Ronaldoថាកំណត់ត្រា ១ពាន់គ្រាប់ជា «ផលប្រយោជន៍បន្ថែម» ខណៈព័រទុយហ្គាល់ចាប់ផ្តើមយុគសម័យថ្មី

ចែករំលែក៖

Cristiano Ronaldo បានដើរចូលទៅក្នុងបន្ទប់សន្និសីទសារព័ត៌មានដែលពោរពេញដោយអ្នកយកព័ត៌មាន ដោយបាននិយាយបែបលេងសើចថាលោកមានអារម្មណ៍ភ័យអរ បន្ទាប់មកបានធ្វើអ្វីដែលរូបគេធ្លាប់ធ្វើអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ៖ គឺការទាញយកចំណាប់អារម្មណ៍មកលើខ្លួនឯង វាយបកទៅលើការរិះគន់ និងអះអាងថាសំឡេងកញ្ចែបញ្ចប់ការប្រកួតក្នុងអាជីពរបស់គេនៅមិនទាន់មកដល់នោះទេ។

 

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ ៤១ ឆ្នាំរូបនេះ បានថ្លែងកាលពីថ្ងៃពុធនៅក្នុងវេទិកាកំពូល Portugal Football Summit មុនពេលការប្រកួតពានរង្វាន់ UEFA Nations League តទល់នឹងក្រុមវេលស៍ (Wales) នៅថ្ងៃព្រហស្បតិ៍ថា រូបគេនៅតែមានសមត្ថភាពច្រើនក្នុងការជួយដល់ប្រទេសជាតិរបស់ខ្លួន ខណៈដែលលោក Jorge Jesus កំពុងរៀបចំខ្លួនសម្រាប់ការប្រកួតលើកដំបូងក្នុងនាមជាគ្រូបង្វឹកជម្រើសជាតិ។

 

លោក Jesus បានមកជំនួសតំណែងលោក Roberto Martinez បន្ទាប់ពីយុទ្ធនាការ World Cup ដ៏ខកបំណងរបស់ព័រទុយហ្គាល់បានបញ្ចប់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រុមជើងឯកអេស្ប៉ាញ។

 

បច្ចុប្បន្ន Ronaldo រកបាន ៩៧៩ គ្រាប់ក្នុងអាជីព (៨៣៣ គ្រាប់សម្រាប់ក្លិប និង ១៤៦ គ្រាប់សម្រាប់ព័រទុយហ្គាល់) ដោយរូបគេខ្វះតែ ២១ គ្រាប់ទៀតប៉ុណ្ណោះដើម្បីសម្រេចបានគោលដៅ ១.០០០ គ្រាប់ដែលរូបគេបានកំណត់ទុកជាសាធារណៈ។ នៅពេលត្រូវបានសួរថា តើការឈ្នះពានរង្វាន់ Nations League ឬការសម្រេចបានគ្រាប់បាល់ចំនួន ៤ ខ្ទង់ មួយណាសំខាន់ជាង Ronaldo បានញញឹមយ៉ាងស្រស់ និងបានជ្រើសរើសយកទាំងពីរ។

 

Ronaldo បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននាទីស្តីការសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ នៅក្រៅទីក្រុង Lisbon ថា៖ «គោលដៅមួយគឺសម្រេចឱ្យបានទាំងពីរ — ពោលគឺការឈានទៅដល់ ១.០០០ គ្រាប់ និងការជួយក្រុមជម្រើសជាតិព្យាយាមឈ្នះពានរង្វាន់ Nations League មួយនេះ»។

 

«នេះជាយុគសម័យថ្មីក្រោមការដឹកនាំរបស់លោក Jorge Jesus ដែលពួកយើងទាំងអស់គ្នាស្គាល់យ៉ាងច្បាស់។ ខ្ញុំគ្រាន់តែសង្ឃឹមថាអ្វីៗនឹងប្រព្រឹត្តទៅបានល្អសម្រាប់លោក»។

 

Ronaldo បានបន្ថែមថា ការរកបានគ្រាប់បាល់ទី ១.០០០ ក្នុងអាវក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងក្លាយជា «ផលប្រយោជន៍បន្ថែមដ៏អស្ចារ្យបំផុត»។

 

រូបគេបាននិយាយថា៖ «ការស៊ុតបញ្ចូលទីគ្រាប់ទី ១.០០០ របស់ខ្ញុំសម្រាប់ក្រុមជម្រើសជាតិ នឹងក្លាយជាចំណុចកំពូលនៃសមិទ្ធផល — ជាសាច់រឿងដ៏ស្រស់បំព្រងមួយ។ វាប្រហែលជាមិនមែនជាទីបញ្ចប់នៃអាជីពនោះទេ ប៉ុន្តែវានឹងក្លាយជាសាច់រឿងដ៏ស្រស់ស្អាត»។

 

