ខេត្តសៀមរាប÷ អនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។
បន្ទាប់ពីមានករណី ហិង្សាស្រាល (ប្រតាយប្រតប់ និងបោចសក់គ្នា ទៅវិញទៅមក) កាលពីវេលាម៉ោង១៦:០០ នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅកន្លែងរាំធុងបាស់ ត្រង់ចំណុច ប្រាសាទក្បាលបី ស្ថិតនៅភូមិស្លែងស្ពាន ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្រីស្នំ បានចេញអន្តរាគមន៍ភ្លាមៗ ទប់ស្កាត់មិនឱ្យមានអំពើរហិង្សាធ្ងន់ធ្ងរ កើតឡើង។
បន្ទាប់មក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងនគរបាល ផែនការងារព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្រីស្នំ បានបន្តនីតិវិធី ធ្វើការនាំខ្លួន មុខសញ្ញាពាក់ព័ន្ធ ទាំង ២ក្រុម សរុបចំនួន១០ នាក់ មានអាយុចន្លោះពី១៣ ទៅ១៥ ឆ្នាំ មកធ្វើការសាកសួរនាំ ដោយ ក្រុមទី១ មានគ្នាចំនួន០៤ នាក់ និង ក្រុមទី២ មានគ្នាចំនួន ០៦នាក់។
ក្រុមយុវតីទាំង០២ ក្រុមខាងលើ បានឆ្លើយសារភាពថា៖ ពួកខ្លួនទាំងពីរក្រុម ពិតជាបានធ្វើសកម្មភាពប្រតាយ ប្រតប់ និងបោចសក់គ្នាទៅវិញទៅមក កាលពីវេលាម៉ោង ១៦:០០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ត្រង់ចំណុច ប្រាសាទក្បាលបី ស្ថិតនៅភូមិស្លែងស្ពាន ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ពិតប្រាកដមែន ប៉ុន្តែមិនមានអ្នកណារងរបួសឡើយ។ មូលហេតុដែលបង្កឱ្យមានទំនាស់ គឺកន្លងមកពួកខ្លួនធ្លាប់មានទំនាស់គ្នាតាមបណ្តាញសង្គមហ្វេសប៊ុក។ លុះនៅថ្ងៃកើតហេតុ ពួកខ្លួនបានមករាំធុងបាស់ ហើយបានរាំប៉ះគ្នា ទើបបង្កឱ្យកើតមានជាជម្លោះ និងឈានដល់ការវាយប្រតាយ ប្រតប់ និងបោចសក់គ្នាតែម្តង។ បន្ទាប់ពីសាកសួរ កម្លាំងជំនាញ បានធ្វើតេស្ត រកសារធាតុញៀន លទ្ធផលអវិជ្ជមាន ទាំងអស់។
យោងតាម ការស្នើរសុំធានា ពីអាណាព្យាបាល និងដោយសារ ករណីខាងលើនេះ ជាករណីហិង្សាស្រាល (ពុំមានអ្នករងរបួស) គ្មានការដាក់ពាក្យបណ្តឹង ទៅវិញ ទៅមក និងដោយមានការ ឯកភាព ពីតំណាងអយ្យការ សាលាដំបូងខេត្តសៀមរាបយុវតីទាំង១០ នាក់នេះ ត្រូវបានអនុញ្ញាត ឲ្យធ្វើកិច្ចសន្យាអប់រំ ហើយវិលត្រឡប់ ទៅលំនៅដ្ឋានវិញ ជាបណ្តោះអាសន្ន៕
ដោយ៖ សុរិយា










