិត្យវត្ថុតាងឧបករណ៍សម្ភារៈ ដែលបានដកហូតតាមបណ្តាទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(online scams)នៅក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យវត្ថុតាងឧបករណ៍សម្ភារៈ ដែលបានដកហូតតាមបណ្តាទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(online scams)នៅក្នុងរាជធានីភ្នំពេញ និងបានកំពុងរក្សាទុកនៅក្នុងឃ្លាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។

 

គួរជម្រាបជូនថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានលើកឡើងណែនាំ ផែនការងារសន្តិសុខ ត្រូវពង្រឹងលើការងារជំនាញដើម្បីធានាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមកាន់តែល្អប្រសើរ។ បន្តសហការស្រាវជ្រាវបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) ឲ្យបានជាប្រចាំ និងមិនដកថយឡើយ។

 

ការណែនាំបែបនេះរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលកិច្ច ប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែសីហា និង នព្វមាស (៩ខែ) ឆ្នាំ២០២៦ និងលើកទិសដៅការងារអនុវត្តបន្ត ។

 

ជាមួយគ្នានេះ លោកស្នងការ ណែនាំផែនការងារនគរបាលព្រហ្មទណ្ឌ ត្រូវបន្តពង្រឹងការងារជំនាញ បង្ការទប់ស្កាត់បទល្មើស អំពើលួច ឆក់ និងជាពិសេសបង្រ្កាបបទល្មើស ក្មេងទំនើងឲ្យមានប្រសិទ្ធភាព និងមិនលើកលែងឡើយចំពោះក្មេងទំនើងនេះ។ ជាពិសេសត្រូវបន្តគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពមុខសញ្ញាក្មេងទំនើង។ បន្តដឹកនាំវាយតម្លៃសភាពការណ៍ និងដាក់ចេញនូវចំណាត់ការស្រាវជ្រាវបង្រ្កាបបទល្មើសក្មេងទំនើង និងបទល្មើសនានា។ លោកស្នងការ ក៏បានណែនាំផែនការងារប្រឆាំងគ្រឿងញៀន បន្តពង្រឹងស្រាវជ្រាវបង្រ្កាបបទល្មើសគ្រឿងញៀនឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

 

ទន្ទឹមនឹងនេះដែរ លោកស្នងការ ក៏បានណែនាំ បណ្តាប្រធានអង្គភាពអធិការដ្ឋាននគរបាលខណ្ឌ និងការិយាល័យជំនាញ ត្រូវគ្រប់គ្រងកម្លាំងក្រោមឱវាទឲ្យបានច្បាស់លាស់ និងបែងចែកការទទួលខុសត្រូវការងារតាមជំនាញ។

 

សូមជម្រាបជូនផងដែរថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឲ្យអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយគ្មានការបង្អង់ដៃឡើយ។ សម្ដេចបានសង្កត់ធ្ងន់ថា ច្បាប់មានហើយ ដូច្នេះត្រូវតែអនុវត្តឲ្យបានម៉ត់ចត់ និងមានប្រសិទ្ធភាព ដោយមិនបន្ធូរដៃ និងគ្មានការលើកលែង។

 

គួរជម្រាបជូនថា បទបញ្ជានេះត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដោយសម្ដេចបានក្រើនរំលឹកជាប្រចាំឲ្យបន្តបេសកកម្មនេះជានិច្ច ដោយដាច់ខាតមិនអនុញ្ញាតឲ្យបញ្ហានេះកើតមាននៅលើទឹកដីកម្ពុជាទៀតឡើយ៕ដោយ៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print