ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធគ្រប់រូប ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ដើម្បីការពារជាតិមាតុភូមិ និងសុខសន្តិភាពជូនប្រជាជននៅគ្រប់ដំណាក់កាល។ ការសម្តែងការដឹងគុណនេះ ត្រូវបានធ្វើឡើងតាមរយៈសារលិខិតរបស់សម្តេចធិបតី ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ឆ្នាំ២០២៦។
ទិវាសន្តិភាពអន្តរជាតិ ត្រូវបានអង្គការសហប្រជាជាតិ (អ.ស.ប.) កំណត់យកថ្ងៃទី២១ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដើម្បីរំលឹក និងលើកកម្ពស់គុណតម្លៃនៃសន្តិភាព។ ចាប់តាំងពីឆ្នាំ២០០១មក ប្រទេសនានានៅទូទាំងពិភពលោក រួមទាំងកម្ពុជា បានចូលរួមគូសបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់សន្តិភាព និងសម្តែងនូវកតញ្ញូតាធម៌ចំពោះវីរជនគ្រប់រូប ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុសន្តិភាព។
ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវអំណរសាទរ និងការគោរពយ៉ាងជ្រាលជ្រៅចំពោះឧត្តមគតិ និងវីរភាពរបស់តួអង្គគ្រប់រូប ដែលបានរួមចំណែកក្នុងការស្តារ និងកសាងសន្តិភាពនៅគ្រប់ទិសទីលើពិភពលោក រួមទាំងនៅកម្ពុជាផងដែរ។ សម្តេចក៏អរគុណចំពោះស្មារតីសាមគ្គីរបស់ប្រជាពលរដ្ឋកម្ពុជា ទាំងមូល ក្នុងការគាំទ្របុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ។
សម្តេចធិបតី លើកឡើងថា៖«សន្តិភាពនៅកម្ពុជា មិនមែនកើតឡើងដោយចៃដន្យនោះទេ តែជាផ្លែផ្កានៃការតស៊ូងើបចេញពី ប្រវត្តិសាស្ត្រដ៏សែនឈឺចាប់ និងសោកនាដកម្ម តាមរយៈការធ្វើពលិកម្មដ៏ធំធេងប្រកបដោយស្មារតីស្នេហាជាតិ ប្តូរផ្តាច់របស់មគ្គុទ្ទេសក៍ជាតិ និងប្រជាជនយើង»។ ក្នុងសារលិខិតបានរៀបរាប់ថា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ប្រជាជាតិយើងទទួលបាន ឯករាជ្យមកវិញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវក្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ព្រះវររាជបិតាឯករាជ្យជាតិ។
ជាអកុសល មាតុភូមិកម្ពុជាដ៏អភ័ព្វបានបែកបាក់ និងធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល ដ៏រ៉ាំរ៉ៃ និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបំបិទសិទ្ធិសេរីភាពជាមូលដ្ឋានគ្រប់បែបយ៉ាង និង កាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ប្រមាណជាង ៣លាននាក់។ ហេដ្ឋារចនាសម្ព័ន្ធសង្គមវប្បធម៌ និងសេដ្ឋកិច្ចជាតិ ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង។
ជ័យជម្នះ ៧ មករា ១៩៧៩ បានសង្គ្រោះប្រជាជនយើងផុតពីជ្រោះមរណៈ និងក្តីវិនាសអន្តរាយក្នុង របបសាហាវព្រៃផ្សៃរបស់ខ្មែរក្រហម។ ប៉ុន្តែប្រជាជាតិយើងមិនទាន់ឆ្លងផុតពីសង្គ្រាម និងជម្លោះផ្ទៃក្នុង នៅឡើយទេ សូម្បីក្រោយមានកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ១៩៩១ ដែលសម្រេចបានតាមការចរចាយ៉ាង ស្វិតស្វាញ និងប្រតិបត្តិការរក្សាសន្តិភាពរបស់ អ.ស.ប.។
រហូតដល់ចុងឆ្នាំ១៩៩៨ តាមរយៈការដាក់ចេញ «នយោបាយឈ្នះ-ឈ្នះ» ដែលសម្តេចតេជោ ហ៊ុន សែន បានយកជីវិតធានាការអនុវត្ត ប្រកបដោយជោគជ័យត្រចះត្រចង់ ទើបកម្ពុជាអាចបញ្ចប់បានទាំងស្រុងនូវសង្គ្រាមស៊ីវិលដែលបាន អូសបន្លាយជិត ៣ទសវត្សរ៍ សម្រេចបានសន្តិភាពពេញលេញ និងឯកភាពជាតិជាធ្លុងមួយ ដែលជាសមិទ្ធផល ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាបំផុត មិនធ្លាប់មានក្នុងរយៈពេលជាង ៥០០ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្រកម្ពុជា។
សន្តិភាពពេញលេញដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំកសាង ជាមួយនឹងការគាំទ្រយ៉ាង ទូលំទូលាយពីប្រជាជាតិយើងទាំងមូល អស់រយៈពេល ២៦ឆ្នាំកន្លងមកនេះ ត្រូវបានគំរាមកំហែង និង ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែសង្គ្រាមនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ សង្គ្រាមនេះបានឆក់យកជីវិត និងបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជាប់ព្រំដែន ហើយពេលនេះមានប្រជាជន ភៀសសឹករាប់ពាន់គ្រួសារ ដែលមិនទាន់អាចវិលទៅលំនៅឋានដើមវិញនៅឡើយ។ បទពិសោធប្រវត្តិសាស្ត្រដ៏ជូរចត់ និងស្ថានភាពជាក់ស្តែងនៃពិភពលោកនាពេលបច្ចុប្បន្ន បានបង្ហាញយ៉ាងច្បាស់ថា ច្បាប់អន្តរជាតិមិនអាចធានាសន្តិភាពបានឡើយ ប្រសិនបើខ្វះឆន្ទៈនយោបាយ ពិតប្រាកដ និងការអនុវត្តជាក់ស្តែងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។ ក្នុងស្ថានភាពដ៏លំបាកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត សូមឱ្យកម្លាំងសាមគ្គីភាពរបស់យើងក្លាយជាគ្រឹះយ៉ាងរឹងមាំក្នុងការជួយពង្រឹងសន្តិភាព»៕
ដោយ ៖ សិលា











