Mark Zuckerberg បានរិះគន់ Apple ម្តងហើយម្តងទៀតក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ Meta កាលពីថ្ងៃពុធ ប៉ុន្តែបែរជាយកគំនិតមួយពីរបៀបបង្ហាញផលិតផលរបស់ Steve Jobs មកប្រើវិញ តាមរយៈការបង្ហាញផលិតផលថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលមួយ គឺឧបករណ៍ទំហំប្រហាក់ប្រហែលនាឡិកាហោប៉ៅ ដែលនាំភ្នាក់ងារ AI ឈ្មោះ Muse ដ៏ពេញនិយមរបស់ Meta ចូលទៅក្នុងពិភពជាក់ស្តែង។
ឧបករណ៍នេះមានឈ្មោះថា Muse Charm ហើយវាបង្ហាញពីការផ្លាស់ប្តូរទិសដៅកាន់តែទូលំទូលាយរបស់ក្រុមហ៊ុនបណ្តាញសង្គម Meta ដែលអស់រយៈពេលជាយូរមកហើយបានព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធប្រតិបត្តិការរបស់ Apple និង Google ដោយចង់បង្កើតវេទិកាផ្ទាល់ខ្លួន។
អ្នកប្រើប្រាស់អាចចុចលើឧបករណ៍នេះ ដើម្បីចូលប្រើ Muse ដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់កម្មវិធី AI នៅលើស្មាតហ្វូន។
កាលពីមុន Zuckerberg បានលើកស្ទួយគំនិត Metaverse ដែលជាពិភពឌីជីថលបែបស៊ីជម្រៅ និងជាគំនិតដែលជំរុញឱ្យក្រុមហ៊ុនប្តូរឈ្មោះពី Facebook ទៅ Meta ក្នុងឆ្នាំ២០២១ ដោយចាត់ទុកវាជាវេទិកាកុំព្យូទ័រជំនាន់បន្ទាប់។ ប៉ុន្តែបន្ទាប់ពីការភ្នាល់ដ៏មានតម្លៃថ្លៃមួយនេះមិនទទួលបានលទ្ធផលដូចការរំពឹងទុក លោកបានប្តូរមកមើល «ភាពវៃឆ្លាតផ្ទាល់ខ្លួនកម្រិតខ្ពស់» (personal superintelligence) ថាជារបកគំហើញដែលធំជាង និងមានសារៈសំខាន់ជាងក្នុងពេលនេះ។
Zuckerberg បាននិយាយក្នុងសន្និសីទប្រចាំឆ្នាំ Meta Connect ថា៖ «តាមពិត វាច្បាស់ណាស់ថា ភាពវៃឆ្លាតផ្ទាល់ខ្លួនកម្រិតខ្ពស់ នឹងមិនត្រឹមតែមកដល់មុនប៉ុណ្ណោះទេ ប៉ុន្តែវានឹងមានទំហំធំ និងមានសារៈសំខាន់ជាងនេះទៅទៀត។»
លោកបានបន្ថែមថា៖ «ដូច្នេះ យើងបានផ្លាស់ប្តូរការផ្តោតសំខាន់របស់យើង មកលើការបង្កើតឧបករណ៍ល្អបំផុតសម្រាប់ភាពវៃឆ្លាតផ្ទាល់ខ្លួនកម្រិតខ្ពស់»។
លោកក៏បានបញ្ជាក់ថា Muse នឹងមានវត្តមាននៅលើបណ្តាឧបករណ៍វ៉ែនតាឆ្លាតវៃរបស់ Meta ក្នុងពេលឆាប់ៗខាងមុខផងដែរ។
ការលើកឡើងនេះកើតឡើងបន្ទាប់ពី Muse ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក ដោយកម្មវិធីនេះទទួលបានការទាញយករាប់លានដង។ អ្នកវិភាគមួយចំនួនបានលើកឡើងថា វាអាចជាការបើកដំណើរការកម្មវិធីដ៏ធំបំផុតមួយនៅសហរដ្ឋអាមេរិក ចាប់តាំងពី ChatGPT ចេញនៅខែវិច្ឆិកា ឆ្នាំ២០២២ និងបានចាប់ផ្តើមជំរុញការរីកចម្រើននៃវិស័យ AI។
វិនិយោគិនក៏បានបង្ហាញការចាប់អារម្មណ៍ចំពោះសក្តានុពលរបស់ Muse ក្នុងការធ្វើស្វ័យប្រវត្តិកម្មការងារជាច្រើន ដូចជា ការកក់ជើងហោះហើរ និងការដាក់ពាក្យប្រកាសពន្ធ។ និន្នាការនេះបានជួយលើកតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនដៃគូមួយចំនួន ដូចជា Shopify ខណៈក្រុមហ៊ុនដែលត្រូវបានគេមើលឃើញថាអាចរងផលប៉ះពាល់ពីការរីកចម្រើនរបស់ AI ដូចជា Booking និង Intuit ដែលជាក្រុមហ៊ុនបង្កើតកម្មវិធី TurboTax បានប្រឈមនឹងសម្ពាធលើភាគហ៊ុន។
អាចទាក់ទាញ Gen Z ប៉ុន្តែការប្រើប្រាស់ទ្រង់ទ្រាយធំអាចជាបញ្ហាប្រឈម
