ខេត្តកំពង់ស្ពឺ៖ អភិបាលរងខេត្តកំពង់ស្ពឺ លោក តូច ប៉ូលីវ៉ា បានធ្វើការណែនាំដល់ម្ចាស់សិប្បកម្មផលិតមួកសុវត្ថិភាពមួយកន្លែងស្ថិតក្នុងភូមិរការធំ សង្កាត់រការធំ ក្រុងច្បារមន ក្រោយរកឃើញខ្សែច្រវ៉ាក់ផលិតកម្មកែច្នៃនេះមិនបានអនុឡោមភាពតាមច្បាប់ស្តង់ដារធ្វើឱ្យប៉ះ ពាល់ដល់ការរស់នៅរបស់ពលរដ្ឋនិងមិនបានបំពេញ បែបបទនីតិវិធីច្បាប់ឱ្យបានត្រឹមត្រូវ។ ការអប់រំណែនាំធ្វើឡើងពេលដឹកគណកម្មការចំរុះចុះពិនិត្យខ្សែច្រវ៉ាក់
ផលិកម្មកែច្នៃមួកសុវត្ថិភាពលើកទី២ ដោយអនុវត្តតាមខ្លឹមសារលិខិត៤៧២ សជណ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៦ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។
លោក តូច ប៉ូលីវ៉ា បានលើកឡើងថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារចម្រុះថ្នាក់ខេត្ត បានចុះពិនិត្យម្តងរួចមកហើយលើទីតាំងសិប្បកម្មនេះ បន្ទាប់ពីទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋចំនួនបីភូមិ មានភូមិរការធំ ភូមិត្រពាំងលើក និងភូមិទួលធ្នង់ ថាបានដុតកំទេចក្រណាត់បង្កក្លិនឆ្ងៀមប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។ ក្រោយចុះពិនិត្យជាក់ស្តែងដំណាក់ កាលទី១ គណកម្មការចម្រុះបានរកឃើញភាពមិនប្រក្រតីមួយចំនួន ដូចជាការដុតកំទេចក្រណាត់បង្កក្លិនប៉ះពាល់ដល់បរិស្ថាន,ម្ចាស់សហគ្រាសពុំទាន់បានបំពេញបែបបទនីតិវិធីច្បាប់គ្រប់តាមគោលការណ៍ច្បាប់កំណត់នៅឡើយ ដោយទើបតែមានសេចក្តីសម្រេចស្តីពីការបង្កើតសិប្បកម្មនិងវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ-សិប្បកម្ម ចេញដោយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត តែប៉ុណ្ណោះ។
ដោយឡែកមន្ទីរជំនាញពាក់ព័ន្ធផ្សេងៗទៀត ម្ចាស់សហគ្រាសពុំទាន់បានបំពេញបែបបទស្នើសុំនៅឡើយទេ។ ម្យ៉ាងវិញទៀត គណកម្មការចម្រុះក៏បានពិនិត្យឃើញដែរថា សហគ្រាសផលិតមួកសុវត្ថិភាពនេះ បាននិងកំពុងប្រមូលទិញកាកសំណល់អេឡិចត្រូនិច អគ្គិសនីយកមកបំបែកដោយខុសច្បាប់។
ដោយពិនិត្យឃើញសហគ្រាសនេះនៅទាន់បានបំពេញ បែបបទនូវលក្ខខណ្ឌស្តង់ដារបច្ចេកទេស នីតិវិធីច្បាប់ស្របតាមគោលការណ៍ច្បាប់កំណត់ក្នុងការបើកដំណើរការខ្សែច្រវាក់ផលិតកម្ម អាជ្ញាធរខេត្តកំពង់ស្ពឺបានសម្រេចឱ្យម្ចាស់សហគ្រាសផ្អាកដំណើរការច្រវ៉ាក់ផលិតកម្មបណ្តោះអាសន្ន ដោយតម្រូវឱ្យម្ចាស់សហគ្រាសចាំបាច់ត្រូវអនុវត្តទៅតាមខ្លឹមសារណែនាំកន្លងមក ត្រូវរៀបចំបែបបទស្នើសុំលិខិតអនុញ្ញាតប្រមូលទិញកាកសំណល់បរិក្ខា អេឡិចត្រូនិច អគ្គិសនី បំពេញបែបបទនីតិវីធីច្បាប់ឱ្យបានមុនថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។
ក្នុងករណីភាគីម្ចាស់សហគ្រាសមិនមានការកែប្រែ ឬបំពេញបែបបទនីតិវិធីច្បាប់ស្នើសុំបើកដំណើរការខ្សែច្រវាក់ ផលិតកម្ម ក្រុមការងារនឹងរៀបចំកំណត់ហេតុបិទសៀលជាបណ្តោះអាសន្ន។ ក្នុងនោះដែរ រដ្ឋបាលក្រុងត្រូវចាត់អធិការដ្ឋាននគរបាលក្រុង និងប៉ុស្តិ៍នគរបាលសង្កាត់ ចុះពិនិត្យលើការគ្រប់គ្រងប្រព័ន្ធអគ្គិសភ័យ និងចាត់ជំនាញការិយាល័យភូមិបាលក្រុងចុះចុចនិយាមកាកំណត់ព្រំដីលើទៅតាំងសហគ្រាសខាងលើឱ្យបានច្បាស់លាស់។ ក្នុងនោះ អាជ្ញាធរខេត្តក៏បានកំណត់ឱសានវាទត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឱ្យម្ចាស់សហគ្រាសបំពេញបែបបទ និងរៀបចំស្តង់ដាសុវត្ថិភាពឱ្យបានរួចរាល់។
ក្នុងករណីពិនិត្យឃើញថានៅមិនទាន់អនុវត្តបានតាមការណែនាំ អាជ្ញាធរសម្រេចបញ្ឈប់ដំណើរការខ្សែច្រវ៉ាក់ផលិតកម្មតែម្តង៕










