គ្រូបង្វឹកក្រុមជម្រើសជាតិ ប្រេស៊ីល លោក Carlo Ancelotti បាននិយាយថា ក្រុមជើងឯក World Cup ៥សម័យកាល មានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការប្រកួតមិត្តភាពជាមួយ ឥណ្ឌា នៅសប្តាហ៍ក្រោយ ដោយលោកអះអាងថា សម្រាប់ប្រេស៊ីល «មិនដែលមានការប្រកួតមិត្តភាពទេ» នេះបើយោងតាមសារព័ត៌មានចេញផ្សាយកាលពីថ្ងៃពុធ។
ប្រេស៊ីល ដែលឈរនៅចំណាត់ថ្នាក់ទី៥ក្នុងចំណាត់ថ្នាក់ពិភពលោក និងមានតារាឆ្នើមដូចជា Vinicius Junior នឹងប្រឈមមុខជាមួយឥណ្ឌា នៅទីក្រុង កុលកាតា (Kolkata) នៅថ្ងៃទី៣ ខែតុលា។ នេះនឹងក្លាយជាការប្រកួតអន្តរជាតិរបស់ក្រុមជម្រើសជាតិបុរសប្រេស៊ីលឈុតធំជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា ដែលបាល់ទាត់មានអ្នកគាំទ្រយ៉ាងច្រើន ទោះបីកីឡាគ្រីឃីតមានប្រជាប្រិយភាពលើសលប់ក៏ដោយ។
ដំណើរមកកាន់ឥណ្ឌានេះ នឹងផ្តល់ឱកាសដ៏កម្រដល់អ្នកគាំទ្រក្នុងស្រុក ដើម្បីទស្សនាក្រុមមួយក្នុងចំណោមក្រុមដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ពេលចុះប្រកួតផ្ទាល់។
លោក Ancelotti ត្រូវបានសារព័ត៌មាន The Times of India ដកស្រង់សម្តីថា៖ «ប្រេស៊ីលមានអ្នកគាំទ្រនៅគ្រប់ជ្រុងនៃពិភពលោក។ វាជាក្តីរីករាយសម្រាប់ពួកយើងក្នុងការមកប្រកួតនៅឥណ្ឌា មិនត្រឹមតែសម្រាប់អ្នកគាំទ្រប្រេស៊ីលប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អ្នកគាំទ្រនៅឥណ្ឌាផងដែរ។»
ទោះបីការប្រកួតនេះត្រូវបានកំណត់ជាផ្លូវការថាជា ការប្រកួតមិត្តភាព ក៏ដោយ គ្រូបង្វឹកជើងចាស់សញ្ជាតិអ៊ីតាលីរូបនេះបាននិយាយថា ប្រេស៊ីលនឹងចូលប្រកួតដោយយកចិត្តទុកដាក់ពេញលេញ។
លោក Ancelotti អាយុ ៦៧ឆ្នាំ បាននិយាយថា៖ «វាជាការប្រកួតត្រៀមខ្លួន និងជាការប្រកួតមិត្តភាព ប៉ុន្តែសម្រាប់យើង មិនដែលមានការប្រកួតមិត្តភាពទេ។»
ឥណ្ឌា ឈរនៅចំណាត់ថ្នាក់ទី ១៣៨ ក្នុងចំណាត់ថ្នាក់ FIFA ហើយមិនធ្លាប់បានឡើងទៅប្រកួត World Cup ឡើយ។ ទោះជាយ៉ាងណា បាល់ទាត់នៅតែមានប្រជាប្រិយភាពយ៉ាងខ្លាំង ជាពិសេសនៅទីក្រុង កុលកាតា និងទីក្រុង កូចី (Kochi) ភាគខាងត្បូងប្រទេស។
Ancelotti ចង់ស្វែងយល់ពីវប្បធម៌បាល់ទាត់ថ្មី
លោក Ancelotti បាននិយាយថា ការប្រកួតនេះក៏នឹងផ្តល់ឱកាសឱ្យប្រេស៊ីលស្គាល់វប្បធម៌បាល់ទាត់ថ្មីមួយផងដែរ។
លោកបាននិយាយថា៖ «យើងត្រូវស្គាល់ប្រទេសផ្សេងៗ និងវប្បធម៌ផ្សេងៗ។ យើងធ្លាប់ប្រកួតមិត្តភាពជាមួយក្រុមដែលមានរបៀបលេងខុសៗគ្នា។»
គ្រូបង្វឹកដែលបានចូលកាន់តំណែងកាលពីឆ្នាំមុនរូបនេះបានបន្ថែមថា៖ «ឥណ្ឌានឹងក្លាយជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍។ វាជាការពិតដែលឥណ្ឌាមិនសូវមានបទពិសោធន៍ក្នុងការប្រកួតជាមួយក្រុមលំដាប់ពិភពលោក ប៉ុន្តែវាមានសារៈសំខាន់សម្រាប់យើងក្នុងការស្គាល់របៀបលេងរបស់ពួកគេ។ ខ្ញុំមិនធ្លាប់មកឥណ្ឌាទេ។ ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ដែលនឹងបានមកកាន់កុលកាតា។»
ការប្រកួតនៅសប្តាហ៍ក្រោយ នឹងក្លាយជាការបង្ហាញខ្លួនលើកដំបូងរបស់ ក្រុមជម្រើសជាតិបុរសប្រេស៊ីលឈុតពេញលេញ នៅក្នុងប្រទេសឥណ្ឌា។
វីរបុរសបាល់ទាត់ប្រេស៊ីល Pele ធ្លាប់មកទស្សនាប្រទេសឥណ្ឌាកាលពីឆ្នាំ ១៩៧៧ និង ២០១៥។
ក្រុមប្រេស៊ីលនឹងធ្វើដំណើរមកកាន់ឥណ្ឌា បន្ទាប់ពីបញ្ចប់ការប្រកួតមិត្តភាពចំនួន ២ប្រកួតនៅប្រទេសអូស្ត្រាលី។
លោក Ancelotti គឺជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកដែលទទួលបានកិត្តិយស និងជោគជ័យច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយលោកបានឈ្នះពាន Champions League ចំនួន ៥ដង ក្នុងនាមជាគ្រូបង្វឹក ដែលជាកំណត់ត្រាខ្ពស់បំផុត។
ក្រុមប្រេស៊ីលកំពុងព្យាយាមបញ្ចប់ការរង់ចាំដ៏យូររបស់ខ្លួនសម្រាប់ពាន World Cup ដោយលើកចុងក្រោយដែលពួកគេឈ្នះពានរង្វាន់ដ៏ធំបំផុតក្នុងពិភពបាល់ទាត់ គឺនៅឆ្នាំ ២០០២។
ក្នុងការប្រកួត World Cup លើកចុងក្រោយរបស់ខ្លួន ប្រេស៊ីលបានធ្លាក់ចេញត្រឹម វគ្គ ១៦ក្រុមចុងក្រោយ៕