អ្នកវិភាគបាននិយាយថា Muse Charm អាចទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់វ័យក្មេង ជាពិសេសនៅពេលដែលកាមេរ៉ាឌីជីថល ទូរស័ព្ទបែបបត់ និងម៉ាស៊ីនចាក់ MP3 កំពុងត្រឡប់មកទទួលបានការចាប់អារម្មណ៍ឡើងវិញ ដោយសារនិន្នាការនឹករលឹកអតីតកាល។
អ្នកប្រើប្រាស់ Gen Z ដែលមានអាយុប្រហែល ១៤ ដល់ ២៩ឆ្នាំ ច្រើនចាត់ទុកជំនួយការ AI ជាដៃគូសន្ទនា ឬជាដៃគូសម្រាប់បំផុសគំនិត ជាជាងគ្រាន់តែជាឧបករណ៍ស្វែងរកព័ត៌មាន។
ពួកគេច្រើនប្រើបច្ចេកវិទ្យាតាមរយៈសារសំឡេង វីដេអូខ្លីៗ និង Chatbot AI ខណៈអ្នកប្រើប្រាស់វ័យចាស់ជាងជាច្រើន មានភាពស៊ាំជាមួយកុំព្យូទ័រ និងកម្មវិធីស្មាតហ្វូនជាង។
Linda Sui ស្ថាបនិកក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Smart Analytics Global បាននិយាយថា៖ «Muse Charm អាចទទួលបានការចាប់អារម្មណ៍ពី Gen Z និងអ្នកប្រើប្រាស់វ័យក្មេង។ ការរួមបញ្ចូលគ្នារវាង AI ម៉ូដ និងការកំណត់លក្ខណៈផ្ទាល់ខ្លួន អាចទាក់ទាញអ្នកប្រើប្រាស់វ័យក្មេង ជាពិសេសប្រសិនបើវាមានតម្លៃសមរម្យ និងងាយស្រួលប្រើ។»
ឧបករណ៍នេះមានអេក្រង់ទំហំប្រហែល ២អ៊ីញ ឬប្រហែល ៥សង់ទីម៉ែត្រ ដែលអ្នកប្រើអាចបញ្ជាដោយប្រើមេដៃ។ នៅចំកណ្តាលអេក្រង់មានតួអង្គ Muse ដែលអាចកំណត់រូបរាងតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់។
ឧបករណ៍នេះមានម៉ូដឹម 5G ភ្ជាប់មកជាមួយ ដែលអាចឱ្យអ្នកប្រើចូលប្រើ Muse បាន ទោះបីគ្មាន Wi-Fi ក៏ដោយ។ ទោះជាយ៉ាងណា វាមិនអាចប្រើសម្រាប់ការហៅទូរស័ព្ទបានទេ។
Jitesh Ubrani នាយកផ្នែកស្រាវជ្រាវរបស់ IDC បាននិយាយថា៖ «វាអាចទាក់ទាញមនុស្សដែលមិនចង់ពាក់វ៉ែនតា ឬមិនទុកចិត្តលើវ៉ែនតាឆ្លាតវៃ។»
លោកបានបន្ថែមថា Muse Charm អាចធ្វើឱ្យមនុស្សមួយចំនួននឹកឃើញដល់ Tamagotchi ដែលជាសត្វចិញ្ចឹមនិម្មិតចម្រុះពណ៌ និងធ្លាប់ក្លាយជាបាតុភូតវប្បធម៌ដ៏ពេញនិយមនៅចុងទសវត្សរ៍ឆ្នាំ១៩៩០។
លោក Ubrani ក៏បានលើកឡើងថា ឧបករណ៍តូចបែបនេះអាចមានសមត្ថភាពដំណើរការ ម៉ូដែលភាសាខ្នាតតូច (small language model) នៅក្នុងឧបករណ៍ផ្ទាល់ ដែលមានន័យថា AI អាចដំណើរការបាននៅលើឧបករណ៍ដែលមានទំហំតូចបែបនេះ។
សំណួរដែលត្រូវរង់ចាំចម្លើយក្នុងប៉ុន្មានខែខាងមុខ គឺថាតើ Muse អាចរក្សាសន្ទុះនៃការរីកចម្រើនបានដែរឬទេ ហើយតើ Muse Charm អាចជួយពង្រីកការទាក់ទាញរបស់វាបានកម្រិតណា។
ឧបករណ៍ប្រភេទស្រដៀងគ្នានេះកន្លងមកមិនសូវទទួលបានជោគជ័យខ្លាំងទេ។ Rabbit R1 ដែលជាឧបករណ៍ AI ចល័តរបស់ក្រុមហ៊ុន Startup Rabbit Inc. មានអេក្រង់ និងប៊ូតុងមួយ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលបើកដំណើរការកាលពីដើមឆ្នាំ២០២៤ ប៉ុន្តែបន្ទាប់មកមិនទទួលបានលទ្ធផលល្អ ដោយសារការសន្យាអំពីសមត្ថភាព AI ច្រើនហួសការពិត និងបទពិសោធន៍ប្រើប្រាស់មិនមានស្ថិរភាព។
Linda Sui បាននិយាយថា៖ «ខ្ញុំនឹងប្រុងប្រយ័ត្នចំពោះសក្តានុពលរបស់វាក្នុងទីផ្សារទ្រង់ទ្រាយធំ។ ប្រសិនបើ Muse Charm មិនអាចផ្តល់មុខងារពិសេសដែលស្មាតហ្វូន នាឡិកា កាសស្តាប់ត្រចៀក ឬវ៉ែនតាឆ្លាតវៃ មិនអាចជំនួសបានដោយងាយទេ នោះវាទំនងជានៅតែជាឧបករណ៍ដែល “គួរមាន” សម្រាប់អ្នកប្រើប្រាស់ដំបូងៗ ជាជាងក្លាយជាផលិតផលដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ៕»










