កម្លាំងចម្រុះ បង្ក្រាបឧបករណ៍នេសាទខុសច្បាប់ប្រវែងជាង ១៥០០ម៉ែត្រ និងចាក់លែងកូនត្រីចម្រុះ ៤៥ គីឡូក្រាម នៅព្រំប្រទល់ស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត បានដឹកនាំកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយលោក គន ចាន់សីហា មន្ត្រីរដ្ឋបាលជលផលស្រុកស្ទោង បានធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់ក្នុងរដូវហាមឃាត់ ស្ថិត នៅតំបន់ទួលធម្មដែរ ,តំបន់ខ្សែក្លែង និងតំបន់ឆេះអង្រុត ជាប់ព្រំប្រទល់ស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា នៅព្រឹកថ្ងៃនេះ ទោះបីក្រោមដំណក់ទឹកភ្លៀងមិនព្រមរាំង តែកងកម្លាំងចម្រុះនៅតែបន្តសកម្មភាពពុះពារគ្រប់ឧបសគ្គ ក្នុងការបំពេញភារកិច្ច ដោយបានធ្វើការកាប់បំផ្លាញចោលនៅនឹងកន្លែង របាំងសាច់អួនក្រឡាញឹក ៤របាំង ដែលមានប្រវែងជាង ៥០០ម៉ែត្រ ឡុក ៤ឡុក លបឬលូ ៨មាត់ , កាប់បំផ្លាញរបាំងស្បៃមុង ចំនួន ១៨របាំង ប្រវែង ជាង ៩០០ម៉ែត្រ ឡុក ១៨ឡុក លបឬលូ ៣៦មាត់ និងបានចាក់ព្រលែងកូនត្រីចម្រុះចូលក្នុងបឹងធម្មជាតិវិញបានប្រមាណ ជាង ៤៥គីឡូក្រាម នឹងបានកាប់បំផ្លាញចោលបង្គោលរបាំងឈើប្រមាណ ៧២០ដើម ។

 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកនេសាទត្រី សូមមេត្តាកុំប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់តទៅទៀត ព្រោះការដាក់របាំងស្បៃមុង និងរបាំងស្បៃអួនក្រឡាញឹកខុសពីច្បាប់ដែលបានកំណត់ ពិសេសនៅក្នុងរដូវបិទនេសាទនេះ គឺបានបំផ្លាញធនធានមច្ឆជាតិរបស់យើងយ៉ាងធ្ងន់ធ្ងរ និងបានសំណូមពរដល់ប្រជានេសាទទាំងអស់ សូមមេត្តាគោរពច្បាប់ស្ដីពីជលផលថ្មី ឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យផលត្រីរបស់យើងបានសម្បូរឡើងវិញ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា នៅទូទាំងប្រទេស និងសម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត ។

...

 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្តដាច់ខាត ក្នុងការអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងការការពារ ទប់ស្កាត់ និងបង្រ្កាបបទ ល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យមានប្រសឹទ្ឋិភាព និងទទួលបានជោគជ័យ ។ បេីក្នុង ករណីជនប្រព្រឹត្តបទល្មើសនៅតែមិនរាងចាល , ហើយនៅតែបន្តប្រព្រឹត្តបទល្មើសនេសាទរំលោភបំពានច្បាប់តទៅទៀត ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបទធនធានធម្មជាតិខេត្តកំពង់ធំ និងសំណូមពរដល់សមត្ថកិច្ចជំនាញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ គ្មានការលើកលែងឡើយ គឺក្នុងគោល បំណងការពារធនធានមច្ឆជាតិសម្រាប់សង្គមជាតិយើងទាំងអស់គ្នា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print