ទោះជាយ៉ាងណាក៏ដោយ Ronaldo បានសង្កត់ធ្ងន់ថា រូបគេមិនបានបណ្តោយឱ្យការតាមដេញតាមកំណត់ត្រានេះមកគ្របដណ្តប់លើអារម្មណ៍ទាំងស្រុងនោះទេ។

 

រូបគេបាននិយាយថា៖ «ខ្ញុំបានសារភាពរួចហើយថាខ្ញុំចង់ទៅដល់ចំណុចនោះ ហើយខ្ញុំនឹងទៅឱ្យដល់។ តើវាជាការឈ្លក់វង្វេងឬ? គឺអត់នោះទេ… អ្វីដែលសល់គឺការរីករាយជាមួយវា និងរីករាយជារៀងរាល់ថ្ងៃ»។

 

ការពិភាក្សាដ៏មានផ្លែផ្កា

 

Ronaldo បានទទួលស្គាល់ថា រូបគេធ្លាប់បានគិតគូរអំពីអនាគតអន្តរជាតិរបស់ខ្លួន បន្ទាប់ពីព័រទុយហ្គាល់បានធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup ប៉ុន្តែការពិភាក្សាជាមួយសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ និងលោក Jesus បានបញ្ចុះបញ្ចូលឱ្យរូបគេបន្តដំណើរទៅមុខទៀត។

 

រូបគេបាននិយាយថា៖ «ពួកគេពឹងផ្អែកលើរូបខ្ញុំ។ ខ្ញុំនៅតែជឿជាក់ថាខ្ញុំអាចជួយក្រុមជម្រើសជាតិបាន។ ចំណុចសំខាន់បំផុតគឺសមត្ថភាពនៅលើទីលាន ក្នុងការស៊ុតបញ្ចូលទី និងជួយក្រុមឱ្យឈ្នះការប្រកួត»។

 

«ប្រសិនបើគ្រូបង្វឹកមិនត្រូវការរូបខ្ញុំទេ ខ្ញុំអាចចាកចេញនៅថ្ងៃនេះបានភ្លាមៗ — គ្មានបញ្ហាអ្វីទាល់តែសោះ… នៅពេលដែលខ្ញុំមានអារម្មណ៍ថាខ្ញុំមិនបានធ្វើអ្វីសោះនៅទីនេះ មិនបានរួមចំណែកនៅលើទីលាន មិនបានស៊ុតបញ្ចូលទី បង្កើតបរិយាកាសមិនល្អ ឬពួកគេមិនចង់បានខ្ញុំនៅទីនេះទេ ខ្ញុំនឹងក្លាយជាមនុស្សដំបូងគេដែលរៀបចំកាបូបចាកចេញ»។

 

នៅពេលត្រូវគេចោទសួរដេញដោលរឿងការចូលនិវត្តន៍ Ronaldo បានបដិសេធមិនកំណត់ពេលវេលាច្បាស់លាស់សម្រាប់អាជីពរបស់ខ្លួនឡើយ។

 

រូបគេបាននិយាយថា៖ «ខ្ញុំបានរៀនសូត្រអ្វីមួយចាប់តាំងពីវ័យជិត ៤០ ឆ្នាំមក ពោលគឺត្រូវរស់នៅក្នុងពេលបច្ចុប្បន្ន កុំគិតច្រើនអំពីថ្ងៃស្អែក»។

 

«តើវាអាចទៅរួចទេ? បាទ អាចទៅរួច។ តើវាមានកម្រិតប្រូបាប៊ីលីតេខ្ពស់ទេ? បាទ ខ្ពស់។ ប៉ុន្តែតើវានឹងកើតឡើងឬទេ? ខ្ញុំមិនដឹងនោះទេ»។

 

Ronaldo ក៏បានសម្តែងការខឹងសម្បារចំពោះការរិះគន់ផងដែរ ដោយបាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយបានព្យាយាម «សម្លាប់» រូបគេអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

 

រូបគេបាននិយាយថា៖ «រឿងនោះនឹងមិនកើតឡើងជាដាច់ខាត ទោះបីជាប្រើកាំភ្លើងវែងក៏ដោយ។ ហើយទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែអាចគេចផុតពីគ្រាប់កាំភ្លើងបានដដែល»។

...

 

Ronaldo អាចជានៅខ្វះ ២១ គ្រាប់ទៀតដើម្បីឈានដល់តួលេខ ៤ ខ្ទង់ ហើយប្រហែលជាខិតជិតផ្លូវដើរចេញជាងអ្វីដែលរូបគេហ៊ានទទួលស្គាល់ ប៉ុន្តែសម្រាប់ពេលនេះ រូបគេនៅតែស្ថិតនៅទីតាំងដែលរូបគេចូលចិត្ត៖ គឺនៅក្នុងអាវជម្រើសជាតិព័រទុយហ្គាល់ នៅចំពោះមុខកាមេរ៉ា និងគេចផុតពីការរិះគន់ដោយស្នាមញញឹម៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print