លោក Jack Clark សហស្ថាបនិកក្រុមហ៊ុន Anthropic ដែលអភិវឌ្ឍជំនួយការ AI Claude បាននិយាយថា សញ្ញាបត្រផ្នែក សិល្បៈសេរី (Liberal Arts) អាចនឹងកាន់តែមានតម្លៃ ខណៈបច្ចេកវិទ្យា AI កំពុងចាប់ផ្តើមទទួលយកការងារបច្ចេកទេសដែលធ្វើឡើងជាប្រចាំ។
Liberal Arts សំដៅលើ ការសិក្សាដែលមានវិសាលភាពទូលំទូលាយនៅកម្រិតឧត្តមសិក្សា ដែលគ្របដណ្តប់លើមុខវិជ្ជា មនុស្សសាស្ត្រ វិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រធម្មជាតិ និងវិទ្យាសាស្ត្រផ្លូវការ ជាជាងផ្តោតជាក់លាក់ទៅលើ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ឬជំនាញបច្ចេកទេស តែប៉ុណ្ណោះ។
លោក Clark អាយុ ៣៧ឆ្នាំ បាននិយាយនៅក្នុងកិច្ចប្រជុំ Semafor World Economy Summit នៅទីក្រុងវ៉ាស៊ីនតោន កាលពីដើមឆ្នាំនេះ ដោយត្រូវបានទស្សនាវដ្តី Fortune ដកស្រង់ថា៖ «ខ្ញុំជាអ្នកបញ្ចប់ការសិក្សាផ្នែកអក្សរសាស្ត្រ ហើយខ្ញុំមិនគិតថា អ្នកនឹងរំពឹងថាមនុស្សដែលមានប្រវត្តិសិក្សាបែបនេះ នឹងក្លាយជាសហស្ថាបនិកក្រុមហ៊ុន AI ជួរមុខមួយនោះទេ។ ប៉ុន្តែអ្វីដែលបានក្លាយជាមានប្រយោជន៍ គឺខ្ញុំបានរៀនច្រើនអំពីប្រវត្តិសាស្ត្រ និងអំពីប្រភេទរឿងរ៉ាវដែលមនុស្សយើងប្រាប់ខ្លួនឯងអំពីអនាគត។»
លោកបានបន្ថែមថា ចំណេះដឹងទាំងនេះបានក្លាយជា «មានភាពពាក់ព័ន្ធយ៉ាងខ្លាំងជាមួយ AI តាមរបៀបមួយដែលខ្ញុំគិតថា មនុស្សភាគច្រើនមិនធ្លាប់រំពឹងទុក»។
លោក Clark បានសិក្សាផ្នែក អក្សរសាស្ត្រអង់គ្លេស និងការសរសេរប្រកបដោយច្នៃប្រឌិត មិនមែនវិទ្យាសាស្ត្រកុំព្យូទ័រនោះទេ។
ផ្តោតលើការសួរសំណួរត្រឹមត្រូវ ជាជាងជំនាញបច្ចេកទេសជាប្រចាំ
លោកបានណែនាំឱ្យយុវជនដែលកំពុងត្រៀមខ្លួនសម្រាប់ទីផ្សារការងារដែលជំរុញដោយ AI ផ្តោតតិចទៅលើជំនាញបច្ចេកទេសដែលធ្វើឡើងជាប្រចាំ និងផ្តោតច្រើនទៅលើ សមត្ថភាពកំណត់ថា តើបញ្ហាណាខ្លះដែលគួរដោះស្រាយ។
លោក Clark បាននិយាយថា៖ «អ្វីដែលសំខាន់ពិតប្រាកដ គឺការដឹងថាតើសំណួរណាដែលគួរសួរ និងមានវិចារណញាណថា តើអ្វីអាចក្លាយជារឿងគួរឱ្យចាប់អារម្មណ៍ ប្រសិនបើយើងយកចំណេះដឹងពីវិស័យផ្សេងៗមកបញ្ចូលគ្នា។»
លោកបានណែនាំយុវជនកុំឱ្យផ្តោតលើការរៀន សរសេរកម្មវិធីមូលដ្ឋាន ឬការសរសេរកូដតាមរបៀបដដែលៗ ដោយលោកយល់ថា សញ្ញាបត្រដែលផ្តោតលើ ការគិតវិភាគ និងសមត្ថភាពបញ្ចូលចំណេះដឹងពីវិស័យផ្សេងៗ អាចកាន់តែមានប្រយោជន៍នៅពេលអនាគត។
ផ្លូវអាជីពមិនធម្មតារបស់សហស្ថាបនិក Anthropic
អាជីពរបស់លោក Clark បានឈានចូលវិស័យ AI តាមផ្លូវមួយដែលមិនសូវដូចមនុស្សជាច្រើន។
លោកធ្លាប់ធ្វើការជា អ្នកសារព័ត៌មានផ្នែកបច្ចេកវិទ្យានៅ Bloomberg មុនពេលចូលធ្វើការនៅ OpenAI ក្នុងឆ្នាំ២០១៦។
ក្រោយមក លោកបានក្លាយជាមនុស្សម្នាក់ក្នុងចំណោមអតីតបុគ្គលិក OpenAI ចំនួន ៧នាក់ ដែលបានរួមគ្នាបង្កើតក្រុមហ៊ុន Anthropic ក្នុងឆ្នាំ២០២១។ បច្ចុប្បន្ន លោកកាន់តំណែងជាប្រធានផ្នែកគោលនយោបាយរបស់ក្រុមហ៊ុន។
Anthropic មានតម្លៃជិត ១ទ្រីលានដុល្លារ
នៅខែឧសភា Anthropic បានរៃអង្គាសទុនចំនួន ៦៥ពាន់លានដុល្លារ ក្នុងជុំវិនិយោគមួយ ដែលដឹកនាំដោយ Altimeter Capital, Dragoneer, Greenoaks និង Sequoia Capital។
ការវិនិយោគនេះបានធ្វើឱ្យតម្លៃក្រុមហ៊ុនក្រោយការវិនិយោគ ឡើងដល់ ៩៦៥ពាន់លានដុល្លារ។
តម្លៃនេះបានធ្វើឱ្យ Anthropic ក្លាយជា ក្រុមហ៊ុន Startup ផ្នែក AI ដែលមានតម្លៃខ្ពស់បំផុតលើពិភពលោក ដោយនាំមុខគូប្រជែង OpenAI ដែលជុំវិនិយោគចុងក្រោយដែលបានបញ្ចប់នៅខែមីនា បានកំណត់តម្លៃក្រុមហ៊ុននៅ ៨៥២ពាន់លានដុល្លារ នេះបើយោងតាម Forbes។
គិតត្រឹមខែកញ្ញា ទ្រព្យសម្បត្តិរបស់លោក Clark ត្រូវបានប៉ាន់ស្មានថាមានប្រមាណ ១៥,៥ពាន់លានដុល្លារ។
ជំនាញផ្នែកមនុស្សសាស្ត្រអាចកាន់តែមានតម្លៃ
នៅពេល AI ជំនាន់ថ្មីកំពុងទទួលយកការងារបច្ចេកទេសកាន់តែច្រើន មេដឹកនាំផ្នែកបច្ចេកវិទ្យាមួយចំនួនបានលើកឡើងថា ជំនាញដែលតែងតែភ្ជាប់ជាមួយ វិស័យមនុស្សសាស្ត្រ និងសិល្បៈសេរី ដូចជា ការគិតវិភាគ ការទំនាក់ទំនង និងការបកស្រាយព័ត៌មានស្មុគស្មាញ អាចនឹងកាន់តែមានតម្លៃ។
លោក Jaime Teevan ប្រធានអ្នកវិទ្យាសាស្ត្ររបស់ Microsoft បានប្រាប់ The Wall Street Journal កាលពីដើមឆ្នាំនេះថា ភាពបត់បែន សមត្ថភាពសម្របខ្លួន ការពិសោធន៍ និងការគិតវិភាគ នឹងកាន់តែមានសារៈសំខាន់ ខណៈការងារកាន់តែច្រើនត្រូវបានផ្ទេរទៅឱ្យ AI។
លោក Michael Roth ប្រធានសាកលវិទ្យាល័យ Wesleyan បានប្រាប់ San Francisco Standard កាលពីខែកក្កដាថា AI ធ្វើឱ្យការអប់រំផ្នែកសិល្បៈសេរី «កាន់តែមានសារៈសំខាន់» ដោយសារនិស្សិតនៅតែត្រូវការរៀនពីរបៀប វាយតម្លៃព័ត៌មានប្រកបដោយវិចារណញាណ និងពិភាក្សាអំពីព័ត៌មានទាំងនោះដោយមានហេតុផល។
លោក Clark បាននិយាយថា ការផ្លាស់ប្តូរនេះកំពុងកើតឡើងរួចទៅហើយនៅក្នុងឧស្សាហកម្ម AI។ Anthropic មានបុគ្គលិកដែលមានជំនាញផ្នែក ទស្សនវិជ្ជា ខណៈ Google DeepMind ក៏បានជ្រើសរើសមនុស្សដែលមានការបណ្តុះបណ្តាលផ្នែកទស្សនវិជ្ជា ដើម្បីធ្វើការលើបញ្ហាពាក់ព័ន្ធនឹង AI ផងដែរ។
លោក Clark បាននិយាយថា៖ «តើពេលណាដែលអ្នកធ្លាប់ឮថា សញ្ញាបត្រផ្នែកទស្សនវិជ្ជា គឺជាជម្រើសដ៏ល្អសម្រាប់អាជីព? ប៉ុន្តែវាបានក្លាយជារឿងបែបនោះនៅពេលនេះ៕»










