Eriksen ចាកចេញពី Wolfsburg ដោយការព្រមព្រៀងគ្នាទៅវិញទៅមក

ចែករំលែក៖

Christian Eriksen បានចាកចេញពីក្លិប Wolfsburg ដោយការព្រមព្រៀងគ្នាទៅវិញទៅមក គឺរយៈពេលជាង ៣ខែប៉ុណ្ណោះ បន្ទាប់ពីរូបគេបានដួលសន្លប់អំឡុងការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិដាណឺម៉ាក ជាមួយអ៊ុយក្រែន។

អតីតខ្សែបម្រើ Manchester United រូបនេះ មានកិច្ចសន្យាជាមួយក្រុមមកពីក្របខណ្ឌទី២ របស់អាល្លឺម៉ង់ រហូតដល់ខែមិថុនា ឆ្នាំ២០២៧។

Eriksen វ័យ ៣៤ឆ្នាំ ក៏ធ្លាប់ជួបប្រទះបញ្ហាគាំងបេះដូងអំឡុងការប្រកួតបើកឆាកក្នុងពូលរបស់ដាណឺម៉ាក ទល់នឹងហ្វាំងឡង់ នៅទីក្រុង Copenhagen ក្នុងព្រឹត្តិការណ៍ជើងឯកអឺរ៉ុបឆ្នាំ២០២១ ផងដែរ។

Eriksen បាននិយាយថា៖ «នៅពេលនេះ អ្វីដែលសំខាន់សម្រាប់ខ្ញុំ គឺការនៅក្បែរគ្រួសាររបស់ខ្ញុំនៅប្រទេសដាណឺម៉ាក។ ខ្ញុំរីករាយដែលយើងអាចស្វែងរកដំណោះស្រាយរួមគ្នាបាន»។

លោកបានបន្ថែមថា៖ «ពេលវេលារបស់ខ្ញុំនៅ Wolfsburg មានទាំងពេលវេលារីករាយ និងពេលវេលាលំបាកជាច្រើន។ ខ្ញុំដឹងថា ក្លិបនេះស្ថិតនៅក្នុងដៃដ៏ល្អ ហើយកំពុងខិតខំប្រឹងប្រែងដើម្បីត្រឡប់ទៅកាន់ក្របខណ្ឌ Bundesliga វិញ។ ខ្ញុំជឿជាក់ថា អនាគតដ៏ជោគជ័យកំពុងរង់ចាំក្លិបនេះ»។

Eriksen ដែលមិនបានចូលលេងចាប់តាំងពីខែមិថុនាមក បានចូលរួមជាមួយ Wolfsburg ក្នុងនាមជាកីឡាករគ្មានក្លិបកាលពីមួយឆ្នាំមុន បន្ទាប់ពីចាកចេញពី Manchester United។ រូបគេបានបង្ហាញខ្លួនសរុប ៣៤ប្រកួតឱ្យក្លិប។

កីឡាករដែលបានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិដាណឺម៉ាកចំនួន ១៥១ប្រកួតរូបនេះ ក៏ធ្លាប់លេងឱ្យ Ajax, Tottenham, Inter Milan និង Brentford ផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍ នាយកគ្រប់គ្រងផ្នែកកីឡារបស់ Wolfsburg លោក Dieter Hecking បាននិយាយថា៖ «វាច្បាស់ណាស់ថា ការសម្រេចចិត្តអំពីអនាគតរបស់គាត់ ត្រូវតែជាការសម្រេចចិត្តរបស់ Christian។

យើងចង់ផ្តល់សេរីភាពឱ្យគាត់ក្នុងស្ថានភាពពិសេសនេះ ហើយពេលនេះ យើងបានឯកភាពតាមសំណើរបស់គាត់ ក្នុងការបញ្ចប់កិច្ចសន្យា»។

...

លោកបន្ថែមថា៖ «ទោះបីជារយៈពេលរបស់គាត់នៅទីនេះខ្លីក៏ដោយ ក៏គាត់បានបន្សល់ទុកនូវការចងចាំដ៏មានតម្លៃចំពោះមិត្តរួមក្រុម បុគ្គលិក និងអ្នកគាំទ្ររបស់ក្លិប»៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print