ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បក្ខពួកម្នាក់ទៀតឈ្មោះ ឡេង កែវ ភេទប្រុស អាយុ ២៧ឆ្នាំ ពាក់ព័ន្ធពីបទលួចដែលបានលួចរត់នៅក្នុងចំណោមជនសង្ស័យ២នាក់ ដែលបានលួចរត់ផ្លោះរបងចេញពីខាងក្នុងបរិវេណសាលាដំបូងខេត្តកំពង់ស្ពឺកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៦ ពេលនេះសមត្ថកិច្ចនគរបាលបានស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនបាននៅចំណុចផ្ទះឈ្មោះ ជុយ សុខនី ភេទស្រី អាយុ២១ឆ្នាំជាសង្សា ស្ថិតនៅភូមិគោក ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ ដក ហូតបានដាវចំនួនមួយ ។ បច្ចុប្បន្នបាន
បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺដើម្បីបន្ដនីតិវិធី។
គួរបញ្ជាក់ថា ជនសង្ស័យក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន ២នាក់ បានផ្លោះរបងសាលាដំបូងខេត្តកំពង់ស្ពឺ រត់បាត់ស្រមោលក្រោយមន្ត្រីនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបញ្ជូនខ្លួនទៅកាន់អយ្យការដើម្បីសួរនាំ។ករណីនេះបានកើតឡើងនៅម៉ោងប្រមាណជា១០និង០០នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាដំបូងខេត្តកំពង់ស្ពឺ។
កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសហការ និងតាមប្រមាញ់ចាប់បានម្នាក់ឈ្មោះ វ៉ាន់ វុទ្ធី ភេទប្រុស អាយុ៣១ ឆ្នាំ ពាក់ព័ន្ធបទប៉ុនប៉ងលួចទ្រព្យសម្បត្តិ។
ជនសង្ស័យក្នុងសំណុំរឿងព្រហ្មទណ្ឌ ២នាក់ ដែលរួចរត់គេចខ្លួនផ្លោះរបងចេញពីសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នោះត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលបានសហការនិងតាមប្រមាញ់ចាប់បានទាំង២នាក់ ឈ្មោះ វ៉ាន់ វុទ្ធី ភេទប្រុស អាយុ ៣១ឆ្នាំ ពាក់ព័ន្ធបទប៉ុនប៉ងលួចទ្រព្យសម្បត្តិ និងឈ្មោះ ឡេង កែវ ភេទប្រុស អាយុ ២៧ឆ្នាំ ពាក់ព័ន្ធបទលួច សមត្ថកិច្ចស្រាវជ្រាវតាមចាប់បានហើយ៕










