ខេត្តកណ្ដាល÷ មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងអំពីការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)កាលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២២:១០នាទី នៅផ្ទះឈ្មោះ ឌី ចន្ទសុភៈ ស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឌី ចន្ទសុភៈ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ រស់នៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។ តេស្តសារធាតុញៀនក្នុងទឹកនោម (+)។ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ០១លើក រយៈពេល ០២ឆ្នាំ ០៦ខែ ពាក់ព័ន្ធបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
+ វត្ថុតាង៖* ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ០៨កញ្ចប់តូច ទម្ងន់ ១,៧៩ក្រាម។
* ទូរសព្ទ iPhone 8 ពណ៌ខ្មៅ ០១គ្រឿង។
* សម្ភារៈប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់អំពិល ទទួលព័ត៌មានពីប្រជាពលរដ្ឋអំពីមាន មុខសញ្ញាពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅទីតាំងខាងលើ។ កម្លាំងបានចុះពិនិត្យ និងឃាត់ខ្លួនឈ្មោះ ឌី ចន្ទសុភៈ ព្រមទាំងដកហូតវត្ថុតាងខាងលើ ដែលមានមួយចំនួនលាក់ទុកក្នុងកូនកាបូប។
តាមការសាកសួរ ជនសង្ស័យបានសារភាពថា គ្រឿង ញៀននេះជារបស់ខ្លួន ទិញពីមុខសញ្ញាមិនស្គាល់អត្តសញ្ញាណ នៅខេត្តកំពង់ស្ពឺ ក្នុងតម្លៃ ១២ម៉ឺនរៀល ដើម្បីលក់បន្ត និងប្រើប្រាស់។
បច្ចុប្បន្ន កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕










