ក្រុមជម្រើសជាតិ ហ្វីលីពីន បានកោះហៅកីឡាករ ១១នាក់ដែលកំពុងប្រកបអាជីពនៅអឺរ៉ុប និងសហរដ្ឋអាមេរិក សម្រាប់ការប្រកួត FIFA ASEAN Cup 2026 ដែលពួកគេនឹងត្រូវជួបក្រុមជម្រើសជាតិ វៀតណាម ក្នុងការប្រកួតបើកឆាកនៅថ្ងៃទី២៦ ខែកញ្ញា។
ជាមួយបញ្ជីកីឡាករដែលមានប្រភពចម្រុះ និងមានកីឡាករដែលធំធាត់នៅក្រៅប្រទេសជាច្រើន ហ្វីលីពីនត្រូវបានរំពឹងថា នឹងក្លាយជាក្រុមដែលមានសមត្ថភាពប្រកួតប្រជែងខ្លាំងនៅក្នុង ពូល B។
ក្នុងបញ្ជីកីឡាករ មានតែកីឡាករម្នាក់ប៉ុណ្ណោះដែលកំពុងលេងក្នុងលីគក្នុងស្រុក គឺខ្សែការពារ Daisuke Sato របស់ One Taguig FC។ កីឡាករដែលនៅសល់សុទ្ធតែប្រកបអាជីពនៅក្រៅប្រទេស ក្នុងនោះ ៨នាក់លេងនៅអឺរ៉ុប និង ២នាក់លេងនៅសហរដ្ឋអាមេរិក។
ស្ថានភាពនេះឆ្លុះបញ្ចាំងពីការអភិវឌ្ឍកីឡាករវ័យក្មេងដែលនៅមានកម្រិតនៅក្នុងប្រទេសមួយ ដែលបាល់ទាត់មិនមែនជាកីឡាដែលមានប្រជាប្រិយភាពខ្លាំង។
ដើម្បីបំពេញចន្លោះនេះ សហព័ន្ធបាល់ទាត់ហ្វីលីពីនបានផ្តោតខ្លាំងលើការស្វែងរកកីឡាករដែលមានឈាមជ័រហ្វីលីពីន ប៉ុន្តែធំធាត់នៅក្នុងប្រទេសដែលមានការអភិវឌ្ឍវិស័យបាល់ទាត់កម្រិតខ្ពស់។
ក្នុងបញ្ជីក្រុមជម្រើសជាតិផ្លូវការ មានតែកីឡាករ Sato, Amani Aguinaldo, Sandro Reyes, Kenji Nishioka និង Javier Gayoso ប៉ុណ្ណោះដែលកើតនៅប្រទេសហ្វីលីពីន។
កម្លាំងវាយប្រហារពីអឺរ៉ុប
ក្នុងចំណោមកីឡាករដែលកំពុងលេងនៅអឺរ៉ុប មានខ្សែប្រយុទ្ធ Bjorn Kristensen ដែលបានស៊ុតបញ្ចូលទី ១៣គ្រាប់ ក្នុងការបង្ហាញខ្លួន ១៧ប្រកួត ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ KFUM Oslo ក្នុងរដូវកាលនេះ។
នៅតំបន់ប្រយុទ្ធ គេក៏មានខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ Sebastian Rasmussen ដែលកំពុងប្រកបអាជីពជាមួយ Hobro IK ក្នុងលីគដាណឺម៉ាក។
ខ្សែបម្រើដែលមានបទពិសោធន៍នៅស្វីស
នៅតំបន់ខ្សែបម្រើ ក្រុមហ្វីលីពីនមានកីឡាករ Randy Schneider។ កីឡាករវ័យ ២៥ឆ្នាំរូបនេះ ធ្លាប់តំណាងឱ្យក្រុមជម្រើសជាតិស្វីសនៅកម្រិតយុវជនជាច្រើន មុនពេលបង្ហាញខ្លួនជាលើកដំបូងសម្រាប់ហ្វីលីពីននៅខែមីនា ឆ្នាំ២០២៥។
Schneider បានបង្ហាញខ្លួន ៩៥ប្រកួតសម្រាប់ Winterthur ក្នុងក្របខណ្ឌកំពូលរបស់ស្វីស ហើយបច្ចុប្បន្នកំពុងលេងឱ្យក្លិប Andorra ដែលជាក្លិបបាល់ទាត់អេស្ប៉ាញគ្រប់គ្រងដោយអតីតតារា Barcelona គឺ Gerard Pique។
ខ្សែការពារពង្រឹងដោយកីឡាករកើតនៅជប៉ុន
តំបន់ការពាររបស់ហ្វីលីពីនត្រូវបានពង្រឹងដោយខ្សែការពារស្លាបស្តាំ Paul Tabinas ដែលកើតនៅប្រទេសជប៉ុន និងមានឈាមជ័រហ្គាណា និងហ្វីលីពីន។
កីឡាករវ័យ ២៤ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងលេងឱ្យ Dynamo Zagreb ប៉ុន្តែដោយសារការប្រកួតប្រជែងដណ្តើមកៅអីក្នុងក្រុមខ្លាំង គាត់បានបង្ហាញខ្លួនត្រឹម ៨ប្រកួតប៉ុណ្ណោះសម្រាប់ក្លិបដែលធ្លាប់ឈ្នះជើងឯកក្រូអាត ២៦លើក ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥។
បងប្រុសរបស់គាត់ គឺខ្សែការពារកណ្តាល Jefferson Tabinas ក៏ត្រូវបានកោះហៅចូលក្រុមផងដែរ ដោយកំពុងលេងឱ្យក្លិប Selangor នៅម៉ាឡេស៊ី។
គ្រូបង្វឹកជនជាតិអេស្ប៉ាញ Carles Cuadrat ក៏បានកោះហៅខ្សែការពារថ្មីពីរនាក់ រួមមាន Isaiah Alakiu វ័យ ១៨ឆ្នាំ ពីក្រុម U21 របស់ Brighton & Hove Albion និង Angelo Bruckner វ័យ ២៣ឆ្នាំ ពីក្លិប SpVgg Bayreuth ដែលកំពុងលេងនៅលីគលំដាប់ទី៤ របស់អាល្លឺម៉ង់។
Cuadrat បានរក្សាទុកកីឡាករ ៩នាក់ពីក្រុមដែលចូលរួមប្រកួត ASEAN Cup 2026 ដែលទើបបញ្ចប់កាលពីខែមុន។
ក្នុងបញ្ជីក្រុមក៏មាន Sandro Reyes, Christian Rontini និង Scott Woods ដែលធ្លាប់ចូលរួមប្រកួតទល់នឹងវៀតណាមនៅ Asian Games 2026 នៅប្រទេសជប៉ុន កាលពីថ្ងៃទី១៨ ខែកញ្ញា ហើយបានចាញ់វៀតណាម ០-២។
បន្ទាប់ពីការប្រកួតបើកឆាកក្នុង Division 1 ពូល B ទល់នឹងវៀតណាម ហ្វីលីពីននឹងត្រូវជួប ប៉ាគីស្ថាន នៅថ្ងៃទី២៩ ខែកញ្ញា និងជួប ថៃ នៅថ្ងៃទី២ ខែតុលា។
ហ្វីលីពីនធ្លាប់យកឈ្នះវៀតណាមក្នុងព្រឹត្តិការណ៍ ASEAN Cup ឆ្នាំ២០១០ និងឆ្នាំ២០១២។ ប៉ុន្តែចាប់តាំងពីពេលនោះមក ហ្វីលីពីនបានប្រឈមមុខជាមួយវៀតណាម ៨ប្រកួត ដោយចាញ់ ៧ប្រកួត និងស្មើ ១ប្រកួត៕










