និយ័តករទូរគមនាគមន៍កម្ពុជា ព្រមានចាត់វិធានការទប់ស្កាត់ការនាំចូល និងចែកចាយឧបករណ៍ទូរគមនាគមន៍ក្លែងក្លាយ និងមួយទឹក

ចែករំលែក៖

ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចេញសេចក្តីជូនដំណឹងយ៉ាងម៉ឺងម៉ាត់មួយ ស្តីពីការទប់ស្កាត់ការនាំចូល ផ្គត់ផ្គង់ និងចែកចាយទូរស័ព្ទចល័ត ថេប្លេត កុំព្យូទ័រ វិទ្យុទាក់ទង (Walkie-Talkie) និងគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ផ្សេងទៀត ដែលក្លែងក្លាយ និង/ឬ ដែលប្រើប្រាស់រួច (មួយទឹក) ពីបរទេស។

សេចក្តីជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពី ន.ទ.ក. បានរកឃើញថា មានពាណិជ្ជករមួយចំនួន បាននិងកំពុងធ្វើសកម្មភាពទាំងនេះ ដោយគ្មានវិញ្ញាបនបត្រទទួលស្គាល់គុណវុឌ្ឍិ ជាភ្នាក់ងារនាំចូល ផ្គត់ផ្គង់ និងចែកចាយ (QA) គ្មានវិញ្ញាបនបត្រទទួលស្គាល់យថាប្រភេទ (TA) និងគ្មានលិខិតអនុញ្ញាតនាំចូល (IP) ពី ន.ទ.ក. ដែលជាទង្វើផ្ទុយនឹងច្បាប់ ស្តីពីទូរគមនាគមន៍។

និយ័តករទូរគមនាគមន៍កម្ពុជា បានសង្កត់ធ្ងន់ថា គ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ក្លែងក្លាយ និង/ឬ មួយទឹកទាំងនេះ មានហានិភ័យខ្ពស់ចំពោះសេវាសំខាន់ៗរបស់ជាតិ រួមមាន សេវាសុវត្ថិភាពសាធារណៈ សង្គ្រោះបន្ទាន់ សន្តិសុខជាតិ អាកាសចរណ៍ នាវាចរណ៍ និងសេវាវិទ្យុគមនាគមន៍របស់វិស័យការពារជាតិ ដោយសារឧបករណ៍ទាំងនេះ អាចបង្កការឆ្លងរំខានដល់ហ្វ្រេកង់ស៍វិទ្យុ។

លើសពីនេះ ឧបករណ៍ទាំងនេះក៏បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ និងសណ្តាប់ធ្នាប់សាធារណៈផងដែរ ដោយសារកង្វះសុវត្ថិភាពថ្ម ប្រព័ន្ធសាកថ្ម ផ្នែកអគ្គិសនី ការឡើងកម្ដៅខ្លាំង កម្រិតនៃការសាយភាយដែនអេឡិចត្រូម៉ាញ៉េទិកលើសស្តង់ដា និងសមត្ថភាពនៃការសម្របទៅនឹងដែនអេឡិចត្រូម៉ាញ៉េទិកមិនស្របតាមស្តង់ដាកំណត់។ វាក៏អាចបណ្តាលឱ្យអ្នក ប្រើប្រាស់ ខាតបង់ប្រាក់កាស ជនទុច្ចរិតអាចយកទៅប្រើប្រាស់សម្រាប់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបង្កផលប៉ះពាល់ដល់បរិស្ថានជាសំរាមអេឡិចត្រូនិក។

ដើម្បីលើកកម្ពស់សុវត្ថិភាពសាធារណៈ ការពារការឆ្លងរំខានហ្វ្រេកង់ស៍វិទ្យុ ធានាការប្រកួតប្រជែងដោយស្មោះត្រង់ ការពារអ្នកប្រើប្រាស់ និងបរិស្ថាន ន.ទ.ក. អំពាវនាវដល់ក្រុមហ៊ុន សហគ្រាស និងហាងលក់ចែកចាយទាំងអស់ ត្រូវបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់។

ពួកគេត្រូវស្វះស្វែងបំពេញភាពស្របច្បាប់ ដោយដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ QA នៅ ន.ទ.ក. យ៉ាងយូរក្នុងរយៈពេល ៦០ (ហុកសិប) ថ្ងៃគិតចាប់ពីកាលបរិច្ឆេទ នៃសេចក្តីជូនដំណឹងនេះ។ ក្រុមហ៊ុនទាំងអស់ត្រូវនាំចូល ផ្គត់ផ្គង់ និងចែកចាយតែគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ណាដែលថ្មី មានប្រភពច្បាស់លាស់ ស្របច្បាប់ និងមានវិញ្ញាបនបត្រ TA ពី ន.ទ.ក. ប៉ុណ្ណោះ។

ក្នុងករណីមិនអនុវត្តតាម ន.ទ.ក. នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ រួមមានការរឹបអូសគ្រឿងសម្ភារបរិក្ខារខុសច្បាប់ ផាកពិន័យ បិទគេហទំព័រផ្សព្វផ្សាយ និងអនុវត្តវិធានការផ្សេងៗទៀតស្របតាមច្បាប់។

...

និយ័តករទូរគមនាគមន៍កម្ពុជា ក៏បានអំពាវនាវដល់ក្រុមហ៊ុនដែលធ្វើអាជីវកម្មស្របច្បាប់ទាំងអស់ ចូលរួមសហការ និងរាយការណ៍អំពីអត្តសញ្ញាណ និងអាសយដ្ឋានរបស់បុគ្គល ក្រុមហ៊ុន សហគ្រាស ឬឃ្លាំងស្តុកគ្រឿងសម្ភារបរិក្ខារខុសច្បាប់ទាំងអស់មក ន.ទ.ក. តាមរយៈទូរស័ព្ទលេខ ៦៧៨៩ ឬអ៊ីមែល [email protected]៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print