ខេត្តសៀមរាប៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នៅរដូវកាលបៃតង» ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» ដែលត្រូវបានរៀបចំឡើង ដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរអប្សរា គ្រឹះស្ថានអង្គរ និងអង្គភាពពាក់ព័ន្ធ។ ព្រឹត្តិការណ៍ជិះកង់នេះ មានចម្ងាយផ្លូវប្រមាណ ១២គីឡូម៉ែត្រ និងមានអ្នកចូលរួមពីវិស័យឯកជន អ្នកផលិតមាតិកា Influencers KoLs ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបប្រមាណ ១.២៩៩នាក់ លើសពីការគ្រោងទុក ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសបារាំង បែលហ្ស៊ិក អាល្លឺម៉ង់ ជប៉ុន និងចិនផងដែរ។
ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់ឧបសគ្គក្នុងព្រៃតំបន់អង្គរ ព្រមទាំងចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍សមរាត្រីអង្គរ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្នុងរដូវកាលបៃតងឱ្យកាន់តែច្រើន។
ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «ព្រឹត្តិការណ៍ជិះកង់ក្នុងតំបន់អង្គរ គឺជាកម្មវិធីអមដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍សមរាត្រីអង្គរ និងជាស្ពានតភ្ជាប់បេះដូងអ្នកចូលរួមជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ព្រមទាំងបង្កើតបទពិសោធទេសចរណ៍ថ្មីៗដែលមិនអាចបំភ្លេចបាន នៅលើទឹកដីអង្គរដ៏អច្ឆរិយៈ»។
លោករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ កីឡាករ កីឡាការិនី យុវជន និងភ្ញៀវទេសចរទាំងអស់ ចូលរួមបំផុសស្មារតីស្នេហាជាតិ ស្រឡាញ់មាតុភូមិ ស្គាល់ទឹកដី ថែរក្សាបេតិកភណ្ឌ និងធម្មជាតិ ស្របតាមទស្សនទាន «ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី» និង «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី» ព្រមទាំងរួមគ្នាបង្ហាញទៅកាន់ពិភពលោកថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព មានភាពកក់ក្ដៅ និងបដិសណ្ឋារកិច្ចល្អ ដែលតែងតែស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទី។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារក្រសួងទេសចរណ៍ បន្តសហការជាមួយរដ្ឋបាលខេត្ត ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ រៀបចំ ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរជារៀងរាល់ឆ្នាំ និងកំណត់ព្រឹត្តិការណ៍នេះបញ្ចូលក្នុងប្រតិទិនព្រឹត្តិការណ៍ (Events Calendar) ប្រចាំឆ្នាំរបស់ក្រសួងទេសចរណ៍ ដើម្បីឱ្យក្លាយជាព្រឹត្តិការណ៍ទេសចរណ៍កីឡាដ៏ទាក់ទាញមួយរបស់ខេត្តសៀមរាប និងកម្ពុជា៕
ដោយ៖តារា










